មេគំនិតនៃការវាយប្រហារភេរវកម្មថ្ងៃទី១១ កញ្ញា នៅសហរដ្ឋអាមេរិក និងអ្នករួមគំនិត៤នាក់ទៀតត្រូវបានគេនាំខ្លួនកាលពីថ្ងៃទី៥ ឧសភា មកកាន់តុលាការយោធាមួយនៅហ្គង់តាណាម៉ូ ។
ជនឈ្មោះខាលីដ ស៊ិកម៉ូហាម៉េដ និងអ្នកជាប់ចោទជាមួយគេ៤នាក់ទៀតពុំត្រូវបានបង្ហាញមុខឡើយ ចាប់តាំងពីជាង៣ឆ្នាំកន្លងមកនេះ ។ ពួកគេត្រូវបាននាំមកកាន់តុលាការយោធានៅហ្គង់តាណាម៉ូដែលមានកិច្ចការពារយ៉ាងរឹងមាំ ។
ខាលីដ សិុកម៉ូហាម៉េដ ទទួលការចោទប្រកាន់ពីបទទទួលការយល់ព្រម និងការផ្តល់ប្រាក់កាសពីអូសាម៉ា ប៊ីនឡាដេន ដើម្បីធ្វើការវាយប្រហារភេរវកម្មនានា និងពីបទត្រួតពិនិត្យរាល់ប្រតិបត្តិការ និងបណ្តុះបណ្តាលពួកចោរអាកាសក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃប្រតិបត្តិការនេះនៅអាហ្វហ្គានីស្ថាន និងនៅប៉ាគីស្ថាន ។ បុរសទាំង៥នាក់នោះទទួលការចោទប្រកាន់ថា ជាអ្នកទទួលខុសត្រូវលើការរៀបចំផែនការ និងការអនុវត្តការវាយប្រហារថ្ងៃទី១១ កញ្ញា ២០០១ នៅសហរដ្ឋអាមេរិកបណ្តាលឱ្យមនុស្សស្លាប់២.៩៧៦នាក់ ។ ពួកគេអាចមានទោសប្រហារជីវិត ៕
ចែករំលែកព័តមាននេះ