ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​​ព្យុះ​​បំផ្លាញ​​ផ្ទះ​ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក​អង្គ​រ​ជ័យ​ អស់​៧០​ខ្នង​

14 ឆ្នាំ មុន

ខេត្ត​កំពត ៖ ​គ្រោះ​ធម្ម​ជាតិ​មួយ​បង្ក​ឡើង​ដោយ​ខ្យល់​ព្យុះ​បាន​កើតឡើង​នៅ​​ក្នុងភូមិ​បី​នៃ​ឃុំ​សំឡាញ ស្រុក​អង្គរ​ជ័យ កាលពី​​រសៀល​​ថ្ងៃទី​៤ ឧសភា ២០១២ ​បណ្តាល​ឱ្យ​លំនៅ​ឋាន​​អ្នក​ភូមិ​ចំនួន​៧០​ខ្នង ​ត្រូវ​ខូចខាត​ក្នុង​នោះ​១១​ខ្នង​បាន​​រលំខូច​ខាត​ទាំង​ស្រុង​។

​ជុំវិញ​ហេតុការណ៍​នៃ​គ្រោះ​មហន្តរាយ​ខាង​លើ​​លោក​វរ​សេនីយ៍​ត្រី ​ពៅ សាមិត្ត ​អធិ​ការ​នគរ​បាល​​ស្រុក​អង្គរ​ជ័យ ​បាន​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា នៅរសៀលថ្ងៃទី​៤ ឧសភា ​ខ្យល់​ព្យុះ​​មួយ​បាន​បក់​បោក​យ៉ាង​ខ្លាំង​​បំផ្លាញ​​លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​ក្នុងភូមិ​បី ​ក្នុង​ឃុំ​​សំឡាញ ​អស់​ចំនួន៧០​ខ្នង ក្នុង​​នោះ​រង​ការ​ខូចខាត​​ទាំងស្រុង​ចំនួន​១១​ខ្នង ។ ​ក្នុងពេល​​នោះ​ដែរ​ក៏​មាន​រន្ទះបាញ់លើ ​អនុ​ប្រធាន​ភូមិ​ម្នាក់​​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ផង​ដែរ ​។ ​​

លោក​បន្ត​ទៀតថា​​ ចំពោះ​​ចំនួន​ផ្ទះ​​ដែល​​ត្រូវ​ខូចខាត​​​​ក្នុងភូមិ​​ទាំង​បី​នោះ​មាន​ភូមិ​ត្រពាំង​ស្លា​៥០​ខ្នង ​ក្នុង​នោះ​រលំ​ទាំង​ស្រុង​១១​ខ្នង ​ភូមិ​​ប្រស្រែ​១០​ខ្នង ​ភូមិ​ស្មោង​១០​ខ្នង ។ ​រីឯ​មនុស្ស​​​ដែល​រន្ទះ​បាញ់​នេះ​ជា​​អនុ​ប្រធាន​ភូមិចំប៉ី ​​ឈ្មោះ​ពុធ ថុង ភេទប្រុស អាយុ​៥៩​ឆ្នាំ ​រស់​នៅ​ភូមិ​​ចំប៉ី​ ឃុំ​ចំប៉ី ​ស្រុក​អង្គ​រ​ជ័យ៕