ខេត្តកំពត៖ រទេះគោដឹកអុសចំនួន៣គ្រឿង បានត្រូវរថយន្តយីឌុបបុកពីក្រោយជាបន្តបន្ទាប់គ្នាបណ្តាលឱ្យរទេះមួយគ្រឿងបាក់ខ្ទេចទាំងស្រុង និងពីរគ្រឿងទៀតរងការខូចខាត ព្រមទាំងងាប់គោអស់២ក្បាល របួសធ្ងន់១ និងស្រាល៣ក្បាល ហើយអ្នកបរទេះរបួសធ្ងន់ម្នាក់ ។ គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៣នាទីយប់ថ្ងៃទី១៤ ឧសភា នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខវត្តដងទង់ ស្រុងដងទង់ ។
ជនរងគ្រោះដែលរបួសធ្ងន់ឈ្មោះផុង ទឹម ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអូរកណ្តុរ ឃុំដងទង់ ស្រុងដងទង់ ។ តាមក្រុមគ្រួសារឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះនិងអ្នកភូមិនៅផ្ទះជិតគ្នា២នាក់ទៀតបានបររទេះគោម្នាក់មួយគ្រឿងទៅរកកាប់អុសនៅកោះស្លា រហូតដល់ម៉ោងជាង៩យប់បានអុសពេញរទេះក៏នាំគ្នាត្រឡប់មកផ្ទះវិញ ។ ខណៈពេលបររទេះមកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្តយីឌុបមួយគ្រឿងបើកមកពីក្រោយបុកពេញទំហឹងបណ្តាលឱ្យរទេះទាំង៣គ្រឿងបុកបន្តគ្នា ក្នុងនោះអ្នកបររទេះខាងមុខនិងខាងក្រោយឈ្មោះនុច ខាន និងឈ្មោះធី លោតចេញផុតពីរទេះមិនមានរងរបួស ។ ដោយឡែកអ្នកបររទេះនៅកណ្តាលត្រូវផ្លោងទៅបោកនឹងរថយន្តធ្លាក់បោកក្បាលសន្លប់ ហើយរទេះក៏ត្រូវបាក់ខ្ទេចខ្ទី និងអុសនៅលើរទេះរុញទៅបុកគូទគោដែលទឹមរទេះនៅខាងមុខងាប់ទាំង២ក្បាល ។
ជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពត តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យព្រះកុសុមៈ ឯរាជធានីភ្នំពេញទៀត ចំណែករថយន្តត្រូវបានសមត្ថកិច្ចចាប់ឃាត់
ទុក ៕


ចែករំលែកព័តមាននេះ