ក្រុងប៉ោយប៉ែត ៖ ប្រតិភូក្រសួងអប់រំនៃព្រះរាជាណាចក្រថៃនៅព្រឹកថ្ងៃទី៦ ឧសភា បានចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីធ្វើទស្សនកិច្ចស្វែងយល់ពីសក្តានុពលផ្នែកអប់រំរបស់កម្ពុជា នៅក្រុងប៉ោយប៉ែត ។ ប្រតិភូមួយក្រុមខាងលើមានគ្នា៨នាក់ជាមួយរថយន្តប្រភេទ១២កៅអីមួយគ្រឿងដឹកនាំដោយលោកស្រីស៊ុងផន ផឹងភូន មកពីខេត្តសមុទ្រប្រាកាន ប្រទេសថៃ ។ ប្រតិភូមួយក្រុមនេះ ត្រូវបានទទួលស្វាគមន៍ដោយតំណាងការិយាល័យអប់រំក្រុងប៉ោយប៉ែត និងគ្រូបង្រៀនមួយចំនួនបានទៅទទួលដល់ច្រកទ្វារផងដែរ ។
នាឱកាសនោះ ប្រតិភូថៃបានចូលពិនិត្យមើលសាលារៀនមួយចំនួនក្នុងក្រុងប៉ោយប៉ែត គឺសាលាបឋមសិក្សាព្រហ្មនិមិត្ត រួចបន្តដំណើរទៅសាលាផ្សេងៗទៀត។ លោកស្រីស៊ុងផន តំណាងក្រសួងអប់រំរបស់ព្រះរាជាណាចក្រថៃ បានប្រាប់ថា លោកស្រីមកកម្ពុជានេះ ក្នុងគោលបំណងចង់មើលពីរបៀបបង្រៀន និងអប់រំពីប្រទេសជិតខាងតើមានលក្ខណៈយ៉ាងដូចម្តេចខ្លះ ហើយលោកស្រីចង់ឱ្យវិស័យអប់រំនេះបានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកក្នុងនាមប្រទេសក្នុងតំបន់អាស៊ានជាមួយគ្នា ម្យ៉ាងដើម្បីត្រៀមឆ្ពោះទៅអាស៊ានរួមគ្នាក្នុងវិស័យអប់រំ ។ លោកស្រីជាគ្រូនៅសាលាវ៉ាត់យ៉ៃ ខេត្តសមុទ្រប្រាកាន ។
លោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានប្រាប់តាមទូរស័ព្ទនារសៀលថ្ងៃទី៦ ឧសភា ថា ប្រតិភូថៃមួយក្រុមខាងលើ តំណាងក្រសួងអប់រំថៃ ហើយការធ្វើទស្សនកិច្ចមកព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺដើម្បីស្វែងយល់ពីសក្តានុពលនៃផ្នែកអប់រំក្នុងខេត្តបន្ទាយមានជ័យ ពិសេសក្រុងប៉ោយប៉ែត ដើម្បីបានប្តូរបទពិសោធន៍គ្នា សម្រាប់បច្ចុប្បន្ន និងទៅថ្ងៃអនាគត ។ ប្រតិភូអប់រំថៃមួយក្រុមនេះ ក្រោយពេលចុះពិនិត្យមើលតាមសាលារៀនមួយចំនួនក្នុងក្រុងបានវិលត្រឡប់ទៅប្រទេសថៃវិញនារសៀលថ្ងៃដដែល ៕
ចែករំលែកព័តមាននេះ