មនុស្សជាង២.០០០នាក់បានចូលរួមកាលពីថ្ងៃទី១២ឧសភាក្នុងសមាជមួយរបស់ពួកប្រឆាំងនៅកណ្តាលវាលនាទីក្រុងគៀវ ដើម្បីតវ៉ាប្រឆាំងនឹងរបបលោកប្រធានាធិបតីវិកទ័រអ៊ីយ៉ានូកូវិក ហើយទាមទារឱ្យដោះលែងពួកប្រឆាំងជាប់ឃុំឃាំងពិសេសអតីតនាយករដ្ឋមន្ត្រីលោកស្រីអ៊ីអ៊ូលីយ៉ា ទីម៉ូឆេនកូ ។
ពួកបាតុករបានប្រមូលផ្តុំគ្នានៅឯទីលានមួយនាកណ្តាលក្រុងគៀវ តាមការអំពាវនាវរបស់គណបក្សប្រឆាំងជាច្រើនក្នុងនោះមានគណបក្សរបស់លោកស្រីទីម៉ូឆេនកូ ដែលទទួលទោសជាប់គុក៧ឆ្នាំ ហើយពេលនេះបញ្ជូនទៅមន្ទីរពេទ្យពន្ធនាគារក្រោយលោកស្រីធ្វើកូដកម្មអត់អាហាររយៈពេលច្រើនថ្ងៃមក ៕
នាងអេវហ្គីនីញ៉ា ទីម៉ូឆេនកូ កូនស្រីលោកស្រីទីម៉ូឆេនកូ បានអានសារមួយរបស់ម្តាយនាងដែលកំពុងជាប់ឃុំឃាំងដោយក្នុងសារនោះលើកឡើងពីគម្រោងកែទម្រង់នយោបាយរបស់លោកស្រីដើម្បីធ្វើប្រជាធិបតេយ្យភាវូបនីយកម្មក្នុងប្រទេស។
បណ្តាមេដឹកនាំប្រឆាំងក៏លាតត្រដាងផងដែរ នាឱកាសនោះពីផែនការសកម្មភាពរួមសម្រាប់ការបោះឆ្នោតសភានាថ្ងៃទី២៨តុលាខាងមុខនេះដែលពួកលោកខាងលិចចាត់ទុកថាជាការសាកល្បងមួួយសម្រាប់រដ្ឋអំណាចអ៊ុយក្រែន ដែលទទួលរងការរិះគន់យ៉ាងខ្លាំងចំពោះការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យក្នុងអតីតសាធារណរដ្ឋសូវៀតនោះ ៕


ចែករំលែកព័តមាននេះ