ប៊ែត ហ្វូនិចបានប្រើពេលមិនដល់ធូបមួយសរសៃផងយកឈ្នះនាងអាលីសា ហ្វក់ដោយស្នៀតបោកពិសេសរបស់ខ្លួនឈ្មោះ Glam Slam។ ការតទល់គ្នារវាងតារាល្បីឈ្មោះរបស់សង្វៀនកីឡាកាស RAWទាំងពីរនេះត្រូវបានរៀបចំធ្វើនៅទីក្រុង Pittsburghរដ្ឋ Pennsylvaniaសហរដ្ឋអាមេរិកកាលពីរាត្រីថ្ងៃទី១៤ឧសភាត្រូវនឹងព្រឹកថ្ងៃទី១៥ឧសភានៅប្រទេសកម្ពុជា ។
មុនចាប់ផ្តើមការប្រកួត កីឡាការិនីទាំង២បានសម្តែងកាយវិកាក្រមិចក្រមើម ជាពិសេសនាងអាលីសា ហ្វក់។ បើទោះណាជានាងហ្វូនិចមានមាឌធំជាងយ៉ាងណាក្តី តែសម្រាប់អាលីសា ហ្វក់គឺហាក់ដូចជាគ្មានការញញើតឡើយ។ ខណៈសូរជួងប្រកួតបានបន្លឺឡើង នាងបានចូលទៅរកគូប្រកួតរបស់ខ្លួនដោយទឹកមុខញញឹមយ៉ាងស្រស់។
ការប្រកួតមួយប្រាវដំបូង ហ្វូនិចបានវាយសម្រុកយ៉ាងខ្លាំង តែមិនអាចធ្វើអ្វីលើអាលី ហ្វក់បានទេ។ ហ្វក់បានប្រើភាពរហ័សរហួនរបស់ខ្លួនគេចផុតពីស្នៀតវាយប្រហារគ្រប់លើក។ ផ្ទុយទៅវិញនាងថែមទាំងអាចវាយបកលើហ្វូនិចបានខ្លះៗទៀតផង ជាពិសេសនៅពេលដែលហ្វូនិចចាប់បោះនាងទៅជ្រុងសង្វៀន ហ្វក់បានកៀបកហ្វូនិចគ្រវាត់ដួលផ្កាប់មុខ។ ប៉ុន្តែក្នុងខណៈនាងហក់ទៅចង់ថែម ក៏ត្រូវហ្វូនិចវាយមួយដៃចំដើមទ្រូងដួលផ្ងារក្រោយយ៉ាងពេញទំហឹង។ នោះជាពេលដែលហ្វូនិចវាយសន្ធាប់ជាច្រើនដៃលើអាលីសា ហ្វក់។ បន្ទាប់មកនាងបានចាប់លើកទំលាក់អាលីសា ហ្វក់លើក្តាររេញ។ ឯនាងហ្វក់វិញមួយស្នៀតនេះពិតជាធ្វើឱ្យនាងឈឺចាប់គួរសម។ ឆ្លៀតពេលគូប្រកួតខ្លួនគ្មានឱកាសតដៃបាន ហ្វូនិចក៏ប្រើស្នៀតបោកពិសេសឈ្មោះ Glam Slamបោកហ្វក់ផ្ទប់លើក្តាររេញយកឈ្នះការប្រកួតជាស្ថាពរ។
បន្ទាប់ពីទទួលបានជ័យជម្នះ ហ្វូនិចហាក់មិនទាន់អស់ចិត្ត ហើយនាងក៏វាយសំពងលើហ្វក់បន្ថែមទៀត ប៉ុន្តែត្រូវបានរត់ចុះពីសង្វៀនយ៉ាងប្រញាប់ប្រញាល់បន្ទាប់ពីរងមួយស្នៀតរបស់នាងឡៃឡាម្ចាស់ខ្សែក្រវាត់ Divas Championដែលទើបបង្ហាញខ្លួននៅក្បែរសង្វៀន។ ការប្រកួតគូផ្សេងទៀតក្នុងរាត្រីនោះផងដែរ គ្រីស ជែរីកូបានយកឈ្នះរែនឌី អ័រថិនក្នុងសភាពDisqualification(ការប្រកួតដែលកីឡាករធ្វើខុសច្បាប់កំណត់)។ក្នុងខណៈដែលពួកគេទាំងពីរនាក់ប្តូរកណ្តាប់ដៃគ្នាឆ្អែតឆ្អន់លើសង្វៀន ការប្រកួតក៏បានធ្លាក់ទៅក្រៅសង្វៀន។ នៅពេលនោះជែរីកូបានចាប់បោះអ័រថិនទៅលើស៊ីមើសដែលកំពុងអង្គុយនៅតុអ្នកអត្ថាធិប្បាយ។
ទោះជាយ៉ាងណាក្តី ការ ប្រកួតបានវិលមកលើសង្វៀនវិញ ហើយនោះក៏ជាពេលដែលអ័រថិនប្រើស្នៀតពិឃាត DDTលើជែរីកូដែរ។ អ័រថិនបរាជ័យប្រើស្នៀតពិឃាតបញ្ចប់ការប្រកួត RKOខណៈគេរៀបវាយប្រហារ ស៊ីមើសចាប់ទាញជែរីកូទម្លាក់ពីលើសង្វៀនធ្វើឱ្យការប្រកួតត្រូវបញ្ចប់ក្នុងបច្ចេកទេស Disqualification៕









ចែករំលែកព័តមាននេះ