សមាគមនារីជាប្រមុខសហគ្រាសពិភពលោក FCEM រាយការណ៍កាលពីថ្ងៃទី៦ឧសភា ថា នារីជាង៦០០នាក់ ជាប្រមុខសហគ្រាសបានជួបប្រជុំគ្នានៅទីក្រុង YEOSU ជាទីក្រុងកំពង់ផែមួយរបស់កូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៨ឧសភា ទៅសំដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងសហគ្រាស និងប្រទេសរបស់ពួកគេ ។
FCEM និយាយថា កិច្ចប្រជុំរបស់គណៈកម្មាធិការពិភពលោកនៃ FCEM នឹងប្រព្រឹត្តទៅនៅ OCEAN RESORT ក្រុង YEOSU ពីថ្ងៃទី៨ទៅ១១ឧសភា ឆ្នាំ២០១២។ នារីជាប្រមុខសហគ្រាសពិភពលោកនឹងចែករំលែកគំនិតគ្នាដើម្បីធ្វើឱ្យទំនាក់ទំនងក្នុងផ្ទៃសហគ្រាសទាំងឡាយកាន់តែប្រសើរឡើងនិងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេស ។
ការជួបជុំគ្នានោះនឹងជួនពេលគ្នាជាមួយការបើកនាថ្ងៃទី១២ឧសភាខាងមុខនេះនូវពិព័រណ៍អន្តរជាតិមួយក្នុងទីក្រុង YEOSU ដែរ ដែលពិពរ័ណ៍នោះក្នុងរយៈពេលបើក៣ខែអាចទាក់ទាញអ្នកទស្សនា ជាង៨លាននាក់មកពីគ្រប់តំបន់នៃពិភពលោក ដោយសង្កត់ធ្ងន់លើការប្រឈមទាំងឡាយកើតឡើងដោយសារការផ្លាស់ប្តូរបរិយាកាស និងលើកិច្ចការពារបរិស្ថានសមុទ្រ ។
នេះជាលើកទី២ហើយក្រោយឆ្នាំ២០០៦ដែលកូរ៉េខាងត្បូងរៀបចំកិច្ចប្រជុំបែបនេះហើយព្រឹត្តិការណ៍នោះអាចជាឱកាសសម្រាប់ពង្រឹងពុំត្រឹមតែលក្ខន្តិកៈរបស់បណ្តានារីជាប្រមុខសហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយផ្សព្វផ្សាយផងដែរពីពិព័រណ៍នៅ YEOSU ៕
ចែករំលែកព័តមាននេះ