រាជធានីភ្នំពេញ ៖ នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី៣ ឧសភា បានឃាត់ខ្លួនថៅកែ និងមេការកោសជប់ម៉ាស្សា២នាក់ ពាក់ព័ន្ធបើកកន្លែងប្រព្រឹត្តអំពើសញ្ចារកម្ម ។ ថៅកែហាងឈ្មោះលី សុខជា ភេទប្រុស អាយុ៣១ឆ្នាំ និងមេការឈ្មោះហ៊ុយ ហ៊ាង ភេទប្រុស អាយុ២០ឆ្នាំ និងត្រូវជាក្មួយរបស់លី សុខជា ។ សមត្ថកិច្ចបានរំដោះនារីកោស ជប់ ម៉ាស្សា ចំនួន៤នាក់ ប្រគល់ជូនទៅមន្ទីរសង្គមកិច្ចគ្រប់គ្រង ។
សមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលដឹកនាំដោយលោកឯក ឆេងហួត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាប និងឆែកឆេរទីតាំងម៉ាស្សាកោស ជប់ និងលួចលាក់រួមភេទ នៅផ្ទះលេខ២០ZA ផ្លូវ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ សមត្ថកិច្ចឃាត់ខ្លួនជនជាប់សង្ស័យ២នាក់ និងរំដោះនារីកោស ជប់ ម៉ាស្សា និងបម្រើផ្លូវភេទ៤នាក់ ព្រមទាំងដកហូតស្រោមអនាម័យប្រើហើយ និងមិនទាន់ប្រើប្រាស់មួយចំនួន ។
ថៅកែ និងមេការនោះត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ពីបទបើកកន្លែងប្រព្រឹត្តអំពើសញ្ចារកម្ម។ ចំណែកនារី៤នាក់បានប្រគល់ឱ្យទៅមន្ទីរសង្គមកិច្ចគ្រប់គ្រង៕
ចែករំលែកព័តមាននេះ