ប្រភពព័ត៌មានសន្តិសុខនិងការទូតគូសបញ្ជាក់កាលពីថ្ងៃទី១៣ ឧសភាថា ឯកអគ្គរដ្ឋទូតប៊ុលហ្គារីបានគេចផុតពីការប៉ុនប៉ងចាប់ពង្រត់នៅយេម៉ែន ដែលនៅទីនោះស្ថានទូតអូម៉ង់ ប្រចាំក្រុងសាណាបានបិទទ្វារក្រោយការគំរាមកំហែងភេរវកម្ម ។
ប្រភពព័ត៌មានសន្តិសុខមួយនិយាយថា ពួកជនប្រដាប់អាវុធបានឃាត់រថយន្តឯកអគ្គរដ្ឋទូតប៊ុលហ្គារីកាលពីថ្ងៃទី១២ឧសភា នៅកណ្តាលរដ្ឋធានី សាណាក្នុងគោលបំណងចាប់ពង្រត់ ក៏ប៉ុន្តែអ្នកការទូតរូបនេះអាចរត់គេចពីពួកគេចូលក្នុងហាងទំនិញទាំងឡាយដែលនៅក្បែរនោះ ។ ឧប្បត្តិហេតុនេះកើតមាននាវេលាម៉ោង១៧ម៉ោងក្នុងស្រុកតាមវិថីអាល់ហ្សេ ជាមហាវិថីពាណិជ្ជកម្មនាកណ្តាលរដ្ឋធានីយេម៉ែន ។ ពុំមានព័ត៌មានណាអាចទទួលបានថែមទៀតពីការប៉ុនប៉ងចាប់ពង្រត់ឯកអគ្គរដ្ឋទូតប៊ុលហ្គារីលោកបូវីសពួរសូវឡើយ ។
ក្រៅពីការប៉ុនប៉ងចាប់ពង្រត់ឯកអគ្គរដ្ឋទូតប៊ុលហ្គារី ស្ថានទូតអូម៉ង់ប្រចាំក្រុងសាណាបានបិទទ្វារហើយបុគ្គលិកការទូតបានចាកចេញពីយេម៉ែន ក្រោយទទួលនូវការគំរាមកំហែងភេរវកម្មនានាមក ៕
ចែករំលែកព័តមាននេះ