ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ អាយុ៣៦ឆ្នាំ បានតុបតែងខ្លួនជា «ទេពមច្ឆា» ចូលហែលទឹកជាមួយហ្វូងត្រីបាឡែន និងដូហ្វាំង នៅក្នុងសមុទ្រ ដើម្បីឃោសនាបំផុសឱ្យមនុស្សងាកទៅអភិរក្សសត្វទាំងនេះ ។
នាងហាន់ណា ហ្វ្រេស័រ ជាស្ត្រីងប់ងុលនឹងរឿងព្រេងនាងទេពមច្ឆាតាំងពីនៅកុមារ និងហាត់រៀនច្នៃកន្ទុយជាទេពមច្ឆាតាំងពីអាយុ៩ឆ្នាំ ដោយទទួលកម្លាំងជំរុញចិត្តពីខ្សែភាពយន្តរឿង Splash ដែលមានតារាសម្តែងនាងដារីលហាន់ណា ដើរតួជាទេពមច្ឆា ។ បច្ចុប្បន្ននាងហាន់ណាហ្វ្រេស័ររស់នៅក្នុងទីក្រុងឡូស អេនចឺឡេស មានអាជីពជាតារាម៉ូដ និងតារាសម្តែង រួមទាំងធ្លាប់ហែលទឹកបណ្តើរជាមួយត្រីបាឡែន ដូហ្វាំង ត្រីបបែល ឬត្រីឆ្លាមទៀតផង ។
នាងហាន់ណាហ្វ្រេស័រ អាចអត់ដង្ហើមបានរយៈពេល២នាទី និងមុជទឹកបានជម្រៅ ៤៥ហ្វូត គឺប្រហែល១៣,៥០ម៉ែត្រ ហេតុនេះហើយទើបអាចហែលក្នុងទឹកសមុទ្រដ៏ជ្រៅបានប្រៀបដូចទេពមច្ឆា ដោយមិនបាច់មានឧបករណ៍ជួយផ្លូវដង្ហើម ។ នៅក្នុងរូបភាពដែលបង្ហាញនេះ ជាទិដ្ឋភាពរបស់នាងហាន់ណាហ្វ្រេស័រខណៈពេលកំពុងហែលជាគូជាមួយត្រីបាឡែន នៅខាងក្រៅបរិវេណកោះ «វ៉ាវ៉ាអូ» នៅប្រទេសតុងហ្គា ដើម្បីធ្វើការផ្សព្វផ្សាយក្នុងតំបន់អភិរក្សសមុទ្រ និងប្រឆាំងនឹងការនេសាទត្រីបាឡែនសម្រាប់ពិសោធន៍ផ្នែកវិទ្យាសាស្រ្ត ៕



ចែករំលែកព័តមាននេះ