ខេត្តបាត់ដំបង ៖ ទស្សនៈមួយនិយាយថា គប្បីរៀបការជាមួយអ្នកដែលស្រឡាញ់ខ្លួនប្រសើរជាងរៀបការជាមួយអ្នកដែលខ្លួនស្រឡាញ់ ។ ជាឧទាហរណ៍ជាក់ស្តែង បុរសម្នាក់រួមដំណើរជាមួយសាច់ញាតិខាងស្រីផង បានមកដាក់ពាក្យបណ្តឹងនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត កាលពីរសៀលថ្ងៃទី២ ឧសភា ដើម្បីស្នើឱ្យសមត្ថកិច្ចជួយស្វែងរកម៉ូតូមួយគ្រឿងដែលភរិយារបស់ខ្លួនលួចយកជិះរត់តាមសង្សារចាស់របស់នាង ក្រោយពីរៀបការជាមួយខ្លួនបានប្រហែលជាងមួយខែ ។
មន្ត្រីនគរបាលបានប្រាប់ថា បុរសនេះឈ្មោះមឿន ម៉ូវ ហៅសុផាន់ អាយុ២២ឆ្នាំ នៅភូមិប្រកៀប ឃុំរួងជ្រៃ ស្រុកថ្មគោល។ រីឯភរិយាដែលបុរសនេះអះអាងថា រត់តាមសង្សារចាស់នោះឈ្មោះសាន់ មុំ អាយុ២២ឆ្នាំ នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។ បុរសនេះប្រាប់សមត្ថកិច្ចថា ភរិយារបស់ខ្លួនបានយកម៉ូតូជិះរត់តាមជនម្នាក់ឈ្មោះឡាយ សម្បត្តិ ហៅឌៀប អាយុ២៣ឆ្នាំ នៅសង្កាត់ស្លាកែត ក្រុងបាត់ដំបង ។
មឿង ម៉ូវ ហៅសុផាន់ បាននិយាយថា ខ្លួននិងនាងសាន់ មុំ បានស្រឡាញ់គ្នានិងបានរៀបការនៅថ្ងៃទី១៤ មីនា ឆ្នាំ២០១២ ។ លុះនៅថ្ងៃទី២៧ មេសា កន្លងទៅនេះ នាងបានវេចបង្វេចរត់តាមយុវជនម្នាក់ឈ្មោះឌៀប ដែលឮថាជាសង្សារចាស់របស់នាង ដោយលួចយកម៉ូតូមួយគ្រឿងម៉ាកអ៊ែរប៊្លេត ពាក់ស្លាកលេខភ្នំពេញ១AD ៤៣៩៥ ទៅជាមួយផង ដែលខ្លួនបានទិញរួមគ្នាដោយបង់រំលស់ពីក្រុមហ៊ុន ។ មឿន ម៉ូវ បានបញ្ជាក់ថា ខ្លួននៅតែស្រឡាញ់ភរិយាដដែល ប៉ុន្តែពេលនេះគឺខ្លួនចង់ឱ្យសមត្ថកិច្ចជួយស្វែងរកម៉ូតូនោះមកវិញ ព្រោះទិញមិនទាន់ឱ្យប្រាក់គេគ្រប់ទេ ។ ជាមួយនេះ បើបានភរិយាវិលត្រឡប់មករកខ្លួនវិញរឹតតែប្រសើរ ខ្លួនមិនប្រកាន់ទេនៅតែស្រឡាញ់នាងដដែល ។
ស្ត្រីម្នាក់ដែលអះអាងថា ត្រូវជាបងស្រីរបស់នាងសាន់ មុំ បានប្រាប់សមត្ថកិច្ចថា ជនឈ្មោះឡាយ សម្បត្តិ ហៅឌៀបនេះ ជាសង្សារចាស់របស់ប្អូនស្រីគាត់ តែគ្មានប្រាក់សម្រាប់រៀបការ ទើបក្រុមគ្រួសារគាត់សម្រេចចិត្តរៀបចំនាងឱ្យមកឈ្មោះមឿន ម៉ូវ ហៅសុផាន់វិញ ។ ស្ត្រីរូបនេះបញ្ជាក់ថា ប៉ុន្មានថ្ងៃមុននេះមានគេឃើញឈ្មោះឌៀប ជិះម៉ូតូឌុបប្អូនស្រីគាត់ទៅមើលការប្រគំតន្ត្រីនៅម្តុំផ្សារថ្មី ក្នុងក្រុងបាត់ដំបង ប៉ុន្តែគេមិនបានដឹងថា មានរឿងបែបនេះកើតឡើងទេ ។ គាត់និយាយថា ឈ្មោះឌៀប និងប្អូនស្រីគាត់ឈ្មោះមុំ នេះ មិនទាន់ទៅណាទេ ហើយមានគេផ្តល់ដំណឹងថា ជនលួចប្រពន្ធគេនេះបានព្យាយាមអំពាវនាវលក់ម៉ូតូនោះទៀតផង ដូច្នេះហើយទើបរូបគាត់និងឈ្មោះម៉ូវ ហៅសុផាន់ ជាប្អូនថ្លៃមកដាក់ពាក្យបណ្តឹងស្នើឱ្យសមត្ថកិច្ចជួយទប់ស្កាត់និងឃាត់ខ្លួនពួកគេ ។
លោកមៀន ឡាយ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានថ្លែងដែរថា ម៉ូតូដែលត្រូវបានប្តឹងនោះគ្មានកាតគ្រីទេ ព្រោះជាម៉ូតូទិញបង់រំលស់។ លោកបញ្ជាក់ថា លោកបានចាត់កម្លាំងជំនាញដើម្បីតាមដាន និងស្វែងរកតម្រុយមុខសញ្ញានេះហើយ តែសមត្ថកិច្ចរបស់លោកស្រាវជ្រាវរកតែម៉ូតូទេ ឯចំពោះស្ត្រីជាភរិយាដែលរត់តាមប្រុសថ្មីនោះ វាជារឿងរបស់គ្រួសារនេះតែប៉ុណ្ណោះ ៕


ចែករំលែកព័តមាននេះ