ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្កាចំពោះពាក្យសម្តីគ្មានមូលដ្ឋានរបស់អ្នកនាំពាក្យក្រសួងការបរទេសថៃ លោកថានី ថោងភក្តី ចុះផ្សាយតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី៤ ឧសភា ២០១២ ដែលចោទប្រកាន់ថា «កម្ពុជាបន្តការប្រឹងប្រែងដាក់គ្រាប់មីននៅតាមព្រំដែនថៃ-កម្ពុជា» ។
នៅជុំវិញពិភពលោកអ្នកណាក៏ដឹងដែរថា អតីតសមរភូមិនៅកម្ពុជា ជាពិសេសតាមព្រំដែនកម្ពុជា-ថៃពោរពេញទៅដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងច្រើន ដែលត្រូវបានដាក់បង្កប់ដោយពួកខ្មែរក្រហមក្នុងអំឡុងពេលសង្គ្រាមអស់រយៈកាលជិត៣ទសវត្សរ៍ ។ តំបន់ជិតប្រាសាទព្រះវិហារដែលទាហានថៃបានធ្វើឱ្យផ្ទុះមីនមួយគ្រាប់នោះ កន្លងមកគឺជាសមរភូមិ និងជាទីជម្រករបស់កម្លាំងខ្មែរក្រហមដែលពិតជាបានដាក់បង្កប់គ្រាប់មីនជាច្រើន ដើម្បីការពារទីតាំងរបស់គេក្នុងអំឡុងពេលសង្គ្រាម ។ គួរកត់សម្គាល់ថា ក្នុងរយៈកាលសង្គ្រាម កម្លាំងខ្មែរក្រហមក៏បានចូលទៅជ្រកកោនជាបណ្តោះអាសន្នក្នុងទឹកដីថៃផងដែរ។
វាជារឿងគួរឱ្យសោកសៅ និងរំជួលចិត្តខ្លាំងណាស់ដែលកម្ពុជាត្រូវទទួលរងនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានបែបនេះ ខណៈដែលការផ្ទុះគ្រាប់មីនជាបញ្ហានៅកើតមានជារឿយៗ សូម្បីតែនៅកន្លែងដែលប្រជាជនបានទៅតាំងទីលំនៅ និងបង្កបង្កើនផលរាប់ឆ្នាំមកហើយ ក្រោយពីចប់សង្គ្រាម ក៏នៅមានគ្រាប់មីនផ្ទុះដែរ។
កម្ពុជាសង្ឃឹមថា ប្រទេសថៃ នឹងមិនធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានជាបន្តទៀតទេ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ចំណងទាក់ទងកាន់តែប្រសើររវាងប្រជាជាតិទាំងពីរ ៕
ចែករំលែកព័តមាននេះ