ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃទំនិញរងការប៉ះពាល់ដោយសារ​ការរីកសាយនៃស្បៃងងឹតសេដ្ឋកិច្ចពិភពលោក

14 ឆ្នាំ មុន

តម្លៃទំនិញភាគច្រើនបានធ្លាក់ចុះកាលពីសប្តាហ៍មុនស្របពេលអ្នកពាណិជ្ជកម្មចាប់យកនូវ​សញ្ញាពីទិន្ន​ន័យទន់ខ្សោយរបស់សេដ្ឋ​កិច្ច​​ពិភពលោក ជា​ពិសេសរបាយ​ការណ៍ថ្ងៃសុក្រ​ដ៏​ស្រងាកចិត្តរបស់សហរដ្ឋអាមេរិក ។

ចំនួនការងារបង្កើតឡើងបញ្ជាក់ថា សេដ្ឋកិច្ច សហរដ្ឋអាមេរិកបានរងការប៉ះពាល់កាលពីខែកន្លងទៅ។ ចំនួនការងារ​ដែល​បង្កើត​ឡើង​ក្នុង​ខែមេសា ក្នុងប្រទេសមហា​អំណាចសេដ្ឋកិច្ច​ពិភព​លោកមានចំនួនតែ១១៥.០០០​កន្លែង​ជា​ចំនួនមួយទាប​​ក្នុងទីផ្សារការ​ងារ​​ដែល​បាន​​​រំ​ពឹង​ទុក ។

ទីផ្សារទំនិញមួយចំនួនក៏មិនសូវមានសន្ទុះ ក្នុងពេលថ្ងៃឈប់សម្រាករបស់ទ្វីបអាស៊ី ក្នុង​នោះ​មានប្រទេសចិន និងជប៉ុន។
ចំណែកអង្គការ ILO ថា តម្លៃប្រេងពិភព​លោកដាំក្បាលចុះនៅថ្ងៃសុក្រ ដែល​មិនធ្លាប់​មានក្នុង​រយៈ​​ពេល​​​៣ខែ​​ ។ វាប្រហែល​បណ្តាល​មក​ពីក្តីបារម្ភពីតម្រូវ​ការថាមពលក្នុង​ប្រទេស​ផលិតប្រេងធំបំផុតនានាក្នុងពិភពលោក។បន្ទាប់ពីរបាយការណ៍ចំណូល​ក្នុង​វិស័យ​មិនមែន​កសិកម្មគួរ​​ឲ្យសង្វេគ​ចេញមក​ វាបាន​បន្ថែម​នូវ​ក្តីបារម្ភខ្លាចថា ការស្តារសេដ្ឋកិច្ចអាមេរិកមិន​ទៅ​មុខ​​ ។​តែសម្រាប់អ្នកវិនិ​យោគកំពុងតែផ្អែក​លើការចូលធ្វើអន្តរាគមន៍របស់ធនាគារកណ្តាលដើម្បីជួយពង្រីកតម្រូវ​ការ។ នេះបើតាម​សម្តី​របស់ ​លោក David Morrison អ្នកវិភាគរបស់​ក្រុម​ហ៊ុន ​​GFT ។

លោក​ David Morrisonថា ក្តីកង្វល់គឺថា អ្នកវិនិយោគនឹងបែរក្បាលចេញពីទ្រព្យ​ប្រកប​ដោយគ្រោះថ្នាក់ រហូតធនាគារកណ្តាល​បង្ហាញ​នូវឆន្ទះរបស់ពួកគេក្នុងការសម្រាល​គោល​នយោ​បាយរូបិយវត្ថុ ។តម្លៃប្រេងឆៅថ្ងៃចន្ទប្រហែលជាធ្លាក់ចុះ ព្រោះអ្នកវិនិ​យោគ​មួម៉ៅទៅលើការធ្លាក់ចុះ​សេដ្ឋកិច្ចជាថ្មីរបស់ប្រទេសអេស្ប៉ាញ និងការ​ភ័យ​ខ្លាចកាន់តែខ្លាំងថា តំបន់អឺរ៉ុប​ដែលជាតំបន់​មហា​អំណាច​សេដ្ឋកិច្ចធំទីបួនប្រហែលជាត្រូវ​ការកញ្ចប់ជំនួយដ៏ធំ ។

តម្លៃប្រេងធ្លាក់ចុះថែម​ទៀត​នៅថ្ងៃ​ព្រហស្បតិ៍សប្តាហ៍​មុន​​​បន្ទាប់ពីទម្លាក់ តួលេខ​សេដ្ឋកិច្ចតំបន់អឺរ៉ុប និងបន្ទាប់​ពីមាន​ការ​ធ្លាក់​ចុះ​នូវវិស័យសំខាន់នៃសេដ្ឋកិច្ចអាមេរិកក្នុងខែមេសា ។ ជាងនេះទៅទៀត កាលពីថ្ងៃសុក្រ​សប្តាហ៍​មុន​តម្លៃមាសធ្លាក់ចុះមកត្រឹម​១.៦៤៣,៧៥​ក្នុងមួយ​អោន(មួយអោនស្មើ២៨ក្រាម) ពីតម្លៃ​មុន​១.៦៦៣,៥ដុល្លារ។ ប្រាក់ធ្លាក់ចុះមក​ត្រឹម​២៩,៩ដុល្លារ​ក្នុង​មួយ​អោន ពីតម្លៃដើម​៣១,១៤​ក្នុងមួយអោន ។

ក្នុងទីក្រុងឡុងតម្លៃប្លាទីន ធ្លាក់ចុះមក​ត្រឹម១.៥៣០ដុល្លារក្នុងមួយអោន ។ តម្លៃដែកក៏​ធ្លាក​់ចុះដោយសារ ការភ័យខ្លាចនៃការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច ព្រោះតែក្តី​បារម្ភអំពីភាព​យឺត​យ៉ាវ​នៃ​ការ​​ដំណើរការទៅមុខ នៅ​តំបន់អឺរ៉ុប ចិន សេដ្ឋកិច្ចអាមេរិកកើនឡើងតិចតួច ដែល​សុទ្ធ​សឹង​បន្ថែមទម្ងន់ដល់​ទីផ្សារ ។កាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃស្ពាន់ធ្លាក់ចុះ មក៨.១៧៣ដុល្លារក្នុងមួយតោន ។ អាលុយមី ញ៉ូមធ្លាក់មកត្រឹម២.០៧៤ដុល្លារក្នុងមួយតោន សំណប៉ាហាំងធ្លាក់ចុះមកត្រឹម២១.៥៧៥ដុល្លារ​ក្នុងមួយតោន នីកែលធ្លាក់​ចុះមក​ត្រឹម​១៧.៤៥៦​ដុល្លារក្នុងមួយតោន ចំណែកសង្ក័សី ធ្លាក់ចុះមក​ត្រឹម១.៩៩១ដុល្លារក្នុងមួយតោន ។

តម្លៃកាកាវនៅតែទទួលបានផលចំណេញ បើទោះជាទីផ្សារផ្គត់ផ្គង់រឹតត្បិតក៏​ដោយ។ ក្នុង​ទី​ផ្សារក្រុងឡុងតម្លៃកាកាវកើន​ឡើង​ដល់១.៥៤២​ដុល្លារក្នុងមួយតោន ចំណែកក្នុងទីផ្សារ​ក្រុង​ញូវ​យ៉ក កើនឡើងដល់​២.៣១៤​ដុល្លារ​ក្នុង​មួយ​តោន ។ តម្លៃកា​ហ្វេ​ហាក់​ដូចជាប្រែប្រួល ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម ដោយ​កាហ្វេមានតម្លៃ​១,៧៧​ដុល្លារ​ក្នុង​មួយ​ផោន។ ចំណែក​តម្លៃ​ស្ករ​ក៏បន្ត​ធ្លាក់ចុះតាម​​សេដ្ឋ​កិច្ចពិភពលោកដែរ។ បើតាមការព្យា​ករ​របស់​អង្គការ​ស្ករ​អន្តរ​ជាតិ​ថា នៅ​ទូរ​ទាំងពិភពលោកការ​ផលិត​​ស្ករ​កើនឡើង​​ដល់ជាង​៦​លាន​តោនសម្រាប់ឆ្នាំ២០១១ និង​២០១២ គឺកើនឡើង​ជាង​ការព្យាករ​លើក​មុន​ដល់​៥,៣១៧លានតោន។ តម្លៃស្ករសបាន​ធ្លាក់​ចុះ​មក​ត្រឹម​៥៦៨​ដុល្លារ ​ក្នុងមួយតោន ៕