អង្គការសិទ្ធិមនុស្សស៊ីរី OSDH រាយការណ៍ថា ការប៉ះះទង្គិចគ្នាយ៉ាងខ្លាំងនានាកើតមានកាលពីថ្ងៃទី១២ឧសភារវាងកងកម្លាំងសន្តិសុខរបស់លោកប្រធានាធិបតីបាចា អាល់អាសាដ និងពួកបះបោរនៅភាគខាងជើងស៊ីរីបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៦នាក់ ។
រលកនៃអំពើហិង្សាថ្មីនេះកើតមានខណៈដែលក្រុមប្រឹក្សាជាតិស៊ីរី CNS ជាក្រុមប្រឆាំងប្រមូលផ្តុំក្រុមប្រឆាំងជាច្រើនបានរួមប្រជុំគ្នារយៈពេល៣ថ្ងៃនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី ដើម្បីពិភាក្សាពីការរៀបចំក្រុមមេដឹកនាំថ្មីដើម្បីប៉ុនប៉ងពង្រឹងក្រុមប្រឆាំងចម្រុះនេះហើយធានាឱ្យមានភាពជឿជាក់ ។
រយៈពេល១ខែហើយ ក្រោយការចូលជាធរមាននៃបទឈប់បាញ់គ្នា ហើយទោះបីមានវត្តមានរបស់អ្នកសង្កេតការណ៍អ.ស.ប ប្រមាណជា១៥០នាក់នៅលើទីលានក្តី ក៏ការប៉ះទង្គិចគ្នានៅបន្តទៀតក្នុងប្រទេសស៊ីរីដែលនៅទីនោះមនុស្សជាង៩.០០០នាក់បានត្រូវស្លាប់ចាប់តាំងពីពាក់កណ្តាលខែមីនាឆ្នាំ២០១១មក ។
យោងតាម OSDHថា ការប្រយុទ្ធគ្នាកើតមាននៅខេត្តអ៊ីដលីប ភាគខាងជើងប្រទេសជិតព្រំដែនតួកទី ។ ប្រជាជននៅអ៊ីដលីប យ៉ាងតិច២នាក់ស្លាប់ក្នុងការវាយឆ្មក់របស់កងទ័ពលើភូមិទាំងឡាយហើយទាហាន៤នាក់ស្លាប់និងយ៉ាងតិច៧នាក់ត្រូវរបួសខណៈដែលពួកឧទ្ទាមវាយប្រហារលើក្បួនរថយន្តយោធាមួយ ។
យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការស៊ីរីSANA ថា សមាជិកកងកម្លាំងសន្តិសុខយ៉ាងតិច២២នាក់ស្លាប់ជាពិសេសនៅអ៊ីដលីប ហូម និងដាម៉ាស់ ត្រូវបានបញ្ចុះនាថ្ងៃទី១២ឧសភា ។
នៅក្រុងដាម៉ាស់មានការប្រមូលផ្តុំមនុស្សយ៉ាងធំមួយដើម្បីគោរពវិញ្ញាណក្ខន្ធមនុស្ស៥៥នាក់ដែលស្លាប់ក្នុងការវាយប្រហារភេរវកម្ម២កាលពីថ្ងៃទី១០ឧសភាកន្លងមកនេះ ។ ក្នុងវីដេអូមួយចាក់ផ្សាយកាលពីថ្ងៃទី១២ឧសភាក្រុមអ៊ិស្លាមមួយមានឈ្មោះថារណសិរ្សអាល់នូស្ត្រា បានប្រកាសទទួលខុសត្រូវលើការវាយប្រហារទាំងនេះដែលសម្លាប់មនុស្សច្រើនបំផុត ៕
ចែករំលែកព័តមាននេះ