ផ្សារហ៊ុនពិភពលោក និងប្រេង ព្រមទាំងទំនិញផ្សេងៗធ្លាក់ចុះនៅថ្ងៃចន្ទ បន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីប្រទេសបារាំង និងការបោះឆ្នោតអនុម័តច្បាប់ថវិកាជាតិក្រិច ឃើញថា អ្នកកាន់អំណាចក្នុងតំណែងបាន ចាញ់ឆ្នោតបង្កើនឱ្យមានការភ័យខ្លាចបន្ថែមទៀតលើវិបត្តិប្រាក់បំណុលតំបន់អឺរ៉ុប ធ្វើឱ្យតម្លៃប្រាក់អឺរ៉ូធ្លាក់ចុះដូចគ្នា ។
បញ្ហាមួយទៀតដែលបន្តកាលពីសប្តាហ៍មុន ធ្វើឲ្យអត្រាភាគហ៊ុនធ្លាក់ចុះគឺទិន្នន័យការងាររបស់អាមេរិកកើនឡើងតិចតួចបង្កើតក្តីកង្វល់អំពីការស្តារសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ច ។
ផ្សារហ៊ុនសិង្ហបុរី Straite Time Index ធ្លាក់ចុះ២,៣៦ភាគរយគិតត្រឹមម៉ោង២និង៣នាទីខណៈផ្សារហ៊ុនជប៉ុនធ្លាក់ចុះ២,៧៨ភាគរយ ផ្សារហ៊ុនក្រុងស៊ីដនីធ្លាក់ចុះ២,១៦ភាគរយ ផ្សារហ៊ុនក្រុងសេអ៊ូលធ្លាក់ចុះ១,៦៤ភាគរយ ផ្សារហ៊ុនទីក្រុងហុងកុងធ្លាក់ចុះ២,៧១ភាគរយ ចំណែកផ្សារហ៊ុនសៀងហៃក៏ធ្លាក់ចុះ០,៤៩ភាគរយផងដែរ ។
លោកប្រធានាធិបតីបារាំង Nicolas Sarkozy បានចាញ់ឆ្នោតគូបដិបក្សមកពីគណបក្សសង្គមនិយមលោក Francios Hollande ដែលប្រើយុទ្ធសាស្ត្រឃោសនាផ្តោតទៅលើកំណើនសេដ្ឋកិច្ចក្រៅពីការកាត់បន្ថយការចំណាយដ៏ច្រើនសម្បើមដើម្បីកាត់បន្ថយឱនភាពប្រាក់ចំណូលថវិកាជាតិ ។
លោកស្រីអធិការបតីអាល្លឺម៉ង់Angela Markel និងលោកប្រធានាធិបតីចាញ់ឆ្នោតបារាំង Nicolas Sarkozy ព្រមព្រៀងគ្នាលើយុទ្ធសាស្ត្រកាត់បន្ថយការចំណាយថវិកាជាតិនៅទូទាំងតំបន់អឺរ៉ុបថា ជាមធ្យោបាយតែមួយគត់ក្នុងការបញ្ចៀសតំបន់ចេញពីវិបត្តិ។ តែក្រោយការបោះឆ្នោតក្នុងប្រទេសបារាំងបានបន្ថែមក្តីបារម្ភថា គម្រោងការសម្រាប់តំបន់អឺរ៉ុបអាចត្រូវដួលរលំ ។
ចំណែកធនាគារជាតិអូស្រ្តាលីបានវិភាគចំពោះការបោះឆ្នោតនៅប្រទេសបារាំងថា លោកHollande បានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីនោះមិនមែនជារឿងអ្វីគួរឱ្យភ្ញាក់ផ្អើលនោះឡើយ។ តែទោះជាយ៉ាងណា វាបានបង្ហាញយ៉ាងច្បាស់ថា យុទ្ធសាស្ត្រច្បាប់ពន្ធដារសម្រាប់តំបន់អឺរ៉ុបនឹងជួបការលំបាកយ៉ាងពិតប្រាកដ ព្រោះត្រូវឆ្លងកាត់ការបោះឆ្នោតសម្រេចទទួលយកម្តងទៀត ។
ធនាគារបន្តថា តើមានអ្វីនឹងកើតឡើងទៅលើវិធានការច្បាប់ពន្ធដារនោះ? វាប្រហែលគ្រាន់តែធ្វើឱ្យប្រាក់អឺរ៉ូកាន់តែធ្លាក់ចុះទេ មើលទៅ ។ ក្នុងទីផ្សារតម្លៃប្រាក់អឺរ៉ូ១អឺរ៉ូប្តូរបាន១,២៩៥ដុល្លារ កាលពីថ្ងៃចន្ទទី៧ ឧសភា វាជាអត្រាចុះទាបបំផុតគិតចាប់ពីចុងខែមករា បើធៀបជាមួយប្រាក់យ៉េនជប៉ុន ក៏មានការធ្លាក់ចុះដែរ ។ មួយអឺរ៉ូប្តូរបាន១០៣,២២យ៉េន ជាអត្រាទាបបំផុតគិតចាប់ពីពាក់កណ្តាលខែកុម្ភៈ។
ចំណែកប្រទេសក្រិច គណបក្សចំនួន២ គឺគណបក្សប្រជាធិបតេយ្យថ្មី និងគណបក្សឆ្វេង និយមPasok ទទួលការខាតបង់យ៉ាងខ្លាំងក្នុងការបោះឆ្នោតទូទៅ ។ នេះបង្ហាញថា ប្រជាជនបានគាំទ្រចំពោះការប្រឆាំងច្បាប់កាត់បន្ថយការចំណាយប្រមាណជាង៦០ភាគរយ ។ ម្យ៉ាងទៀតធ្លាប់មានប្រវត្តិឆ្លងកាត់រួចទៅហើយ ចំពោះការប្រឆាំងច្បាប់កាត់បន្ថយការចំណាយរបស់រដ្ឋ គឺការធ្វើបាតុកម្ម រហូតរដ្ឋាភិបាលបង្ខំចិត្តធ្វើការស្នើកញ្ចប់ប្រាក់ជំនួយ ។
លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងនោះ នាំឲ្យមានក្តីបារម្ភក្នុងប្រទេសចិន និងជប៉ុន ដែលជាម្ចាស់ប្រាក់បំណុលដ៏ច្រើនលើសលប់ក្នុងតំបន់អឺរ៉ុប ។ រដ្ឋាភិបាលក្រុងតូក្យូថា ខ្លួននឹងឃ្លាំមើលគោលនយោបាយសេដ្ឋកិច្ចរបស់លោក Hollande យ៉ាងដិតដល់បំផុត។ ចំណែករដ្ឋាភិបាលក្រុងប៉េកាំងថា ជ័យជម្នះរបស់លោកHollande មិនទាន់គ្រប់គ្រាន់ក្នុងការជីកយកប្រទេសបារាំងចេញពីរណ្តៅបានដែរ។ តួលេបញ្ជាក់យ៉ាងច្បាស់ថា វិស័យឯកជនក្នុងតំបន់អឺរ៉ុបធ្លាក់ចុះយ៉ាងគំហុកក្នុងខែមេសា ។
ផ្សារហ៊ុនអាមេរិកDow Jones Industrial Average ធ្លាក់ចុះ១,២៧ភាគរយ ផ្សារហ៊ុនមួយទៀត S&P 500 ធ្លាក់ចុះ១,៦១ភាគរយ ចំណែកផ្សារហ៊ុន Nasdaq ធ្លាក់ចុះ២,២៥ភាគរយ។ រីឯតម្លៃប្រេងក៏ធ្លាក់ចុះព្រោះបារម្ភពីតម្រូវការធ្លាក់ចុះ។ តម្លៃប្រេងនៅរសៀលថ្ងៃចន្ទ ទី៧ ឧសភា ធ្លាក់ចុះមកនៅ៩៧,០៤ដុល្លារក្នុងមួយបារែ៉ល ។ តម្លៃមាសកើនឡើងបន្ទាប់ពីថ្ងៃសុក្រសប្តាហ៍មុន ខណៈតម្លៃមាសកាលពីថ្ងៃចន្ទមានតម្លៃប្រហែល១.៦៣៨,៨ដុល្លារក្នុងមួយអោន៕
ចែករំលែកព័តមាននេះ