ខេត្តកំពង់ចាម៖ បុរសម្នាក់ខណៈពេលត្រឡប់មកពីទិញទឹកអាស៊ីតយកទៅចម្ការកៅស៊ូក៏ដួលម៉ូតូបណ្តាលឱ្យបែកប៊ីដុងខ្ទាតទឹកអាស៊ីតត្រូវមុខនិងភ្នែកទាំងសងខាងរបួសធ្ងន់ ។ ហេតុការណ៍ដែលស្មានមិនដល់នេះកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី១៥ ឧសភា នៅភូមិឈូក ឃុំត្រមោង ស្រុកមេមត់ ។
ជនរងគ្រោះឈ្មោះលុច ធន់ អាយុ២៦ឆ្នាំជាអ្នកដាំកៅស៊ូ មានទីលំនៅក្នុងភូមិឈូក ។ សាច់ញាតិដែលជូនជនរងគ្រោះទៅមន្ទីរពេទ្យព្រះកុសុមៈឱ្យដឹងថា គេជិះម៉ូតូសង់ចិន ស៊េរី២០០៨ ទៅទិញទឹកអាស៊ីតនៅផ្សារមេមត់ចំនួន២លីត្រ ដើម្បីយកទៅលាយជាមួយកៅស៊ូ ។ ពេលត្រឡប់មកពីទិញទឹកអាស៊ីតដល់ផ្ទះបានបន្តិចក៏រៀបចំអីវ៉ាន់និងយកទឹកអាស៊ីតនោះទៅចម្ការកៅស៊ូ ។ ពេលជិះម៉ូតូចេញពីផ្ទះទៅចម្ការកៅស៊ូបានចម្ងាយជាងកន្លះគីឡូម៉ែត្រ ស្រាប់តែរអិលម៉ូតូដួលដោយសារតែមេឃភ្លៀងកាលពីយប់ផ្លូវបែកភក់រអិល បណ្តាលឱ្យធ្លាក់ប៊ីដុងទឹកអាស៊ីតបែកនិងខ្ទាតជះមកលើមុខនិងភ្នែករោលខ្លោចខ្មៅ និងប៉ះដៃជើងរលាកតិចតួច ។
ជនរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម រួចបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ តែមិនទាន់មានការបញ្ជាក់អះអាងថា គេអាចត្រូវងងឹតភ្នែក ឬបែបណាទេ ៕
ចែករំលែកព័តមាននេះ