រាជធានីភ្នំពេញ ៖ រថយន្ដកូរ៉ូឡា ពណ៌ទឹកប្រាក់ ស៊េរី៩៨ មួយគ្រឿង បានជ្រុលចង្កូតទៅបុករបាំងដែកពុះចែកទ្រូងផ្លូវដួលរដូករណែលអស់ចំនួន៦ផ្ទាំង ហើយខ្ទាតទៅប៉ះប៉ូលិសម្នាក់បណ្ដាលឱ្យរងរបួសថែមទៀត ។ ទោះជាបែបណា ក្រោយពីបុករបាំងដែកពុះចែកទ្រូងផ្លូវបង្កឱ្យមន្ដ្រីប៉ូលិសម្នាក់រងរបួស ហើយរថយន្ដបង្កបានព្យាយាមបើករត់គេចជាង៥០០ម៉ែត្រ ចូលទៅផ្លូវលំមួយ ក៏ត្រូវប៉ូលិសតាមប្រមាញ់ចាប់បាន ខណៈរថយន្ដនេះបើករហូតទាល់តែដាច់កង់ក្រោយ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ឧសភា ២០១២ ស្ថិតនៅខាងលិចស្ដុបផ្សារដីហុយ តាមបណ្ដោយមហាវិថីសហ ព័ន្ធរុស្ស៊ី ក្នុងភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុរថយន្ដកូរ៉ូឡាពណ៌ទឹកប្រាក់ បើកដោយបុរសម្នាក់រួមដំណើរដោយមិត្ដស្រី២នាក់ និងមិត្ដភក្ដិ៣នាក់ទៀត តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្ដបានជ្រុលចង្កូតទៅបុករបាំងដែកពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យដួលអស់៦ផ្ទាំង ហើយខ្ទាតទៅត្រូវមន្ដ្រីប៉ូលិសម្នាក់ដែលកំពុងជិះម៉ូតូ ពីលិចទៅកើត ក្នុងដំណើរបញ្ច្រាសទិសគ្នាបណ្ដាលឱ្យដួលម៉ូតូទៅលើថ្នល់រងរបួសផងដែរ ។ ប្រភពឱ្យដឹងបន្ដថា ក្រោយពីបុករបាំងដែកហើយរថយន្ដបង្កបានបើកបញ្ច្រាសទិសរត់ដោយបត់ឆ្វេងចូលទៅផ្លូវលំឆ្ពោះទៅទិសខាងជើង តាមបណ្ដោយផ្លូវភ្នំពេញ ប៉ុន្តែដោយសារបែកកង់ក្រោយផ្នែកខាងឆ្វេង ហើយប៉ូលិសបានតាមប្រមាញ់ផងនោះក៏ត្រូវឃាត់ជាប់តែម្ដង ។
ក្រោយពីឃាត់រថយន្ដប៉ូលិសអន្ដរាគមន៍និងប៉ូលិសចរាចរខណ្ឌសែនសុខ បានប្រគល់រថយន្ដបង្កទៅឱ្យប៉ូលិសចរាចរជើងគោករាជធានីភ្នំពេញ ស្ទូចយកទៅរក្សាទុកនៅការិយាល័យ ដើម្បីរង់ចាំការដោះស្រាយ ។ ចំពោះរថយន្ដបានខូចខាតអស់មួយចំហៀងខាងឆ្វេងស្ទើរទាំង ស្រុង ៕


ចែករំលែកព័តមាននេះ