អាណា អ៊ីវ៉ាណូវិចកំពុងរៀបចំខ្លួនយ៉ាងល្អបំផុតត្រៀមដណ្តើមយកពានក្របខណ្ឌធំFrench Openជាលើកទី២ខណៈកាលពីថ្ងៃចន្ទ១៤ ឧសភា នាងយកឈ្នះជុំបើកឆាកប្រកួតកំដៅសាច់ដុំកម្មវិធី Internazionali BNL d’Italiaនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី។
អ៊ីវ៉ាណូវិចបានបំបាក់កីឡាការិនីរុស្ស៊ី ស្វេតឡាណា គូនេតសូវ៉ាក្នុងលទ្ធផលពីរសិតទល់នឹងសូន្យ៦-៤និង៦-៣ ។ ជ័យជម្នះលើកនេះគឺជាការលើកទឹកនិងក៏ជាការរៀបចំខ្លួនសម្រាប់ក្របខណ្ឌធំ French Open នៅទីក្រុងប៉ារីសរបស់នាងនាចុងខែនេះផងដែរ។
បើទោះជាមានខ្យល់បក់ខ្លាំងអំឡុងការប្រកួតលើតារាង Foro Italicoយ៉ាងណាក៏ដោយ តែនាងអ៊ីវ៉ាណូវិចនៅតែអាចបញ្ចប់គូប្រកួតដោយប្រើពេលត្រឹមតែ៧៣នាទីប៉ុណ្ណោះ។ ទាំងអ៊ីវ៉ាណូវិចនិងទាំងនាងគូនេតសូគឺសុទ្ធតែជាម្ចាស់ពានក្របខណ្ឌធំ French Open ដូចគ្នា។
នាងអ៊ីវ៉ាណូវិចបានយកឈ្នះក្នុងឆ្នាំ២០០៨ខណៈគូនេតសូវ៉ាឈ្នះក្នុងឆ្នាំ២០០៩។ ថ្លែងប្រាប់គេហទំព័ររបស់ WTA Tour អ៊ីវ៉ាណូវិចបញ្ជាក់ថា៖«វាពិតជាមានភាពពិបាកក្នុងការប្រកួត ជាពិសេសការវាយសឺវីសដ្បិតមានខ្យល់បក់បោកខ្លាំង តែយ៉ាងណា ខ្ញុំសម្រេចបាននូវលទ្ធផលល្អដែលនេះបានមកពីការខិតខំប្រឹងប្រែងហ្វឹកហាត់ជាមួយលោកគ្រូបង្វឹក»។
នៅជុំបន្ទាប់នាងនឹងជួបប្រកួតជាមួយកីឡាការិនីអ៊ីតាលី Alberta Briantiឬកីឡាការិនីអេស្ប៉ាញ Silvia Soler។ ឆ្លងផុតជុំទី១ក្នុងពេលជាមួយគ្នានោះមាន នាង Ekaterina Makarovaផងដែរ។ នាងបានយកឈ្នះកីឡាការិនីអ៊ីតាលី Francesca Schiavoneក្នុងលទ្ធផល៦-៣និង៦-៤ស្របពេលដែលនាង Anabel Medina Garriguesបំបាក់កីឡាការិនីចិន Jie Zhengក្នុងលទ្ធផល៦-២និង៦-១។
កីឡាការិនីអ៊ីស្រាអែលសាហា ភៀក៏បានចូលរួមក្តីរីករាយនឹងជ័យជម្នះក្នុងជុំទី១នេះផងដែរក្រោយពីបានយកឈ្នះកីឡាការិនីចិន Shuai Pengក្នុងលទ្ធផល៧-៦,៤-៦និង៣-១។ លទ្ធផលនៃការប្រកួតឯកត្តជនផ្នែកបុរសវិញ កីឡាករអាមេរិក John Isnerយកឈ្នះកីឡាករអាល្លឺម៉ង់ Philipp Kohlschreiberក្នុងលទ្ធផល២-៦,៧-៦និង៦-២ខណៈកីឡាករBernard Tomicឈ្នះកីឡាករ Santiago Giraldoក្នុងលទ្ធផល៤-៦,៦-២និង៦-៤។ ចំណែកកីឡាករបារាំង Gael Monfilsយកឈ្នះកីឡាករ Alex Bogomolov Jr.ក្នុងលទ្ធផល ៦-៤និង៦-១ ៕


ចែករំលែកព័តមាននេះ