ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន ជប៉ុន​ កូរ៉េ​​​ខាង​ត្បូង​​​នឹង​ចរចា​​ពី​តំបន់​​ផ្លាស់​ប្តូរ​​​សេរីនា​ឆ្នាំ​នេះ​

14 ឆ្នាំ មុន

នាយក​​រដ្ឋមន្ត្រី​ចិន​​​លោក​វេន​ជាបាវ​​​គូស​បញ្ជាក់​​​កាលពី​​ថ្ងៃទី​​១៣ឧសភា​ថា​ចិន​ ជប៉ុន​ និង​កូរ៉េខាងត្បូង​​បាន​ព្រម​ព្រៀង​គ្នា​ធ្វើ​ការ​​ចរចា​ស្តីពី​ការ​បង្កើត​​តំបន់​ផ្លាស់​ប្តូរ​សេរី​នាដំណាច់​​ឆ្នាំ​​​នេះ ។​

លោក​​​​​វេន​ជាបាវ​​​​អះអាង​បែប​នេះ​ក្នុង​​សន្និសីទ​​​​សារព័ត៌​មាន​មួយបន្ទាប់ពី​​កិច្ច​ប្រជុំ​​កំពូល​​ត្រីភាគី​​ជាមួយ​នាយករដ្ឋមន្ត្រី​​ជប៉ុន លោក​យូស៊ីហ៊ីកូណូដា និង​ប្រធានាធិបតី​កូរ៉េ​​ខាងត្បូង​​លោក​​​លី​ម្យុងបាក់​ ។ ដោយ​​​ចាត់ទុក​កិច្ច​ព្រម​ព្រៀង​នោះ​ថាជាការ​សម្រេច​​ចិត្តខាង​យុទ្ធ​សាស្ត្រ​​​សំខាន់​មួយ​នាយក​រដ្ឋមន្ត្រី​ចិន​​ធ្វើ​ការ​​​កត់​សម្គាល់​​​​ថា​ប្រទេស​ទាំង៣​​ត្រូវធ្វើ​​ការ​ខិតខំ​​ប្រឹង​ប្រែង​​​​រួម​​ដើម្បី​​បង្កើត​តំបន់​​ផ្លាស់​ប្តូរ​​​សេរី​នោះ​ក្នុង​ពេល​​ដ៏ឆាប់​​ខាង​មុខ។ ​​លោក​​គូសបញ្ជាក់​ថា ភាគី​​ទាំង​៣​​​ក៏ឈាន​ដល់​​ការ​​​​ចុះ​​ហត្ថលេខា​​ផងដែរ ក្នុង​ឱកាស​​​នៃ​កិច្ច​ប្រជុំ​​នោះ​​លើ​កិច្ច​ព្រម​ព្រៀង​​មួយ​ដែល​​សំដៅជំរុញ​​​ សម្រួល និង​ការពារ​​វិនិយោគ​​​​​ទុន​ ។ លោក​​អះអាង​ថា​នោះ​នឹងជា​ឯកសារ​​ច្បាប់​ដ៏​សំខាន់​​​ដំបូង​​​លើ​កិច្ច​​​​សហប្រតិបត្តិការ​​ត្រីភាគី​ក្នុងវិស័យ​សេដ្ឋកិច្ច ។​

នាយក​រដ្ឋមន្ត្រី​​ចិន​​គូស​បញ្ជាក់​​ទៀតថា ​ភាគី​​​ទាំង៣​ក៏​បាន​ព្រម​ព្រៀង​​គ្នា​ដែរ ធ្វើ​ឱ្យ​​ស៊ីជម្រៅ​​ដល់​កិច្ច​សហប្រតិបត្តិការ​​​ខាង​ពន្ធដា​រ​​និង​​​ហិរញ្ញ​វត្ថុ​ព្រមទាំង​ជំរុញ​​ការ​ពង្រីក​​ផ្សារភាគ​ហ៊ុន​   អាស៊ី ។​​ទំនាក់ទំនង​​​ពាណិជ្ជ​កម្ម​​និង​សេដ្ឋកិច្ចត្រូវបាន​​គូសបញ្ជាក់​​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​​នោះ​​ហើយ​ពាណិជ្ជកម្ម​រវាង​​​ចិន ជប៉ុន និង​​កូរ៉េខាង​ត្បូង​មានការ​​​កើន​ឡើង​​យ៉ាង​ឆាប់​រហ័ស​​រយៈពេល​​​ប៉ុន្មាន​​​​ឆ្នាំ​​ចុង​ក្រោយ​នេះ ។  ​ពាណិជ្ជកម្ម​​ត្រីភាគី​​មានការ​កើន​ឡើង​៤ដង បើ​ប្រៀប​ធៀប​​​នឹង​ទំហំ​​​ត្រឹម​​១៣០​ពាន់​​លាន​ដុល្លារ​​​​កាលពី​ឆ្នាំ១៩៩៩​ ​ឡើង​ដល់​​៦៩០​ពាន់​​លាន​ដុល្លារ​​ក្នុង​ឆ្នាំ​​២០១១ ៕