កងទ័ពអេហ្ស៊ីបបានចាប់មនុស្សដាក់គុក៣០០នាក់ ហើយរៀបចំធ្វើបុណ្យយ៉ាងមហោឡារិកដល់សពទាហានម្នាក់ដែលត្រូវស្លាប់ក្រោយការប៉ះទង្គិចគ្នារវាងពួកបាតុករដែលប្រទូស្តរ៉ាយជាមួយកងយោធាដែលប្រការនោះធ្វើឱ្យប៉ះពាល់ដល់បរិយាកាសនៃការបោះឆ្នោតប្រធានាធិបតីដែលគ្រោងធ្វើនាដំណាច់ខែឧសភានេះ ។
អយ្យការយោធាប្រកាសកាលពីថ្ងៃទី៥ឧសភាថា មនុស្សប្រមាណជា៣០០នាក់ត្រូវជាប់ឃុំឃាំងរយៈពេល១៥ឆ្នាំក្នុងពេលរង់ចាំលទ្ធផលនៃការស៊ើបអង្កេតលើលការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លានៅសង្កាត់អាប់បាស់ស៊ីយ៉ានៃទីក្រុងគែរកាលពីថ្ងៃទី៤ឧសភាកន្លងមកនេះបណ្តាលឱ្យមនុស្សស្លាប់២នាក់និងជាង៣០០នាក់ត្រូវរបួស។
យោងតាមប្រភពយោធាថាក្នុងចំណោមមនុស្សដែលចាប់ឃុំឃាំងមានអ្នកកាសែត៩ នាក់។ ផ្ទុយទៅវិញនារីទាំងអស់ដែលចាប់ខ្លួនកាលពីថ្ងៃទី៤ឧសភាត្រូវដោះលែងវិញ ។ យោងតាមពួកបាតុករថានារីរវាងពី១៤ទៅ១៧នាក់ ស្ថិតក្នុងចំណោមមនុស្សត្រូវចាប់ខ្លួនប្រមាណជា៣២០នាក់កាលពីថ្ងៃទី៤ឧសភា ។កងទ័ពដែលកាន់អំណាចនៅអេហ្ស៊ីបក៏ប្រកាសផងដែរនូវបំរាមគោចរក្នុងសង្កាត់នេះ សម្រាប់យប់ថ្ងៃទី៥ដល់ទី៦ឧសភាដូចយប់មុននេះដែរ ។
ក្រោយសួរចម្លើយរយៈពេលជាច្រើនម៉ោងនាពេលយប់ពួកអ្នកត្រូវឃុំខ្លួនទទួលការចោទប្រកាន់ពីបទវាយប្រហារប្រឆាំងកងទាហាន និងបណ្តានាយទាហាន និងពីបទប្រមូលផ្តុំគ្នាធ្វើបាតុកម្មក្នុងតំបន់យោធាហើយធ្វើឱ្យស្ទះដល់ការងាររបស់កងទ័ព ។នាថ្ងៃទី៥ឧសភាភាពស្ងប់ស្ងាត់កើតមានវិញក្នុងសង្កាត់នៃក្រសួងការពារជាតិដែលមុននេះជាទីលាននៃភាពច្របូកច្របល់បន្ទាប់មកជាតំបន់ស្ថិតក្នុងការដាក់បំរាមគោចរយ៉ាងតឹងតែងបំផុត៕


ចែករំលែកព័តមាននេះ