ប្រមុខម្នាក់របស់ពួកឧទ្ទាមនៃកងកម្លាំងបដិវត្តន៍កូឡុំប៊ី FARC អះអាងថាក្រុមរបស់ខ្លួនពុំមានសល់ចំណាប់ខ្មាំងសម្រាប់គំរាមយកប្រាក់ឡើយ ។ ពួកFARC អះអាងបែបនេះក្នុងសារលិខិតមួយច្បាប់ផ្សាយកាលពីថ្ងៃទី១១ឧសភាកន្លងមកនេះ ។
មុនពេលក្រុមឧទ្ទាមនោះប្រកាសបោះបង់ចោលកាលពីដំណាច់ខែកុម្ភៈនូវការចាប់ពង្រត់មនុស្សក្នុងគោលបំណងទារប្រាក់លោះលោកអូស៊ីយ៉ាលូម៉ារីនដែលគេស្គាល់ក្រោមឈ្មោះសង្គ្រាមថាអុីវ៉ានម៉ាកេស អះអាងថា អ្នកទទួលខុសត្រូវទាំងឡាយនៃមណ្តាកងឯកភាពតំបន់របស់ពួក FARC បានពិគ្រោះពិភាក្សាគ្នា ។ ក្នុងសារលិខិតរបស់លោកប្រមុខឧទ្ទាមរូបនេះសរសេរថាការពិតគឺថាក្នុងចំណោមកងឯកភាពឧទ្ទាមទាំងនោះពុំមានកងឯកភាពណាមួយឃុំទុកមនុស្សក្នុងគោលបំណងនោះឡើយ ។ សារលិខិតនោះត្រូវបានផ្ញើដល់ទស្សនាវដ្តីកូឡុំប៊ី SEMANA បន្ទាប់ពីអត្ថបទមួយដែលក្នុងអត្ថបទនោះអ្នកកាសែតម្នាក់បានស្នើដល់ពួក FARC ឱ្យផ្តល់ព័ត៌មាននានាចំពោះបណ្តាសាច់ញាតិពួកចំណាប់ខ្មាំង ។
ពួកឧទ្ទាមFARC បានសន្យាកាលពីថ្ងៃទី១៦ កុម្ភៈថាបោះបង់ចោលការចាប់ពង្រត់មនុស្សទាមទារប្រាក់លោះសម្រាប់យកមកផ្គត់ផ្គង់ខាងហិរញ្ញវត្ថុ មុនពេលដោះលែងនាខែមេសានូវពួកប៉ូលិសនិងទាហានចុងក្រោយ ដែលពួកគេឃុំទុកជាចំណាប់ខ្មាំង ។ ក៏ប៉ុន្តែយោងតាមអាជ្ញាធរកូឡុំប៊ីថា ពួកឧទ្ទាមនៅឃុំទុកជនស៊ីវិលជាចំណាប់ខ្មាំងជាង១០០នាក់ទៀត ហើយអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះប្រទេសសេរីរហូតដល់លើកឡើងពីចំណាប់ខ្មាំងថាមានដល់៤០០នាក់ឯណោះ ៕
ចែករំលែកព័តមាននេះ