ខេត្តកំពង់ស្ពឺ ៖ រថយន្តទួរីសបើកគេចរថយន្តមួយគ្រឿង បានទៅបុករថយន្តកុងតឺន័រដែលខូចចតនៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យអ្នកជិះក្នុងរថយន្ត៦នាក់ ក្នុងនោះប្រុសម្នាក់ ជាបើកបររថយន្តរងរបួសទាំងអស់គ្នា គឺរបួសធ្ងន់៣នាក់ និងស្រាល៣នាក់ កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៤ ឧសភា លើកំណាត់ផ្លូវជាតិលេខ៤ ខាងលិចផ្សារវត្តវឌ្ឍនាចាស់ ស្រុកសំរោងទង ។
អ្នករបួសធ្ងន់៣នាក់រួមមាន អ្នកបើកបរឈ្មោះឈឿន ឈិត អាយុ៤៨ មានទីលំនៅភូមិសំប៉ាន ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ របួសបែកក្បាលនិងបែកចង្កា ឈ្មោះឈឿន ចាន់ថា កូនអ្នកបើកបរ អាយុ១៨ឆ្នាំ បាក់ដៃឆ្វេង និងជើងស្តាំ និងឈ្មោះហត់ សុខខៀ អាយុ២០ឆ្នាំ បាក់ជើងស្តាំ ។ ចំណែក៣នាក់ទៀតរងរបួសស្រាល១- ឈ្មោះអៀង សុខឃីម អាយុ២៦ឆ្នាំ របួសថ្ងាស ២- ឈ្មោះជួន សុភ័ណ្ឌ អាយុ២១ឆ្នាំ ទង្គិចក្បាលនឹងរថយន្ត និង៣- ឈ្មោះជួន សុដែន អាយុ១៩ឆ្នាំ រលាត់ដៃជើង ។ ស្ត្រីទាំង៥នាក់ជាកម្មការិនីរោងចក្រកាត់ដេរ ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តកុងតឺន័រ មួយគ្រឿងខូច ហើយត្រូវម្ចាស់ចតនៅចិញ្ចើមផ្លូវ បានដាក់សញ្ញាសម្គាល់ឱ្យដឹងនៅខាងមុខ តែមានរថយន្តដឹកបន្លែមួយគ្រឿងបើកកៀរទៅបាត់ ទើបរថយន្តទួរីសជិះគ្នា៦នាក់ ប្រុសម្នាក់ និងកម្មការិនី៥នាក់ បើកមកមិនឃើញមានស្លាកសញ្ញាបានបើកចៀសរថយន្តកុងទឺន័រ ដែលខូចនោះតែគេចមិនទាន់ផុតផង ស្រាប់តែមានរថយន្តមួយគ្រឿងទៀត បើកក្នុងទិសដៅបញ្ច្រាសគ្នាមកដល់ ទើបរថយន្តទួរីសគេចទៅស្តាំបុករថយន្តកុងទឺន័រ បណ្តាលឱ្យក្រឡកអ្នកនៅក្នុងរថយន្តរងរបួសទាំងអស់គ្នា ។ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈទាំងអស់គ្នា ៕




ចែករំលែកព័តមាននេះ