ក្រុងប៉ោយប៉ែត ៖ ប្រជាពលរដ្ឋប្រុស-ស្រី៦នាក់បានត្រូវប៉ូលិសអន្តោប្រវេសន៍ហៅសួរនាំ និងអប់រំ ខណៈពួកគេកាន់កាតអន្តោប្រវេសន៍ ហួសសុពលភាពប្រុងឆ្លងដែនទៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៤ ឧសភា ។ ប្រជាពលរដ្ឋទាំង៦នាក់ខាងលើមានប្រុស៤នាក់ ពួកគេមិនបានប្រាប់អត្តសញ្ញាណនោះទេ ប៉ុន្តែប្រាប់ថា មកពីភូមិព្រែកជីក ឃុំព្រែកជីក ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ប្រុងទៅរកការងារធ្វើនៅផ្សាររុងក្លឿ ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ។
លោកអនុសេនីយ៍ទោ អុន កាថន នាយផ្នែកច្បាមចល័តប៉ូលិសអន្តោប្រវេសន៍ឈរជើងនៅចំណុចខ្លោងទ្វារប្រាសាទកំពូល៣នៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់ថា ពលរដ្ឋទាំង៦នាក់នេះ មុនហៅសួរនាំដោយសារឃើញពួកគេប្រើប្រាស់ប័ណ្ណឆ្លងដែនខុសប្រក្រតី ព្រោះ មិនមែនជារបស់ខ្លួន ។ លោកលាក់ រមនា ប្រធានសេនាធិការប៉ូលិសអន្តោប្រវេសន៍ស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៤ ឧសភា ថា ពលរដ្ឋទាំង៦នាក់នេះ ក្លែងបន្លំកាតរបស់គេយកមកប្រើប្រាស់គឺពួកគេរើសកាតហួសសុពលភាពដែលគេបោះចោលមកកាន់ ដើម្បីប្រើជាមធ្យោបាយប្រុងឆ្លងដែនទៅថៃរកការងារធ្វើ ហើយបញ្ហានេះសមត្ថកិច្ចរបស់លោក ដោយសារមានការព្រួយបារម្ភខ្លាចពួកគេមានបញ្ហា ខណៈឆ្លងទៅដីថៃ ទើបហៅមកសួរនាំ និងអប់រំតែម្តង ។
លោកលាក់ រមនា បានប្រាប់ថា ប្រជាពល រដ្ឋទាំង៦នាក់នេះ ក្រោយពីសួរនាំនិងអប់រំរួច ក៏បានឱ្យត្រឡប់ទៅស្រុកកំណើតវិញហើយ ៕




ចែករំលែកព័តមាននេះ