ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់​ស្កាត់​ពល​ករ​ខុស​ច្បាប់ អាជ្ញា​ធរ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ខេត្ត​ស្រះ​កែវ ប្រជុំ​រក​វិធាន​ការ​រារាំង​

14 ឆ្នាំ មុន

ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​ (ថៃ)​ ៖ អាជ្ញាធរ​និងសមត្ថ​កិច្ច​ខេត្ត​២​ជាប់​ព្រំ​ដែន​គឺ ខេត្ត​បន្ទាយ​មានជ័យ​ របស់​កម្ពុជា​និងខេត្ត​ស្រះ​កែវ​របស់​ថៃ​ នៅរសៀល​ថ្ងៃទី​​៤ ​ឧសភា​ បានជួប​ប្រជុំ​គ្នា​​ជាផ្លូវ​ការ​នៅ​សាល​ប្រជុំ​របស់​​សាលា​ស្រុក​​អារញ្ញ​ ខេត្ត​ស្រះកែវ​​ ដើម្បី​រក​វិធីក្នុង​ការ​ទប់​ស្កាត់​ពល​ករ​ចំណាក​ស្រុក​របស់​កម្ពុជា​​កុំ​ឱ្យ​ឆ្លង​ដែន​ខុស​ច្បាប់​តទៅ​ទៀត​។ ​ដោយសារ​មួយ​រយៈ​កន្លង​ម​ក​នេះ​ពលករ​ខ្មែរ​បាន​សម្រុក​ឆ្លង​ដែន​ខុស​ច្បាប់​ មាន​ចំនួន​កាន់​តែ​ច្រើន​ ហើយ​ក៏រង​នូវ​គ្រោះ​ថ្នាក់​ច្រើន​ទៀត​ផង​។ ​

ប្រតិភូ​របស់​ភាគី​កម្ពុជា​ដឹក​នាំ​ដោយ​លោក​ទ្រី​ ណា​រិន​ អភិបាល​រងខេត្ត​បន្ទាយ​មានជ័យ​ លោក​​សំ ជិត​ ស្នង​ការរង​ទទួល​បន្ទុក​ព្រំដែន​ លោក​ម៉ែន​ ភិរម្យ​ មេបញ្ជា​ការរង​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​ លោក​អភិបាល​ក្រុង​ប៉ោយ​ប៉ែត​ លោក​មេបញ្ជា​ការ​ មេបញ្ជាការ​រង​វរ​ការពារ​ព្រំ​ដែន​​គោក​ទាំង៤ និង​​អាជ្ញាធរ ​​ព្រម​ទាំង​​សមត្ថ​កិច្ច​​តាម​​ស្រុក​​​​ទាំង​អស់​ ​ដែល​នៅជាប់​ព្រំ​ដែន​​​ ក្នុង​នោះ​​​គេឃើញ​​​មាន​ទាំង​វត្ត​​​​មាន​​លោក​​នេត សារី ​អគ្គ​​​កុង​ស៊ុល​​​​ខ្មែរ​ប្រចាំ​ប្រទេស​ថៃផងដែរ ។  ​ចំណែក​ភាគី​ថៃដឹក​នាំដោយ​​​លោកគិ​ទិ​នុប​ ប៉ាដុន ​អភិបាល​​រង​ខេត្ត​ស្រះកែវ ​និង​មេ​បញ្ជាការ​​​រង​មកពី​​អង្គភាព​ពាក់​ព័ន្ធ​​ក្នុង​​​ខេត្តជាប់​ព្រំដែន​កម្ពុជា​-ថៃ​ ។​

​ក្នុង​កិច្ច​ប្រជុំ​​​នោះ​លោក​ទ្រី ណា​រិន ​​បាន​លើក​ឡើង​​​​ជា​សំណូម​ពរ​​ក្នុង​នាម​អាជ្ញាធរ​​​ខេត្ត​បន្ទាយ​មានជ័យ​ ដល់​ភាគី​ថៃសុំ​ឱ្យ​ជួយ​​ទប់​ស្កាត់​​​ពលករ​ចំណាក​ស្រុក​​​តាម​​​​បន្ទាត់​ព្រំ​ដែនខេត្ត​បន្ទាយ​មាន​ជ័យ​ ​​ដែល​មាន​​​ប្រវែង​​​​​៥៣​​គីឡូ​​ម៉ែត្រ​ សម្រាប់​​ពលករ​​ទាំងឡាយ​ណា ដែល​​ឆ្លង​​​ដែន​​ដោយ​ខុស​ច្បាប់។ ប៉ុន្តែ​​​សម្រាប់​​ប្រជាពល​រដ្ឋ​ដែល​​ឆ្លង​ទៅ​​មក​​ ទៅព្រឹក​​វិល​ល្ងាច​ សុំ​ឱ្យ​​​អាជ្ញាធរ​ឬសមត្ថកិច្ច​ថៃ​​ជួយ​ទទួល​​​ខុស​ត្រូវ​​ទាំង​ទៅទាំង​មក​ឱ្យ​​មាន​ភាព​រលូន​​ផង ។

ជាការ​ឆ្លើយ​​តប​​ លោក​គិទិនុប​ ប៉ាដុន ​ជួស​មុខ​ឱ្យ​អាជ្ញាធរ​ខេត្ត​ស្រះកែវ​បាន​​លើក​ឡើង​ថា ​សម្រាប់​​​អាជ្ញាធរ​​ និង​សមត្ថកិច្ច​​ថៃ​តែងតែ​ជួយ​​ទប់ស្កាត់​​​​រាល់​ពលករ​ខុសច្បាប់​​ជារៀង​រាល់​ថ្ងៃ​ និង​សុំ​ឱ្យ​ភាគី​កម្ពុជា​ជួយ​ទប់​​ស្កាត់​ដោយ​ខ្លួន​ឯង​ផង​ ។

ជា​មួយ​នេះ​​លោក​ទ្រី​​ ណា​រិន បាន​ស្នើ​សុំ​ឱ្យ​ភាគី​​ថៃ​ កុំ​ប្រើ​​អំពើ​ហិង្សា​​ ឬ​ប្រើ​អាវុធ​​ ហើយ​​​​បើ​ចាប់​​បាន​ពលករ​​ខុស​ច្បាប់​​ត្រូវ​​ផ្តល់​ព័ត៌មាន​​​មក​ ឬ​បញ្ជូន​មក ។ សំណូម​ពរ​នេះ​​លោក​​អភិបាល​​​រង​ខេត្ត​​ស្រះ​កែវ​ បាន​ឆ្លើយ​តប​ថា អាជ្ញា​ធរ​និង​សម​ត្ថកិច្ច​​ថៃ​ក្នុង​ខេត្តស្រះ​កែវ​​ពុំ​ដែល​​ប្រើ​​អំពើ​ហិង្សា​​​​ទៅ​លើ​ពលករ​ខ្មែរ​​ក្រោយ​​ការ​ចាប់​បាន​​នោះ​
ទេ ។

លោក​អភិបាល​រង​រូប​នេះ​បន្ត​ថា ចំ​​ពោះ​​​ចំណាត់​ការ​ទប់​ស្កាត់​​​​ ខាង​ភាគី​​ថៃ​ទទួល​យក​​ ប៉ុន្តែ​​សុំ​ឱ្យ​​ភាគី​កម្ពុជា​​គួរ​តែ​មាន​វិធាន​ការ​ទៅ​លើ​ពលករ​ខុស​ច្បាប់​​ទាំង​ឡាយ​​​ណា​ ដែល​ចាប់​បញ្ជូន​​ច្រើន​ដង​​ទៅ​ហើយ ​នៅ​តែ​ឃើញ​លួច​​ចូល​ទៅ​វិញ​មាន​​មុខ​ដដែល​ ព្រោះ​​​ពលករ​​​ខុស​ច្បាប់​​ដែល​​ចាប់​បាន​ភាគ​​ច្រើន​ជា​មនុស្ស​​ដដែល​ៗ ។ លោក​គិទិ នុប៉ា​ដុន បន្ត​ថា កត្តា​ដែល​ធ្វើ​ឱ្យ​​ពលករ​​ខ្មែរ​ចេះ​​តែមក​ធ្វើ​ការ​​នៅ​ស្រុក​​ថៃ​កាន់​តែ​ច្រើន​ ដោយ​សារ​ទី​១​តម្លៃ​ការ​ងារ​​បាន​ថ្លៃ ​មួយ​ថ្ងៃ​៣០០​បាត។ ទី​២​ដោយ​សារ​ការ​ធ្វើ​​ការ​នៅ​ស្រុក​ថៃ​បាន​ថ្លៃ​ជាង​នៅ​ស្រុក​ខ្មែរ។

ប្រតិ​ភូ​ខេត្ត​​បន្ទាយ​មាន​ជ័យ​​ដែល​ចេញ​ទៅ​ប្រជុំ​ជា​មួយ​ភាគី​ថៃ​ត្រូវ​បាន​មន្ត្រី​ខេត្ត​ប្រាប់​ឱ្យ​ដឹង​ថា គឺ​អនុវត្ត​តាម​ ស.ជ.ណ ​របស់​ក្រសួង​មហា​​ផ្ទៃ​ចុះ​ថ្ងៃទី​៣០ មេសា ឱ្យ​អាជ្ញា​ធរ​ខេត្ត​ជួប​ប្រជុំ​ពិភាក្សា​ និង​សហ​ការ​ឱ្យ​បាន​ជិត​ស្និទ្ធ​ជា​មួយ​ខេត្ត​ជាប់​ព្រំ​ដែន​នៃ​ប្រទេស​ថៃ​ ដើម្បី​ជួយ​មាន​វិធាន​ការ​ឱ្យ​​បាន​ម៉ឺន​មា៉ត់​ ទប់​ស្កាត់​កុំឱ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ឆ្លង​ដែន​ទៅ​​ប្រទេស​ថៃ​​ដោយ​ខុស​ច្បាប់​បន្ត​ទៀត​ ។ យោង​តាម​ ស.ជ.ណ ​របស់​ក្រសួង​មហា​ផ្ទៃ​នេះ​ មិន​មែន​សម្រាប់​តែ​ខេត្ត​បន្ទាយ​មាន​ជ័យ​មួយ​នោះទេ គឺ​សម្រាប់​​ខេត្ត​ជាប់​ព្រំ​ដែន​ទាំង​អស់​ ដូច​ជា​ខេត្ត​បាត់​ដំបង ប៉ៃ​លិន ព្រះវិហារ​ និង​ឧត្តរ​មាន​ជ័យ ជាដើម ៕