ខេត្តកំពង់ឆ្នាំង ៖ រន្ទះបានបាញ់សម្លាប់ស្ត្រីពីរនាក់នៅកន្លែង២ផ្សេងគ្នា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១២ ឧសភា នៅឃុំចំនួន២ក្នុងស្រុកកំពង់លែង ។
ករណីទី១-ស្ត្រីឈ្មោះផាន់ ឆាម អាយុ៤៨ឆ្នាំ រស់នៅភូមិក្រាំងជ្រេស ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានមកស៊ីឈ្នួលច្រូតស្រូវ និងស្នាក់នៅក្នុងភូមិដា ឃុំដា ស្រុកកំពង់លែង ហើយត្រូវរន្ទះបាញ់ស្លាប់នៅនឹងកន្លែង ខណៈកំពុងច្រូតស្រូវ ។
ករណីទី ២-ប្តីប្រពន្ធ២នាក់រស់នៅភូមិតាឡាត់ ឃុំស្វាយរំពារ បានជិះម៉ូតូទៅយកកូននៅឯស្រែ ។ លុះមកដល់ចំណុចទួលកន្ធរ មានភ្លៀងធ្លាក់ហើយពេលនោះផ្លូវរអិលមិនអាចជិះម៉ូតូបានប្តីប្រពន្ធក៏ចុះដើរដោយប្តីបណ្តើរម៉ូតូពីរមុខប្រពន្ធដើរពីក្រោយចម្ងាយប្រហែល២ទៅ៣ម៉ែត្រពីគ្នា ស្រាប់តែរន្ទះបាញ់ស្ត្រីជាប្រពន្ធបណ្តាលឱ្យដេកដួលស្លាប់នៅលើថ្នល់យ៉ាងអាណោចអាធ័ម ចំណែកប្តីដែលដើរពីខាងមុខគឺមិនបានរងរបួសអ្វីទេ ។ ស្ត្រីរងគ្រោះឈ្មោះហ៊ន ថាត អាយុ៤៤ឆ្នាំ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ