ប៉ូលិសកូរ៉េខាងត្បូងរាយការណ៍កាលពីថ្ងៃទី៦ឧសភាថា មនុស្ស៩នាក់បានត្រូវស្លាប់ក្នុងនោះមានជនជាតិស្រីលង្កា៣នាក់ ហើយមនុស្ស២៥នាក់ទៀតត្រូវរបួសដោយសារភ្លើងឆេះហាងខារ៉ាអូខេមួយនៅក្រុងប៊ូសាន ។
ឧប្បត្តិហេតុនេះ កើតមាននាវេលាម៉ោង២០និង៥៥នាទីថ្ងៃទី៥ឧសភាក្នុងបន្ទប់ខារ៉ាអូខេមួយក្នុងចំណោមបន្ទប់ខារ៉ាអូខេទាំង២៨បន្ទប់របស់ហាងនោះ នៅជាន់ទី៣នៃអគារមួយដែលមានកម្ពស់៦ជាន់ក្នុងទីក្រុងកំពង់ផែប៊ូសាន ភាគអាគ្នេយ៍កូរ៉េខាងត្បូង ។ ផ្សែងភ្លើងបានហុយយ៉ាងឆាប់រហ័សចូលបន្ទប់ឯទៀតៗ ហើយភ្ញៀវទាំងឡាយជ្រូលច្របល់ ។ ក្នុងចំណោមអ្នកស្លាប់ទាំង៩នាក់មានបុរស៧នាក់និងនារី២នាក់ដែលភាគច្រើនស្លាប់ដោយឈ្លក់ផ្សែង ។ កម្មករស្រីលង្កា៣នាក់ដែលស្លាប់បានមកកាន់ហាងខារ៉ាអូខេនោះជាមួួយមិត្តភក្តិជាជនជាតិកូរ៉េ ។
រថយន្តពន្លត់ភ្លើងដល់ទៅ២០គ្រឿងជាមួយកម្លាំងមនុស្សប្រមាណជា១០០នាក់អាចពន្លត់ភ្លើងនោះបាននាវេលាម៉ោង២២ម៉ោងក្នុងស្រុក៕
ចែករំលែកព័តមាននេះ