កីឡាករអេស្ប៉ាញ Francisco José Ventoso Alberdi បានសម្តែងក្តីរីករាយជាខ្លាំងក្រោយពីរូបគេយកឈ្នះដំណាក់ទី៩ប្រណាំងកង់កម្មវិធី Tour of Italyឬ Giro d’Italiaនៅប្រទេសអ៊ីតាលីកាលពីថ្ងៃទី១៤ខែសភា ។ ការប្រណាំងក្នុងដំណាក់នេះបានបញ្ចប់នៅទីក្រុង Frosinoneប្រទេសអ៊ីតាលី ។
Ventoso Alberdiដែលជិះកង់ឱ្យក្រុមMovistar Teamបានយកឈ្នះដំណាក់មានចម្ងាយផ្លូវ១៧១គីឡូម៉ែតចេញដំណើរពីទីក្រុង San Giorgio nel Sannioទៅកាន់ទីក្រុង Frosinoneប្រទេសអ៊ីតាលីដោយប្រើអស់ថិរវេលា៣ម៉ោង៣៩នាទីនិង១៥វិនាទីយកឈ្នះកីឡាករម្ចាស់ផ្ទះ Fabio Fellineជិះឱ្យក្រុមAndroni Giocattoliនិងឈ្នះកីឡាករម្ចាស់ផ្ទះម្នាក់ទៀតគឺ Giacomo Nizzoloរបស់ក្រុម RadioShack-Nissanដែលអ្នកទាំងពីរប្រើថិរវេលាច្រើនជាងស្មើៗគ្នា។
ថ្លែងបន្ទាប់ពីទទួលបានជ័យជម្នះ Ventoso Alberdiបញ្ជាក់ថា៖«ខ្ញុំមកប្រណាំងនៅទីនេះគឺធ្វើយ៉ាងណាយកឈ្នះឱ្យបានមួយដំណាក់ តែយ៉ាងណា គោលដៅធំរបស់យើងគឺនាំមុខនៅលើតារាងថិរវេលាសរុប។ ពេញមួយសប្តាហ៍ ខ្ញុំបានព្យាយាមធ្វើឱ្យខ្លួនឯងស្រស់ស្រាយជានិច្ច។ ទោះយ៉ាងណា យកឈ្នះការប្រណាំងនៅថ្ងៃនេះពិតជាពិបាកខ្លាំងណាស់។ មានកីឡាករជាច្រើនបានដួលនៅពេលប្រជែងគ្នា។ វាជាធម្មតាទេ ការប្រណាំងដែលមានគ្នាច្រេើនបែបនេះគេចមិនផុតពីប៉ះដៃចង្កូតគ្នាឡើយ»។
បើទោះណាកីឡាករអេស្ប៉ាញរូបនេះបានយកឈ្នះដំណាក់នេះក៏ពិតមែន ប៉ុន្តែនៅលើតារាងពេលវេលាសរុបគេពុំអាចដណ្តើមបានការនាំមុខនៅឡើយទេដ្បិត កីឡាករកាណាដា Ryder Hesjedalដែលបានបញ្ចប់ដំណាក់នេះក្នុងលំដាប់ទី៧នោះនៅតែសន្សំពេលវេលាបានយ៉ាងល្អបន្តគ្រងអាវកាក់ពណ៌លឿងក្នុងនាមជាអ្នកនាំមុខគេដដែល ។ វាជាថ្ងៃទី៣ហើយដែលកីឡាករកាណាដារូបនេះនាំមុខនៅលើតារាងថិរវេលាសរុប ។
ឆ្លងកាត់ការប្រណាំងចំនួន៩ដំណាក់មកនេះ Hesjedalដែលជិះកង់ឱ្យក្រុម Garmin- Barracudaប្រើអស់ថិរវេលាសរុបតិចជាងគេបំផុតគឺ៣៦ម៉ោង២នាទីនិង៤០វិនាទីនាំមុខកីឡាករអេស្ប៉ាញ Joaquim Rodriguez Oliverដែលប្រើថិរវេលាច្រើនជាង៩វិនាទី។ ឯកីឡាករម្ចាស់ផ្ទះ Paolo Tiralongoស្ថិតនៅលំដាប់ទី៣បន្ទាប់ពីបានប្រើថិរវេលាច្រើនជាង១៥វិនាទី ។ការប្រណាំងកម្មវិធី Tour of Italyឬ Giro d’Italiaឆ្នាំនេះមាន២១ដំណាក់និងមានចម្ងាយផ្លូវសរុប៣៤៧៦គីឡូម៉ែត្រ។ ដោយឡែកដំណាក់ទី១០ដែលជាដំណាក់បន្តមានចម្ងាយផ្លូវ១៨៧គីឡូម៉ែត្រដោយការប្រណាំងចាប់ចេញដំណើរពីទីក្រុង Civitavecchiaទៅកាន់ទីក្រុង Assisiប្រទេសអុីតាលី ៕
ចែករំលែកព័តមាននេះ