ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស៊ើប​អង្កេត​ត្រូវ​បាន​បង្ហាញ​​ការ​ពិត​ស្តី​ពី​​ការស្លាប់​​​នៅ​ក្នុង​​ព្រៃ​​ស្រោង​​ខេត្តកោះ​កុង

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោក​ទិត សុធា អនុ​ប្រធាន​​អង្គ​ភាព​ព័ត៌មាន​ និង​ប្រតិ​​កម្ម​​រហ័ស​​បាន​បង្ហាញ​ហេតុការណ៍​នៃ​ការ​ស្លា​ប់​របស់​​លោក​អ៊ិន រតនា មន្ត្រី​​ប៉េអឹម​ និង​លោក​ឈុត វុទ្ធី ​សកម្ម​ជន​ការពារធនធាន​ធម្ម​ជាតិឡើង​វិញ បន្ទាប់ពី​បិទការ​ស៊ើប​អង្កេត​​ជា​បណ្តោះ​​អាសន្ន​​កាលពី​ថ្ងៃ​ទី​៥ ឧសភា ​២០១២ និង​ធ្វើ​សន្និ​សីទ​បង្ហាញ​អ្នក​កាសែត​​ក៏ដូចជា​​សាធារណ​ជន​​នៅទីស្តីការ​គណៈ​​រដ្ឋ​មន្ត្រី​ ដោយ​បញ្ជាក់ថា ​គណៈ​កម្ម​ការ​ចំរុះ​ស៊ើប​អង្កេត​​បាន​រកឃើញ​ថា ​រ៉ាន់ បូរ័ត្ន ​ពិតជា​បានធ្វើ​​ឱ្យ​​រៀល​កៃកាំភ្លើង​​អាកា​​ត្រូវ​អ៊ិន ​រតនា ​មន្ត្រី​ប៉េអឹម​ស្លាប់​ប្រាកដ​មែន បន្ទាប់​​ពី​អ៊ិន រតនា ​ទប់​កំហឹង​​មិន​បាន​បាញ់​សំដៅ​​ទ្វារ​រថយន្ត​ឡង់​គ្រីស្ស័រ​ធ្លាយ​​ទៅ​ត្រូវជង្គង់​ឈុត ​វុទ្ធី ​រាល​ដាលដល់​ពោះ ហើយ​​ក្រោយ​មក​បានស្លាប់​នោះ ។

​តាម​ដើម​ហេតុ​​នៃ​ករណី​ប្រទូស្តរ៉ាយ​​នេះ​ត្រូវ​បាន​​លាត​ត្រដាង​​ថា ដំបូងឡើយ​​លោក​ឈុត វុទ្ធី ​បាន​បើក​រថយន្ត​ឡង់​គ្រីស្ស័រ​​ដឹកនារី​អ្នក​កាសែត​​ឌឹ ឃេមបូឌា ដេលី ២​នាក់ ​ចូលទៅ​កន្លែង​​ស្តុក​ឈើ​ និង​ធ្វើ​វល្លិ​រមៀត ​ពេលនោះ​ឈ្មោះរ៉ាន់ ​បូរ័ត្ន ​ជាសន្តិ​សុខ​​ការពារ​ក្រុម​ហ៊ុន​​ធ្វើ​វល្លិ​រមៀត បាន​ឃាត់​មិន​ឱ្យ​អ្នក​កាសែត​​ទៅណា​នោះទេ ​ប្រសិន​បើ​​មិន​ព្រម​ប្រគល់​ម៉ាស៊ីន​ថត ឬ​លុប​រូប​ថត​ចេញ​ពីម៉ាស៊ីន ។ ការប្រកែកគ្នា​​ដោយ​ពាក្យ​សម្តី​ថ្លោសៗ​​បានកើតឡើង​…ឈ្មោះ​​អ៊ិន ​រតនា ​មន្ត្រី​ប៉េអឹម​​ដែល​នៅក្នុង​ហេតុការណ៍​នេះដែរ ​បាន​លូក​មាត់​​ទៅ​កាន់​ឈុត វុទ្ធី ​ថា «បើ​ប្រគល់​​ម៉ាស៊ីន​​ថត​ឱ្យ​គេ (រ៉ាន់ បូរ័ត្ន) ​ត្រូវ​ឱ្យ​​មេមម៉ូរី​ផង» ។ ភ្លាម​នោះ​​ការ​ប្រកែកគ្នា​​​បានវិល​មក​រក​អ៊ិន រតនា ​ជា​មួយ​​ឈុត វុទ្ធី ​វិញ ហើយ​បន្លឺ​ពាក្យ​សម្តី​កាន់​តែ​ថ្លោសៗ… អ៊ិន រតនា ​ជាអ្នក​ស្ពាយ​កាំភ្លើង​​អាកា​ស្រាប់​ក៏​បាញ់១​គ្រប់​ផូង​សំដៅ​ទ្វារ​រថយន្ត​ធ្លាយ​ត្រូវ​ជង្គង់​​ឈុត វុទ្ធី ​រាល​ដាល​ដល់​ពោះ​…ឃើញ​បែប​នេះ​រ៉ាន់ បូរ័ត្ន ​ស្ទុះទៅ​ដណ្តើម​កាំភ្លើងពី​អ៊ិន រតនា ដើម្បី​បញ្ឈប់​ការ​បាញ់​ ព្រោះខ្លាច​ប៉ះ​ពាល់​អាយុ​ជីវិត​​អ្នក​កាសែត​ ឬអ្នក​នៅ​ក្នុង​រ​ថយន្ត​ឡង់គ្រីស្ស័រ​​ច្រើន​នាក់​ទៀត ។ ប៉ុន្តែ​​ចៃដន្យ​​អាក្រក់​​ស្រាប់តែកាំភ្លើង​​រៀល​កៃ​ស្រប​ពេល​​កាណុង​​បែរ​ទៅចំ​ទ្រូង​អ៊ិន រតនា ​បណ្តាល​ឱ្យ​ផ្ទុះ​​២​គ្រាប់ ​ដេក​ដួល​ក្នុងថ្លុក​ឈាម​ ។ អ៊ិន រតនា ​៥​នាទី​ក្រោយ​មក​បាន​ស្លាប់​ ចំណែក​ឈុត វុទ្ធី ១០​នាទី​ក្រោយ​​មក​ក៏​បានស្លាប់​ដែរ ។

​សូម​បញ្ជាក់ថា ព្រះរាជអាជ្ញា​អម​សាលា​ដំបូងខេត្តកោះកុង បានសម្រេ​ច​ចោទ​ប្រកាន់ជាផ្លូវការទៅលើជនសង្ស័យឈ្មោះរ៉ាន់ បូរ័ត្ន ពីបទមនុស្សឃាត​ដោយ​អចេតនា​លើ​​សំណុំរឿងនៃការស្លាប់របស់សកម្មជនការពាព្រៃ​ឈើ លោកឈុត វុទ្ធី និងលោកអ៊ិន រតនា មន្រ្តី​ប៉េអឹមខេត្តកោះកុង ដោយ​បញ្ជូន​​​ជន​ដៃ​ដល់​​​រូប​នេះ​ទៅឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធ​នាគារ​ខេត្ត។ 

ការសម្រេចចោទប្រកាន់លើជនសង្ស័យរ៉ាន់ បូរ័ត្ន យ៉ាងដូច្នេះ​ ធ្វើឡើងកាលពីវេលាថ្ងៃត្រង់​ថ្ងៃ​ទី​៤ ឧសភា ២០១២នេះ បន្ទាប់ពីតំណាង​អយ្យ​ការ​បាន​សាក​សួរជន​សង្ស័យ​ចាប់តំាងពីរសៀលថ្ងៃទី៣ រហូតដល់ព្រឹក​ថ្ងៃសុក្រទី៤​ឧសភានេះ រួចមក ។

គួរបញ្ចាក់ថា នៅមុនមួយថ្ងៃនៃការចុះ​ស្រាវ​ជ្រាវ និងបើកការស៊ើបអង្កេតការស្លាប់​របស់​សកម្មជនការពារព្រៃឈើ និងមន្រ្តីកងរាជ​អាវុធ​ហត្ថពីសំណាក់​គណៈ​កម្មការ​ចម្រុះ​ដឹកនំា​ដោយ​លោកឧត្តមសេនីយ៍ឯកម៉ក់ ជីតូ កាលពីថ្ងៃ​ទី២ ឧសភា ជនសង្ស័យម្នាក់ដែលគេ​អះអាងថា ជាអ្នកបាញ់សម្លាប់មន្ត្រីប៉េអឹម និងប្រធាន​អង្គ​ការ​ការ​ពារ​បរិស្ថានក្នុងបុព្វហេតុរារាំងដំណើរអ្នកកាសែតបរទេស២នាក់ មិនឱ្យចូល​ទៅក្នុង​ជំរំស្តុកឈើប្រណីតនោះ ត្រូវបានកម្លាំងប៉េអឹម​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​ជាង​៣​រសៀល​ថ្ងៃទី១ ឧសភា ២០១២ នៅជិតក្រុមហ៊ុន​កាប់​ឈើ​តែម្តង គឺដេប៉ូទី១ ហៅវាល៣ ។

ខ្មាន់កាំភ្លើងដែលសង្ស័យថា សម្លាប់មន្ត្រី​ប៉េអឹម និងប្រធានអង្គការការពារបរិស្ថាន ដែល​ឃាត់ខ្លួននេះឈ្មោះរ៉ាន់ បូរ័ត្ន អាយុ៣១ឆ្នាំ ជា​បុគ្គលិក​ក្រុម​ហ៊ុន​កាប់​ឈើ​ទទួល​​បន្ទុកការងារ​សន្តិសុខ ។ ខ្មាន់កាំភ្លើង​ឈ្មោះរ៉ាន់ បូរ័ត្ន បាន​និយាយថា ក្នុងហេតុ​ការណ៍​បាញ់ប្រហារនាំឱ្យ​ស្លាប់២នាក់នោះ គឺ​មានសាក្សីដែលបាន​ឃើញ​ព្រឹត្តិ​ការណ៍​នេះ​ចំនួន៤នាក់ទៀត​ជាអ្នកធ្វើការ​ក្នុងក្រុមហ៊ុនកាប់ឈើដែរ រ៉ាន់ បូរ័ត្ន មិនទាន់​និយាយ​អ្វី​ទូលំ​ទូលាយ​នៅឡើយទេក្នុងរឿងនេះ ។

គួររំលឹកថា មន្ត្រីប៉េអឹមការពារ​ជំរំ​ស្តុក​ឈើ​ម្នាក់ត្រូវបានគេបាញ់ស្លាប់ដេកដួលនៅនឹងកន្លែង និងប្រធានអង្គការការពារបរិស្ថាន​ម្នាក់​ទៀត ក៏ត្រូវគេ​បាញ់​ស្លាប់នៅ​ក្នុង​រថយន្ត​ផងដែរ បង្កឱ្យមានការភ្ញាក់ផ្អើល និងរន្ធត់យ៉ាងខ្លាំង គឺមន្ត្រីប៉េអឹមដេកស្លាប់ក្បែររថយន្តឡង់គ្រីស្ស័រ ស៊េរីចាស់ ពណ៌ក្រហម រីឯប្រធានអង្គការការ​ពារបរិស្ថាន ដែលជាអ្នកបើកបរស្លាប់ក្នុងរថ​យន្តនេះតែម្តង ខណៈដឹកអ្នកកាសែត​បរទេស​ម្នាក់អ្នកកាសែតកម្ពុជាម្នាក់ទៅថតយករូបភាព​នៅជំរំស្តុកឈើប្រណីត ក្នុងព្រៃសោង ខេត្តកោះ​កុង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា​ម៉ោង១២ និង៣០នាទីរសៀលថ្ងៃទី២៦ មេសា ២០១២ នៅកណ្តាលទ្រូងព្រៃ ស្ថិតក្នុងភូមិកោះ​ប៉ោ ឃុំប៉ាក់ខ្លង ស្រុក​មណ្ឌលសីម៉ា ។ មន្ត្រីប៉េ​អឹម​ដែលស្លាប់ឈ្មោះអ៊ិន រតនា អាយុ៣១ឆ្នាំ ជាអ្នកយាមកាមនៅជំរំស្តុកឈើប្រណីត ដេក​ស្លាប់ក្បែររថយន្តឡង់គ្រីស្ស័រ ស៊េរីចាស់ ពណ៌​ក្រហម ពាក់ស្លាកលេខ NGO101,2-100 ដោយមានកាំភ្លើងអាកានៅក្នុងដៃផង ហើយនៅ ដើមទ្រូងមានត្រូវគ្រាប់២គ្រាប់ ។

ចំណែកអ្នកស្លាប់នៅក្នុងរថយន្តឡង់គ្រីស្ស័រ ឈ្មោះឈុត វុទ្ធី អាយុប្រមាណ៤០ឆ្នាំ ដេក ស្លាប់ក្នុងរថយន្ត ដោយគ្រាប់កាំភ្លើងទម្លុះ ជញ្ជាំងត្រូវ១គ្រាប់ ហើយ​អង្គុយ​ក្នុង​រថយន្ត ក្បែរនោះ គឺនារីអ្នកកាសែត ជនជាតិខ្មែរបម្រើ ការឱ្យកាសែតឌឹ ឃេមបូឌា ដេលី ឈ្មោះផន បុប្ផា អាយុ២៧ឆ្នាំ មិនមានរងរបួសអ្វីទេ និង អ្នក​កាសែត​ស្រី​បរទេស​ម្នាក់ទៀត ជនជាតិអ៊ុយ ក្រែនឈ្មោះអូឡេស៊ីយ៉ា ឡូភី អាយុ២៧ឆ្នាំ ក៏មិនមានរងរបួសអ្វីដែរ ពេលកើតហេតុ បាញ់ ប្រហារនារីទាំង២នាក់ បានរត់​ទៅ​សំងំ​ពួន​ក្នុង ព្រៃទាំងរាងកាយញ័រចំប្រប់ ។ ពួកគេទាំង៣ នាក់ បានចូលទៅក្នុងទ្រូងព្រៃ ដើម្បីប្រមាញ់ យករូបភាពជំរំស្តុកឈើប្រណីតនៅកន្លែងកើត ហេតុដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ៤០គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ ៕