ជើងឯកអូឡាំពិក២ជំនាន់សញ្ជាតិហ្សាម៉ាអ៊ីកយូសេន បូល តាមការបញ្ជាក់ឱ្យដឹងពីអ្នករៀបចំកម្មវិធីកាលពីថ្ងៃចន្ទសប្តាហ៍នេះថា នឹងទៅចូលរួមប្រកួតក្នុងកម្មវិធី Zurich Diamond Leagueដែលនឹងចាប់ផ្តើមនៅថ្ងៃទី៣០ខែសីហាខាងមុខ។
កាលពីសប្តាហ៍កន្លងទៅ យូសេន បូលដែលជាម្ចាស់ជើងឯកពិភពលោករត់ចម្ងាយ១០០និង២០០ម៉ែត្រដែរនោះ បានបើករដូវកាលប្រកួតរបស់ខ្លួនជាមួយនឹងជ័យជម្នះក្នុងកម្មវិធី Jamaica International Invitationalជាមួយនឹងថិរវេលា ៩.៨២វិនាទី។
ថ្លែងប្រាប់ទីភ្នាក់ព័ត៌មាន AFP បូលបានបញ្ជាក់ថា៖«កម្មវិធីប្រកួតនៅក្រុង Zurich ជារឿយៗត្រូវបានគេហៅឈ្មោះថាជាព្រឹត្តិការណ៍អូឡាំពិករយៈពេលមួយថ្ងៃ។ ខ្ញុំសង្ឃឹមថា នៅឆ្នាំនេះ វានឹងក្លាយជាការប្រកួតពិសេសមួយខណៈព្រឹត្តិការណ៍អូឡាំពិកក្រុងឡុងទើបបញ្ចប់បាន១៨ថ្ងៃ»។
សម្រាប់យូសេន បូល នេះគឺជាការបង្ហាញខ្លួនលើកទី៥ហើយក្នុងក្រុង Zurich។ ការចូលរួមរបស់គេនៅទីនេះកាលពីឆ្នាំ២០០៦និង២០០៧ បូលដណ្តើមបានចំណាត់ថ្នាក់លេខ២លើវិញ្ញាសារត់ចម្ងាយ២០០ម៉ែត្រ។ បន្ទាប់មកក្នុងឆ្នាំ២០០៨និង២០០៩ គេដណ្តើមបានជើងឯកលើវិញ្ញាសារត់ចម្ងាយ១០០ម៉ែត្រ។ ជ័យជម្នះពីរលើកចុង ក្រោយរបស់គេកាលពីពេលនោះ បានកើតមានបន្ទាប់ពីព្រឹត្តិការណ៍អូឡាំពិកក្រុងប៉េកាំងឆ្នាំ២០០៨។
លោក Patrick Magyarប្រធាន Zurich Diamond Leagueបានថ្លែងថា៖«យូសេន បូលគឺជាអត្តពលិករត់ប្រណាំងដែលមានប្រជាប្រិយភាពបំផុតក្នុងសហស្សវត្សនេះ។ យើងរីករាយដែលគេវិលត្រឡប់មកក្រុង Zurichជាថ្មី។ ២០១២គឺជាឆ្នាំដ៏ពិសេសមួយនៃកម្មវិធីប្រកួតរបស់យើង។ Zurich Diamond Leagueនឹងរៀបចំធ្វើ១៨ថ្ងៃក្រោយពីព្រឹត្តិការណ៍អូឡាំពិកក្រុងឡុងប្រទេសអង់គ្លេស-គឺជាកាលបរិច្ឆេទល្អវិសេសមួយនៃប្រតិទិនប្រកួត។ កាលបរិច្ឆេទនេះបានជួយឱ្យយើងបានបង្ហាញជូននូវអត្តពលិកកំពូលៗក្នុងលោកក្នុងកម្មវិធីប្រកួតនានារបស់យើង »។
ក្រៅពីការទៅចូលរួមព្រឹត្តិការណ៍នៅប្រទេសស្វ៊ីស យូសេន បូលក៏គ្រោងទៅចូលរួមក្នុងព្រឹត្តិការណ៍រត់ចម្ងាយ១០០ម៉ែត្រនៅក្រុងអូស្ត្រាវ៉ា ប្រទេសឆែក នាថ្ងៃទី២៥ឧសភាផងដែរ។ បន្ទាប់ពីនោះ គេនឹងទៅចូលរួមរត់ចម្ងាយ១០០ម៉ែត្រនៅក្រុងរ៉ូម ប្រទេសអ៊ីតាលីថ្ងៃទី៣១ ឧសភានិងក្រុងអូស្លូ ថ្ងៃទី៧មិថុនាផងដែរ។ ការប្រកួតចុងក្រោយរបស់គេមុនព្រឹត្តិការណ៍អូឡាំពិកក្រុងឡុងគឺនៅប្រទេសម៉ូណាកូ នាថ្ងៃទី២០ខែកក្កដា ៕
ចែករំលែកព័តមាននេះ