ខេត្តកំពត ៖ អ្នកបើកបរស្រវឹងធ្លាក់ភ្នែកម្នាក់បានបើករថយន្តបែនម៉ាកហ៊ីណូ កង់១២ ពណ៌ទឹកក្រូច មួយគ្រឿងបោះពួយទៅបុកបង្គោលរបងស៊ីម៉ង់ត៍នៅក្បែរផ្លូវបាក់រាបអស់៥ដើម ហើយធ្លាក់ចូលស្នាមភ្លោះ ឯព្រូខ្ទាតចេញតាមកញ្ចក់បណ្តាលឱ្យរងរបួស ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៤៤នាទីយប់ថ្ងៃទី១៤ ឧសភា នៅលើកំណាត់ផ្លូវជាតិលេខ៣ កំពត់-ខេត្តព្រះសីហនុ ខាងកើតសាលាឃុំកោះតូច ចម្ងាយប្រហែល៣០០ម៉ែត្រ ស្ថិតក្នុងភូមិកណ្តាល ឃុំកោះតូច ស្រុកទឹកឈូ ។
តាមប្រភពពីសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងនេះបានបើកយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតធ្លាក់ទៅក្នុងស្នាមភ្លោះខាងស្តាំងដៃ ក្រោយមកក៏បួងចង្កូតឡើងលើថ្នល់មកខាងឆ្វេងដៃវិញ រួចរថយន្តរត់ទទឹងថ្នល់យ៉ាងលឿនធ្លាក់មកស្នាមភ្លោះវិញ ដោយបុកបង្គោលរបងស៊ីម៉ង់ត៍នៅក្បែរថ្នល់បាក់រាបដល់ដីអស់៥ដើម ហើយជ្រុលទៅបុកកូនដើមត្នោតដែលនៅក្បែរស្នាមភ្លោះនោះបណ្តាលឱ្យរបើកកញ្ចក់មុខខ្ទាតព្រូចេញមកក្រៅរថយន្ត ព្រមទាំងមានខ្នើយឱបនៅជាប់នឹងមនុស្សមកជាមួយផង បង្កឱ្យរងរបួសឈាមហូរកក្លាក់ រីឯរថយន្តបានដាច់កង់មុខទើបអស់ល្បឿន។
ក្រោយពេលកើតហេតុ គេឃើញអ្នកបើកបរដើរចេញទាំងទ្រេតទ្រោតក្នុងសភាពស្រវឹង ធ្លាក់ភ្នែក ហើយបានដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ។ អ្នកឃើញហេតុការណ៍និយាយថា រថយន្តនេះក្រោយពេលបុកបង្គោលរបងស៊ីម៉ង់ត៍ រួចក៏ជ្រុលទៅបុកកូនត្នោតដែលនៅក្បែររបងនេះបង្កឱ្យរថយន្តខូចខាតធ្ងន់ធ្ងរ ដោយដាច់រ៉ូទីលកង់មុខបួន ។
អ្នកបើកបរបានប្រាប់អ្នកស្រុកដែលមកមើលហេតុការណ៍នេះថា នៅពេលរថយន្តរេចង្កូតធ្លាក់មកខាងស្តាំដៃខ្លួនខំប្រឹងបួងចង្កូតមករកថ្នល់វិញ តែជ្រុលចង្កូតក៏បានរត់ទទឹងផ្លូវធ្លាក់ទៅស្នាមភ្លោះម្តងទៀត បណ្តាលឱ្យរថយន្តបុករបងស៊ីម៉ង់ត៍ និងកូនត្នោតរួចដាច់រ៉ូទីលទាំងអស់ទើបអស់ល្បឿន ។ ក្រោយពេលកើតហេតុ គេពុំឃើញសមត្ថកិច្ចមកធ្វើអន្តរាគមន៍ទេ ចាត់ទុកជាសំណាងណាស់ ដែលហេតុការណ៍នេះកើតឡើងពេលយប់ ប្រសិនបើនៅពេលថ្ងៃវិញច្បាស់ជាមានគ្រោះថ្នាក់ធ្ងន់ធ្ងរជាងនេះ ៕


ចែករំលែកព័តមាននេះ