ខេត្តបាត់ដំបង ៖ ក្រុមកាកបាទក្រហមខេត្ត និងក្រុមការងារបានចុះជួយអន្តរាគមន៍ភ្លាមៗដល់ប្រជាពលរដ្ឋនៅក្នុងស្រុកមោងឫស្សី និងស្រុករុក្ខគិរី ដែលទទួលរងគ្រោះថ្នាក់ដោយសារខ្យល់ព្យុះដ៏កំណាចមួយកាលពីរសៀលថ្ងៃទី៤ ឧសភា ដែលបង្កឱ្យមានមនុស្សស្លាប់៣នាក់ របួសចំនួន៩នាក់ និងលំនៅឋានរបស់ប្រជាពលរដ្ឋសរុបជិត១០០ខ្នង ត្រូវបានរងការខូចខាតស្ទើរទាំងស្រុង ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ខ្យល់ព្យុះបានបោកបក់ទៅលើស្រុកចំនួន២ កាលពីរសៀលថ្ងៃទី៤ ឧសភា គឺស្រុកមោងឫស្សី និងស្រុករុក្ខគិរី ។ ក្នុងរបាយការណ៍ដដែលបានឱ្យដឹងទៀតថា នៅក្នុងស្រុកមោងឫស្សី គឺប៉ះទៅលើឃុំព្រៃស្វាយ និងឃុំឫស្សីក្រាំង ដែលបណ្តាលឱ្យខូចខាតផ្ទះចំនួន៨ខ្នង ក្នុងនោះខូចខាតទាំងស្រុងចំនួន២ខ្នង របួសមនុស្សម្នាក់ ឯម្នាក់ទៀតត្រូវរន្ទះបាញ់ស្លាប់ ។
ដោយឡែកនៅក្នុងស្រុករុក្ខគិរីវិញ តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចដដែលបានឱ្យដឹងថា ខ្យល់ព្យុះដែលមិនធ្លាប់មានពីមុនមកនេះបានប៉ះទង្គិចទៅលើភូមិចំនួន៦ ក្នុងឃុំព្រៃត្រឡាច ។ សមត្ថកិច្ចបន្តថា ផ្ទះចំនួន៨១ខ្នង ត្រូវខ្យល់ព្យុះបំផ្លាញទាំងស្រុង និងជិត១០ខ្នងទៀតបើកដំបូល និងជញ្ជាំង រីឯមនុស្ស២នាក់ម្តាយកូនបានស្លាប់ដោយសារផ្ទះសង្កត់លើ និង៨នាក់ទៀតរងរបួស ។ សមត្ថកិច្ចក៏បានបញ្ចាក់ផងដែរថា ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទាំងនេះក៏រងការខូចខាតស្ទើរទាំងស្រុងផងដែរ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕




ចែករំលែកព័តមាននេះ