នារីម្នាក់កំពុងបើករថយន្តលឿនដូចហោះ ត្រូវប៉ូលិសចរាចរស្ទាក់ហៅឱ្យឈប់ រួចសួររកប័ណ្ណបើកបរព្រោះបើកលឿនហួសល្បឿនកំណត់ តែនារីម្ចាស់រថយន្តតបៈ
-ជម្រាបលោកប៉ូលិស, ពេលនេះខ្ញុំគ្មានប័ណ្ណបើកបរបង្ហាញលោកទេ ព្រោះគេដកហូតវាពេលខ្ញុំបើករថយន្តទាំងស្រវឹងស្រាជាលើកទីបួនបាត់ទៅហើយ ។
ភ្នាក់ងារប៉ូលិសមើលមុខនាងរួចសង្កត់សំឡេង ៖
-អីយ៉ា, រឿងនេះកាន់តែមិនស្រួលហើយ ។ អ៊ីចឹងយកលិខិតទិញរថយន្តមកមើល ?
-លិខិតទិញរថយន្តក៏អត់មានដូចគ្នា ព្រោះរថយន្តមួយគ្រឿងនេះ មិនមែនរបស់ខ្ញុំផង ។ ខ្ញុំប្លន់នៅយានដ្ឋានមួយ បន្ទាប់ពីសម្លាប់ម្ចាស់យានដ្ឋាន ។ សពគាត់នៅក្នុងឃ្លុបរថយន្ត មិនទាន់មានពេលយកទៅចោលនៅឡើយទេ ។
ភ្នាក់ងារប៉ូលិសភ្ញាក់ថយក្រោយ ដៃម្ខាងត្រៀមដកកាំភ្លើង ដៃម្ខាងទៀតលើកវិទ្យុទាក់ទងហៅកម្លាំងជំនួយ ។ មិនយូរប៉ុន្មានលេចប៉ូលិសចរាចរ១០នាក់ទៀតមកដល់ ។ លោកប្រធានក្រុមដើរចូលដោយប្រុងប្រយ័ត្ន ដៃស្តាំគាត់ដាក់ក្បែរកាំភ្លើងសៀតនៅចង្កេះជានិច្ច ខណៈភ្នែកទាំងគូពិនិត្យមើលកាយវិការនាងជាប់រហូត ឱ្យតែឃើញអ្វីមិនស្រួលបាញ់ភ្លាម ។ លុះទាំងសងខាងនៅឃ្លាតគ្នាប្រហែលប្រាំម៉ែត្រ គាត់និយាយ៖
-ភ្នាក់ងារខាងណោះរាយការណ៍ថា ក្នុងឃ្លុបឡានអ្នកនាងមានសពមនុស្ស សូមនាងបើកឃ្លុបឡានឱ្យពួកខ្ញុំត្រួតពិនិត្យបន្តិច ។
នារីម្ចាស់រថយន្តប្រញាប់ប្រញាល់ធ្វើតាមការស្នើសុំ បើកឃ្លុបរថយន្តទាំងមុខទាំងក្រោយ។ ប្រធានក្រុមប៉ូលិសចរាចរបើកភ្នែកក្រឡង់ព្រោះអត់ឃើញអ្វី សូម្បីឈាមមួយតំណក់ក៏គ្មានផង កុំថាឡើយដល់សពមនុស្ស ។ ពិនិត្យសព្វគ្រប់រួចគាត់និយាយជាមួយនាង៖
-ខ្ញុំសុំមើលប័ណ្ណបើកបរ និងលិខិតទិញរថយន្ត ។
នារីម្ចាស់រថយន្តបើកកាបូបលូកយកទាំងពីរជូនប៉ូលិសតាមការស្នើសុំ ។ នាងបង្ហាញអាកប្បកិរិយាធម្មតា ហាក់ដូចអត់ដឹងមានរឿងអ្វីកើត ។ ម្តងនេះលោកប្រធានក្រុមប៉ូលិសចរាចរបន្ទាបសំឡេង៖
-សូមអ្នកនាងអភ័យទោសផង ។ ខ្ញុំមិនដឹងអ្នកនាងនិយាយយ៉ាងមិចទេ ។ លោកខាងណោះរាយការណ៍ប្រាប់ខ្ញុំថា អ្នកនាងអត់មានប័ណ្ណបើកបរ អត់មានលិខិតទិញរថយន្ត មិនតែប៉ុណ្ណោះក្នុងឃ្លុបរថយន្តអ្នកនាងមានសពមនុស្សទៀត ។
នារីម្ចាស់រថយន្តសើចញាក់ស្មាបន្តិច៖
-ប្រហែលគាត់រាយការណ៍ជម្រាបលោកថា ខ្ញុំបើករថយន្តលើសល្បឿនកំណត់ទៀតមែនទេ?
ចែករំលែកព័តមាននេះ