ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​អំណោយ​​ដល់​ប្រជា​ពលរដ្ឋ​ក្រី​​ក្រ​​ចាស់​ជរា ​​ពិការ​​នៅ​សង្កាត់​​ស្ពាន​ថ្មី​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​ ៖ អំណោយ​​​ជា​​គ្រឿង​​ឧប​ភោគ ​បរិភោគ​ ថវិកា​​​​​​​ និង​សម្ភារ​​ផ្ទះ​បាយ​​មួយ​ចំនួន​​ជា​របស់​​អនុសាខា​កាក​បាទ​ក្រហម​ខណ្ឌ​ដង្កោ និង​មាន​ការ​ចូល​រួម​ពី​សហគមន៍​​មូល​និ​ធិ​នគរ​កាយ​វត្ត​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា​ ត្រូវលោក​នុត ពុធ​​ដារ៉ា ប្រធាន​​កិត្តិ​យស​​​អនុ​សាខា​កាក​បាទ​ក្រហម​កម្ពុជា និង​ជា​អភិបាល​ខណ្ឌ​ដង្កោ និង​ភរិយា​ រួម​ជា​មួយ​​មន្ត្រី​​ក្រោម​ឱវាទ​​នាំ​យក​ទៅ​ចែក​ជូន​ដល់​ប្រជា​ពលរដ្ឋ​​ក្រី​ក្រ​​ ចាស់​ជរា ពិការ​១០​គ្រួ​សារ ដែល​កំពុង​​ជួប​ការ​ខ្វះ​ខាត​ ។

ពិធី​នោះ​​ធ្វើ​ឡើង​​កាល​ពី​វេលា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា ​ឆ្នាំ​២០១២ នៅ​សង្កាត់​​ស្ពាន​ថ្ម ខណ្ឌ​ដង្កោ​ រាជ​ធានីភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​លោក​ថេង សុថុល ប្រធាន​​អនុសាខា​​កាក​បាទ​ក្រហម​ខណ្ឌ​ដង្កោ ព្រះ​​​​​​​​​​​​​តេជគុណ ខឹម សម្បត្តិ​ រាជា​គណៈ​ថ្នាក់​កិត្តិយស ព្រះ​វិន័យ​​​ធរ អនុគណ​ខណ្ឌ​​ឫស្សី​កែវ ចៅ​អធិការ​​វត្ត​ញាណ​រង្សី និ​ង​ជា​ប្រធាន​សហគមន៍​​មូល​និធិ​នគរ​កាយ​វត្ត​ព្រះ​ពុទ្ធ​​សាសនា​កម្ពុជា ព្រម​ទាំង​​​សប្បុរស​​ជន​ជា​ច្រើន​រូប​ទៀត ។

អំណោយ​​ដែល​នាំ​យក​ទៅ​ចែក​ជូន​ដល់​បង​ប្អូន​ លោក​យាយ​លោកតា ដែលជា​ចាស់​ជរា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិការ និង​ជន​ក្រី​ក្រ​​នា​ពេល​នោះ​​រួម​មាន​ អង្ករ​៥០​គីឡូក្រាម ថវិកា​១០​ម៉ឺន​រៀល មី​​២០​កញ្ចប់ ស្ករ​ស​២​គីឡូ​ក្រាម ​ព្រម​ទាំង​​សម្ភារ​​​​ផ្ទះ​បាយ​ជាច្រើន​មុខ​ទៀត​ ។ មិន​តែ​ប៉ុណ្ណោះ​​​ លោក​នុត​ ពុត​ដារ៉ា ​ និង​ភរិយា ព្រម​ទាំង​​ព្រះ​​តេ​ជ​គុណ​ខឹម សម្បត្តិ និង​មន្ត្រី​រួម​ដំណើរ​​បាន​ទៅ​សាក​សួរ​​សុខ​ទុក្ខ​​លោក​អ៊ុំ អ៊ុត ចៅ​សង្កាត់​​ស្ពាន​ថ្ម ដែល​ពេល​នេះ​កំពុង​មាន​​ជំងឺ​ និង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល ។

លោក​នុត​ ពុធ​ដារ៉ា​ ​ថ្លែង​​ថា ​អំណោយ​ទាំង​​នេះ ថ្មី​ដ្បិត​​តែ​តិច​​តួច​​ស្តួច​ស្តើង​មែន ប៉ុន្តែ​​បាន​មក​ពី​ការ​ស្វះ​ស្វែង​រក​ពី​សប្បុរស​​​ជន​នានា ទាំង​ព្រះ​សង្ឃ និង​គ្រហស្ថ ហើយ​អនុ​សាខា​​កាក​បាទ​ក្រហម​កម្ពុជា​ខណ្ឌ​​ដង្កោ ដោយ​មាន​ការ​ចូល​រួម​ចំណែកពី​​​​​​​​​ព្រះ​​តេជ​គុណ​​ខឹម សម្បត្តិ ប្រធាន​សហគមន៍​មូល​និធិ​​នគរ​កាយ​​វត្ត​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា ​នាំមក​ចែក​ជូន​ដល់​បង​ប្អូន​​ លោក​យាយ លោក​តាទាំង​អស់​នៅ​ក្នុង​សង្កាត់​ស្ពាន​ថ្ម និង​សង្កាត់​​ផ្សេងៗ​ទៀត​នៅ​ទូ​ទាំង​​ខណ្ឌ ។

លោក​នុត​ ពុធ​​ដារ៉ា ​បន្ត​ថា ​​​កន្លង​មក​គឺ​ជា​ការ​អនុវត្ត​តាម​ការ​ណែ​នាំ​របស់​អនុសាសន៍​​របស់​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន​ សែន ដែល​មិន​ទុក​ឱ្យ​​ប្រជា​ពលរដ្ឋ​​ណា​ម្នាក់​ស្លាប់​​ដោយ​អត់​បាយ​ទេ ឯ​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ប៊ុន រ៉ា​នី​ហ៊ុនសែន ក៏​បាន​ណែ​នាំ​​ឱ្យ​អាជ្ញា​​​ធរ​គ្រប់​​លំដាប់​ថ្នាក់​​​ស្រាវ​ជ្រាវ​ និង​ពិនិត្យ​​មើល​យ៉ាង​យក​​ចិត្ត​​ទុក​ដាក់​ពី​ជីវភាព​​ប្រជា​ពលរដ្ឋ​​ទី​​ទ័ល​​ក្រ​ ចាស់​ជរាពិការ ។

កន្លង​​មក​ក្នុង​នាម​​ជា​ប្រធាន​​កាក​បាទ​ក្រហម​កម្ពុជា​ ​លោក​ជំទាវ​តែ​ង​តែ​​ជួយ​​ដល់​បង​ប្អូន​​ជា​​បន្ត​បន្ទាប់​ ជា​ពិសេស​ប្រជា​ពលរដ្ឋ​ដែល​ជួប​​គ្រោះ​​ធម្មជាតិ​ផ្សេងៗ​ដូច​ជា ទឹក​ជំនន់  និង​ខ្យល់​ព្យុះ​ ព្រម​ទាំង​ភ្លើង​ឆេះ​ផ្ទះ​ជា​ដើម ។

​ព្រះ​តេជ​គុណ​ខឹម សម្បត្តិ ​មាន​សង្ឃ​ដីកាថា អំណោយ​​​ដែល​បាន​ចូល​រួម​ជា​មួយ​​​អនុសាខា​កាក​បាទ​​ក្រហម​ខណ្ឌ​ដង្កោ​នេះ គឺ​ជា​អំណោយ​បាន​មក​ពី​ពុទ្ធ​បរិស័ទ ​សប្បុរស​​ជន​នានា​​ប្រគេន​ដល់​ព្រះ​អង្គ​​ ប៉ុន្តែ​ព្រះ​អង្គ​មិន​ទុក​​ទេ គឺ​​យក​អំណោយ​​ទាំ​ង​នេះចែក​ជូន​ដល់​ជន​ក្រី​ក្រ​ជា​ការ​ងារ​មនុស្ស​​ធម៌​ចូល​រួម​ចំណែក​​ជា​មួយ​​​កាក​បាទ​ក្រហម ។ ម៉្យា​ង​ទៀត​​ប្រជា​ពលរដ្ឋ​​ទោះ​បី​ជា​ខ្លួន​ទី​ទ័ល​ក្រ​បែប​នេះ​ក្តី​ក្នុង​នាម​ជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​បង​ប្អូន​តែ​ង​តែ​យក​​ចង្ហាន់​ទៅ​វត្ត​​ប្រគេន​​ព្រះ​សង្ឃ ហើយ​ពេល​នេះ​ព្រះ​អង្គ​បាន​នាំ​អំណោយ​​​ទៅ​ឧបត្ថម្ភ​ដល់​បង​ប្អូន​វិញ​ជា​ការ​សង​គុណ និង​ជា​ការ​ចែក​រំលែក​ពេល​បង​ប្អូន​កំពុង​ជួប​ការ​លំបាក​ខ្វះ​ខាត​​ ហើយ​ការ​ងារ​ទាំង​​នេះ​ក៏​ជា​ការ​ចូល​រួម​ចំណែក​ជា​មួយ​​អា​ជ្ញា​ធរ​មូល​ដ្ឋាន​ និង​កាក​បាទ​ក្រហម​ផង​ដែរ ៕