ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Olympus ខាតបង់ប្រាក់​ចំនួន​៤៨,៩៩​ពាន់លានយ៉េន

14 ឆ្នាំ មុន

កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ឧសភា ក្រុម​ហ៊ុន​​​​ Olympus បានប្រកាសពីការខាតបង់ប្រចាំ​ឆ្នាំគិតមក​ដល់ខែមីនា ឆ្នាំ២០១២ ថា​មាន​ចំនួន​៤៨,៩៩ពាន់លានយ៉េន ។ ការខាតបង់​ដោយ​សារការលាក់បាំង​នៃ​ការខាតបង់របស់ខ្លួន​ក្នុង​វិនិយោគ ដែលវាមិនត្រឹម​តែ​ប៉ះ​ពាល់​ចំពោះ​ខ្លួន​ឯង​ទេ តែវាបានប៉ះពាល់ដល់មុខមាត់​របៀបនៃការគ្រប់គ្រងក្រុមហ៊ុនក្នុងប្រទេសជប៉ុន ។

ពាក់ព័ន្ធរឿងលាក់បាំងនោះ បង្កើតឲ្យមាន ការប្តឹងផ្តលក្នុងតុលាការ ចាប់ខ្លួនអតីតនាយក​ប្រតិបត្តិចោទប្រកាន់ថា បាន​លាក់​បាំង​ការវិនិ​យោគខាត​បង់ប្រាក់ចំនួន១,៧ពាន់លានយ៉េន ។ រហូតមកដល់ពេលនេះការស៊ើបអង្កេតក្នុងក្រុមហ៊ុន​ពីសំណាក់រដ្ឋាភិបាល​នៅមិនទាន់បានបញ្ចប់នៅឡើយទេ ។

ក្រុមហ៊ុនបន្តថា ក្រុមហ៊ុនបានទទួលប្រាក់​ចំណូល៣,៨៧ពាន់លានយ៉េន ហើយវាជាចំនួន ច្រើនជាងការព្យាករណ៍ទៅទៀត ។
ក្រុមហ៊ុនដែលបានទម្លាក់ការព្យាករណ៍ប្រាក់ចំណូលរបស់ខ្លួនប្រចាំឆ្នាំគិតដល់ ខែមីនា ឆ្នាំ​២០១៣ ​និយាយថា មាន​ការ​កក់លក់​ចេញ​ចំនួន​៨៤៨,៥៥ពាន់លានយ៉េនក្នុងរយៈពេលចុង​ក្រោយ កើនឡើងបន្តិចពីឆ្នាំមុន ។ ក្រុមហ៊ុននិយាយថា​​ ការខាតបង់​រួម​បញ្ចូល​ទាំងការខាត់បង់ ​ពិសេសចំនួន៨,៨២ពាន់​លាន​យ៉េន ដែលរួមមានការវាយតម្លៃឡើងវិញនូវដើម របស់ក្រុមហ៊ុន ក៏​ដូច​ជាការខាត់បង់ពាក់ព័ន្ធនឹង ការរៀបចំកសាងប្រព័ន្ធពាណិជ្ជកម្មរបស់ក្រុម​ហ៊ុនផង ។

ក្រុមហ៊ុនមិនបានផ្តល់ព័ត៌មានលម្អិតទេ ប៉ុន្តែ​​បាន​និយាយបន្ថែមថា ការខាតបង់រួមមានការ​ចំណាយដើម្បីជម្រះបញ្ជី​ក្រុមហ៊ុន​កណ្តាល​​បី​ដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ ។ក្រុមហ៊ុន Olympus បានទិញក្រុមហ៊ុនកែច្នៃ កាកសំណល់ Altis ពីក្រុម​ហ៊ុន​កែ​សម្ផស្ស Humalabo និងក្រុមហ៊ុន microwave ឈ្មោះ​News Chef សរុបមានតម្លៃជិត​១​ពាន់​លាន​យ៉េន ។

តម្លៃ​ភាគហ៊ុនរបស់ក្រុមហ៊ុនធ្លាក់ចុះ៣ភាគ៤ពីតម្លៃដើមបន្ទាប់ពីមានរឿងអាស្រូវផ្ទុះឡើង បន្ទាប់ពីអតីត CEOជាតិអង់គ្លេស Michael Woodford កាលពីខែតុលា ឆ្នាំ២០១១ ។​ តម្លៃនាពេលនោះ​ធ្លាក់​ចុះពីតម្លៃ២.៤៨២យ៉េន​មកត្រឹមតែ៤២៤​យ៉េន។ ក្រោយមក​ឈ្មោះ​ក្រុម​ហ៊ុនស្ទើរតែ​ត្រូវបានលុបចេញពី​បញ្ជី​ផ្សារ​ហ៊ុន​ទី​ក្រុង​តូក្យូ ។

កាលពីខែមុនក្រុមហ៊ុនបានរៀបចំកិច្ចប្រជុំ ម្ចាស់ភាគហ៊ុន ដែលអ្នកវិនិយោគសម្រួល​សំណួរ​ដល់នាយកប្រតិបត្តិ​ក្រុមហ៊ុន​ពីការ​ស្តារក្រុមហ៊ុនឡើងវិញ ស្របពេលអតីត CEO ជាតិអង់គ្លេស​គំរាមចាត់វិធានការតាមផ្លូវច្បាប់ បន្ទាប់ពីក្រុមហ៊ុន​​សម្រេច​តែង​តាំងគណៈកម្មាធិការនាយកថ្មី ។ រហូតមកដល់ពេលនេះភាគហ៊ុនរបស់ក្រុម​ហ៊ុន Olympus បានកើនឡើង១,៣៤ភាគរយ ស្មើនឹង១.១៣០យ៉េននៅថ្ងៃព្រហស្បតិ៍ ទី៩​ ឧសភា បន្ទាប់ពីចេញរបាយការណ៍ ៕