ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​ភូមា​​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​ខ្លួន​វិល​ចូល​​ស្រុក​វិញ​ ខណៈ​មាន​ការ​កែ​ទម្រង់​​នយោ​បាយ​

14 ឆ្នាំ មុន

​លោក​ប្រធានា​ធិបតី​​ភូមា បាន​ជំរុញ​ឱ្យ​ប្រជា​​ជន​ខ្លួន​ដែល​ធ្វើ​អន្តោ​ប្រវេសន៍ ឬ​និរ​ទេស​ខ្លួន​ចូល​​ស្រុក​វិញ ស្រប​ពេល​ប្រទេស​ត្រូវ​ការ​បុគ្គ​លិក​ជំនាញ​ដើម្បី​ជួយ​បម្រើ​ការ​ងារ​កំណែ​ទម្រង់​ឱ្យ​បាន​រលូន​នោះ ។

មាន​ប្រជា​ជន​​ភូមា​រាប់​លាន​នាក់​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​មហា​ពុក​រលួយ និង​នយោ​បាយ​​​ក្រោម​ចុង​កា​ណុង​​កាំភ្លើង​យោធា នាំ​ឱ្យ​ប្រទេស​ជាតិ​កង្វះ​ខាត​អ្នក​ជំនាញ ដើម្បី​ជួយ​ចាត់​ចែង​សេដ្ឋ​កិច្ច​ដ៏​ធំ​សម្បើម​ និង​ការ​ផ្លាស់​ប្តូរ​នយោ​បាយ។

ហេតុ​នេះ​លោក​ប្រធានា​ធិបតី Tehin Sein បាន​ស្នើ​ឱ្យ​ប្រជា​ជន​​ភូមា​ដែល​ភៀស​ខ្លួន​ទៅ​នៅ​ប្រទេស​ផ្សេង​ៗ​​ដោយ​មូល​ហេតុ​​នយោ​បាយ​​វិល​ត្រឡប់​មក​ប្រទេស​វិញ ។

លោក​ប្រធានា​ធិបតី​​ថ្លែង​ថា សំណើ​ត្រូវ​បាន​ពង្រីក​​ជា​ដរាប​ដល់​ប្រជា​ជន​ភូមា ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​ទៅ​កាន់​បរ​ទេស​ដោយ​សារ​មូល​ហេតុ​ផ្សេង​ៗ​ឱ្យ​ត្រឡប់​ចូល​ស្រុក​វិញ ។ រដ្ឋ​នឹង​​ផ្តល់​ជំនួយ​ចាំ​បាច់​ទៅ​ឱ្យ​ពួក​គេ​វិញ​ប្រសិន​បើ​ពួក​គេ​មាន​បញ្ហា​លំបាក​ក្នុង​ការ​ប្រកប​របរ​ក្នុង​ស្រុក។

មាន​អ្នក​​ភៀស​ខ្លួន​​ជា​ច្រើន​​បាន​ត្រឡប់​ចូល​ប្រទេស​វិញ​​ដោយ​សារ​ការ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋ​កិច្ច និង​នយោ​បាយ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ចាប់​តាំង​ពី​លោក Thein Sein ​ចូល​កាន់​តំណែង​ជា​ប្រធានា​ធិបតី ។ ​អ្នក​រត់​ភៀស​ខ្លួន​ក្នុង​ចំណោម​ប្រជា​ជន​ជាង​៦០​លាន​នាក់​នោះ រួម​មាន​បុគ្គ​លិក​ជំនាញ​មួយ​ចំនួន​បាន​ទទួល​ភាព​ជោគ​ជ័យ​ក្នុង​ជីវិត​រស់​នៅ​ឯ​បរ​ទេស ។
មេដឹក​នាំ​បក្ស​ប្រឆាំង​លោក​ស្រី​អ៊ួង សាន់​ស៊ូជី ​បាន​ចូល​អង្គុយ​កៅអី​សភា បន្ទាប់​ពី​គណ​បក្ស​​របស់​លោក​​ស្រី​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​កាល​​ពី​ខែ​មេសា ហើយ​​មាន​អ្នក​ទោស​នយោ​បាយ​រាប់​រយ​នាក់​ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរី​ភាព បើ​ទោះ​ជា​មាន​មនុស្ស​មួយ​ចំនួន​ស្ថិត​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​​ក្តី ។

សហ​ភាព​​អឺរ៉ុប​បាន​ឆ្លើយ​តប​ចំពោះ​ការ​ធ្វើ​កំណែ​ទម្រង់​នោះ ដោយ​ពន្យារ​ពេល​មួយ​ឆ្នាំ​លើ​ការ​ធ្វើ​ពាណិជ្ជ​​កម្ម​នានា​ ដោយ​គ្មាន​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច ។ ចំណែក​សហ​រដ្ឋ​អាមេ​រិក​តែង​រក្សា​ការ​ដាក់​ទណ្ឌ​កម្ម​របស់​ខ្លួន​លើ​ប្រទេស​ភូមា​ សង្ឃឹម​ថា​នឹង​ប្រើ​វា​ជា​កម្លាំង​រុញ​ច្រាន​របប​នយោ​បាយ​របស់​ប្រទេស​មួយ​នេះ​ឱ្យ​បញ្ចប់​អំពើ​ហិង្សា​លើ​ជន​ជាតិ​ភាគ​តិច ៕