ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ថានឹងពុំ​ដាក់​ពង្រាយ​​​​អាវុធ​នុយ​ក្លេអ៊ែរ​​ជាថ្មី​នៅកូរ៉េ​ខាង​ត្បូង​​ឡើយ​

14 ឆ្នាំ មុន

សហរដ្ឋអាមេរិក​និយាយ​កាលពី​ថ្ងៃទី​​១៤ឧសភា​កន្លងមក​​នេះ​ថា ពុំ​មាន​​​គម្រោង​​​ដាក់​ពង្រាយ​ជាថ្មី​នូវ​អាវុធ​នុយ​ក្លេអ៊ែរ​ តាក់​ទិក​ក្នុង​​ប្រទេស​កូរ៉េខាង​ត្បូងឡើយ ។​

អ្នក​នាំពាក្យ​របស់​​​ក្រសួង​ការបរទេស​​អាមេរិក​​​​ លោក​ស្រី​វិក​តូរីយ៉ា​ នូឡែន​ ក្នុង​​សន្និ​សីទ​សារព័ត៌​មាន​មួយ​ថ្លែង​ថា​ដូច​​លោក​អ្នក​ជ្រាប​​​ហើយ​​នយោ​បាយ​​របស់​​យើង​នៅ​​តែ​គាំទ្រ​​​ដល់​ការ​​​រំសាយ​នុយ​ក្លេអ៊ែរ​នៅឧបទ្វីប​កូរ៉េ​ ហើយ​​យើង​គ្មាន​​​គម្រោង​​​ណាមួយ​ផ្លាស់​ប្តូរនយោបាយ​​នោះទេ ។ លោក​​ស្រី​​អះអាង​​បែប​​នេះជាការ​​​ឆ្លើយ​តប​​ចំពោះ​សំណួរ​មួយ​លើការ​​​ធ្វើ​​​វិសោធន​កម្ម​ដែល​​អនុម័ត​​កាលពី​សប្តាហ៍​មុន​​ដោយ​​​គណៈ​កម្មការ​​ កងទ័ព​​របស់​​សភា​​អាមេរិក​​ ហើយ​​ដែលអាចអនុញ្ញាត​​ឱ្យ​មាន​ការ​ដាក់​ពង្រាយ​​អាវុធ​នុយ​ក្លេអ៊ែរ​​​តាក់ទិកកូរ៉េ​ខាងត្បូង ។​
​សមាជិក​​សភា​​កូរ៉េ​ខាងត្បូង​នៃ​គណបក្ស​​SAENURI  ដែល​​​កាន់​អំណាច​ លោក​CHUNG MONG-JOON ​ដែល​​​គ្រប់​គ្រង​​​តំណែង​​នេះ​​៧អាណត្តិ​មក​ហើយ​​​រួច​ទើប​​ប្រកាស​ឈរឈ្មោះ​បេក្ខជន​ប្រធានាធិបតី​​ថ្លែង​កាលពី​សប្តាហ៍​មុន​​ថា  ប្រទេសរបស់​លោក​​នឹង​ត្រូវ​​​ទទួល​​អាវុធ​នុយ​ក្លេអ៊ែរ​​​អាមេរិក​​​ថ្មី​ដើម្បី​​ប្រឈម​​​មុខនឹង​​ការគំរាម​​​កំហែង​​នុយក្លេអ៊ែរ​ពី​សំណាក់​​កូរ៉េ​​ខាងជើង ។​

​ពួកអ្នក​​​​សង្កេតការណ៍​​យល់​ថា ក្រុងព្យុង​យ៉ាង​​​​អាចធ្វើ​​ការសាក​ល្បង​នុយ​ក្លេអ៊ែរ​លើកទី​៣​​នាពេល​ខាង​មុខ​​ឆាប់​ៗនេះ​ ។​ អាមេរិក​​បាន​ដក​​អាវុធ​នុយ​ក្លេអ៊ែរតាក់ទិក​​​របស់​ខ្លួន​​ចេញពី​​កូរ៉េខាងត្បូង​​កាលពី​ឆ្នាំ​​១៩៩១ក្នុង​ក្របខណ្ឌ​នៃការ​កាត់​​បន្ថយ​គ្រឿង​សព្វា​វុធ ក៏ប៉ុន្តែ​ចាប់​តាំងពីពេល​​នោះ​​មក​តែង​អះអាង​ជាប់​ពីការ​សន្យា​ការពារ​​ប្រទេស​ជា​សម្ព័ន្ធ​​មិត្ត​នេះ​ក្នុង​​​នោះរួមទាំង​​​ការគំរាមកំហែង​​ដោយ​អាវុធ​នុយ​ក្លេអ៊ែរ​​​ផង ។

សហរដ្ឋអាមេរិក​​​មាន​ទាហាន​​ប្រមាណ​ជា​​២៨.៥០០​នាក់​នៅ​​កូរ៉េខាង​ត្បូង​ចាប់តាំងពី​​សង្គ្រាម​​​កូរ៉េ​ឆ្នាំ​១៩៥០​​ ហើយ​​​បញ្ចប់​ក្នុង​ឆ្នាំ១៩៥៣​មក  ៕​