ខេត្តកំពត ៖ អ្នកភូមិបួននាក់បានជួបជុំគ្នាផឹកស្រា.សក្លែមសាច់ឆ្កែ នៅផ្ទះរបស់ឈ្មោះនាក់ ប៊ឿន ក្រោយពីស្រវឹងជោកក៏កើតជារឿងទំនាស់ពាក្យសម្តីរួចឈានទៅប្រើហិង្សាកាប់គ្នានឹងពូថៅជាច្រើនពូថៅ បណ្តាលឱ្យជនរងគ្រោះម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១១ ឧសភា ២០១២ នៅលើផ្ទះផឹកស៊ីមួយ ស្ថិតក្នុងភូមិត្នោតចុងស្រង់ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ។
សមត្ថកិច្ចចុះទៅពិនិត្យកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងមានអ្នកភូមិបួននាក់បានជួបជុំគ្នាផឹកស្រា.សក្លែមសាច់ឆ្កែតាំងពីវេលាម៉ោង១១ថ្ងៃត្រង់នៅផ្ទះឈ្មោះនាក់ ប៊ឿន ភេទប្រុស នៅភូមិ-ឃុំខាងលើ ផឹករហូតដល់ម៉ោងជិត៨យប់ថ្ងៃដដែល ។ ក្រោយពីម្នាក់ៗស្រវឹងរៀងៗខ្លួនបានទាស់សម្តីគ្នានិយាយស្តាប់គ្នាលែងបាន ក៏ស្រាប់តែជនដៃដល់ដែលជាប្អូនម្ចាស់ផ្ទះបានរត់ចូលទៅក្នុងផ្ទះទាញពូថៅកាប់ជនរងគ្រោះដែលកំពុងអង្គុយនៅកន្លែងផឹកជាច្រើនពូថៅ បណ្តាលឱ្យសន្លប់នៅក្នុងថ្លុកឈាមរួចជនដៃដល់បានរត់គេចខ្លួនបាត់ ។ រីឯជនរងគ្រោះត្រូវបានអ្នកភូមិជួយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេក ជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅពាក់កណ្តាលផ្លូវ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ