ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​កន្លែង​លាក់​ឈើ​ប្រណីត​ត្រូវ​បាន​រឹប​អូស​ចំនួន​23​កំណាត់​ម្ចាស់​ឈើ​នៅ​តែ​អាថ៌​កំបាំង​

14 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ មន្ត្រី​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​​ស្ទឹង​ត្រែង រឹប​អូស​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ចំនួន​២៣​កំណាត់ ដែល​ក្រុម​អ្នក​រក​ស៊ី​ឈើ​យក​ទៅ​​លាក់​ក្នុង​ព្រៃ​នៃ​ភូមិ​សាស្ត្រ​ស្រុក​សេសាន ។ ​មន្ត្រី​ផ្នែក​​រដ្ឋបាល​ឱ្យ​ដឹងថា សកម្ម​ភាព​បង្ក្រាប​​ និង​រឹប​អូស​ឈើ​ប្រណីត​​ទាំង​នោះ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​​ទី​២​ ឧសភា ​២០១២ ស្ថិត​ក្នុង​ព្រៃ​ក្រាស់​នៃ​ភូមិ​ស្វាយ​រៀង​ ឃុំ​តា​ឡាត​ ស្រុក​សេសាន ។ មុន​ឈាន​ដល់​ការ​បង្ក្រាប​ទី​តាំង​ស្តុក​ឈើ​នេះ គឺ​ដោយ​សារ​មន្ត្រី​​ជំនាញ​ដាក់​ភ្នាក់​​ងារ​​ស៊ើប​រុក​រុក​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ ។ ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ច្បាស់​ការណ៍​ មន្ត្រី​ផ្នែក​បាន​រៀប​ចំ​កម្លាំង​​ទៅ​ដល់​ទី​តាំង​លាក់​ឈើ​តាម​ការ​ចង្អុល​បង្ហាញ​របស់​ភ្នាក់​ងារ​  ខណៈ​នោះ​ក៏​ប្រទះ​ឈើ​ធ្នង់​ចំនួន​២៣​កំណាត់​​ មាន​មុខ​កាត់​ពី​៤០​ទៅ​​៥០​សង្ទីម៉ែត្រ​​ប្រមាណ​ជា​៦​ម៉ែត្រគូប ។

មន្ត្រី​ដដែល​ឱ្យ​ដឹងទៀតថា ក្រោយ​ពី​វាស់​វែង​រួច​រាល់​​ មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​សហការ​ជា​មួយ​​នគរ​បាល​ប៉ុស្តិ៍​​ដឹក​ជញ្ជូន​ឈើ​ដែល​រឹប​អូស​បាន​យក​​ទៅ​រក្សា​ទុក​នៅ​​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ក្បាល​រមាស ស្រែគរ ​ទុក​ជា​សម្បត្តិ​​រដ្ឋ​​ រី​ឯ​ក្រុម​ឈ្មួញ​ឈើ​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ទុក​ឱ្យ​មន្ត្រី​​សង្កាត់​ជា​អ្នក​ស្រាវ​ជ្រាវ​​រក​ដើម្បី​នាំ​ខ្លួនទៅ​ចាត់​ការ​​តាម​នីតិវិធី​ច្បាប់ ។

ដោយ​ឡែក​លោក​ទិត វី​ នាយ​សង្កាត់​​រដ្ឋ​បាល​ព្រៃ​ឈើ​ក្បាល​រមាស​ស្រែ​គរ ដែល​កាន់​កាប់​នៅ​ក្នុង​តំបន់​​ល្មើស​នោះ​ មិនអាចទាក់​ទង​សាក​សួរ​ព័ត៌មាន​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​៣​ ឧសភា ជុំ​វិញ​​វិធាន​ការ​បន្ត​លើ​ក្រុម​អ្នក​រក​ស៊ីល្មើស​ច្បាប់​នៃ​ឈើ​ដែល​រឹប​អូស​បាន ។

ប្រភព​ព័ត៌មាន​មួយ​ឱ្យ​ដឹងថា ភូមិ​ស្រែ​គរ ស្រែ​សាមី ខ្សាច់​ថ្មី និង​ភូមិ​ស្វាយ​រៀង នៃ​ស្រុក​សេសាន ជា​ទី​តាំង​​កាប់​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ដែល​ឈ្នួញ​ទិញ​ទឹក​ចិត្ត​ប្រជា​ពលរដ្ឋ​​ឱ្យ​កាប់​ឈើ​លក់​ឱ្យ​ពួក​គេ ។ ​ម៉្យាង​ទៀត​​​ក្រុម​អ្នក​ប្រព្រឹត្ត​​បទ​ល្មើស​បាន​ប្រើ​រូប​ភាព​​​ដឹក​តាម​រថយន្ត​កែ​ច្នៃ​​ជញ្ជូន​ទៅ​លក់​ឱ្យ​ឈ្មួញ​ធំ​នៅ​ខេត្ត​រតនគីរី និង​បន្ត​​ដឹក​តាម​រថយន្ត​​យី​ឌុប​បង្កប់​តាម​ឈើ​មាន​ច្បាប់​ត្រឡប់​ទៅ​កាន់​ខេត្ត​ក្រចេះ​ ដើម្បី​នាំ​ទៅ​លក់​នៅ​ប្រទេស​វៀត​ណាម ។

គេ​​សង្ស័យ​ថា ការ​ដឹក​ជញ្ជូន​យ៉ាង​រលូន​ជា​រៀង​រាល់​ថ្ងៃ​​ប្រហែល​ជា​​ក្រុម​ឈ្មួញ​រក​ស៊ី​ឈើ ត្រូវ​រ៉ូវ​ជា​មួយ​សមត្ថកិច្ច​​មូល​ដ្ឋាន ។ ​នៅ​ពេល​ថ្នាក់​លើ​រឹត​បន្តឹង​​ខ្លាំង​ក្រុម​មន្ត្រី​ថ្នាក់​ក្រោម​ធ្វើ​ជា​​យូរៗ​​ចាប់​ម្តង​​កុំ​ឱ្យ​មាន​ការ​ស្តី​បន្ទោស ៕