ខេត្តឧត្តរមានជ័យ ៖ លោកឧត្តមសេនីយ៍ឯកជា ម៉ន មេបញ្ជាការយោធភូមិភាគទី៤ និងលោកឧត្តមសេនីយ៍ទោសុខ រឿន មេបញ្ជាការរងយោធភូមិភាគទី៤ កាលពីរសៀលថ្ងៃទី៣ ឧសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីអភិសេករូបសំណាកលោកតាកន្សែងបក់កន្សែងបោយ ដែលបានចាប់ផ្តើមកសាងតាំងពីថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០១១ និងបានបញ្ចប់កាលពីថ្ងៃទី៧ មេសា ឆ្នាំ២០១២ កន្លងមកនេះ ។ បុស្បុកតម្កល់រូបសំណាកមានទំហំទទឹង៤ម៉ែត្រកន្លះ បណ្តោយ៥ម៉ែត្រកន្លះ កម្ពស់៧ម៉ែត្រ ធ្វើពីបេតុងដំបូលប្រក់ហ្វីប្រូស៊ីម៉ងត៍ធ្វើឡើងតាមរចនាបថខ្មែរ នៅលើចង្កេះភ្នំដងរែក ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ។
វត្តមានចូលរួមក្នុងពិធីមានលោកយឹម ផាន់ណា អភិបាលស្រុកអន្លង់វែង លោកមេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថ ព្រមទាំងមន្ត្រីរាជការជុំវិញស្រុក និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
លោកឧត្តមសេនីយ៍ទោនួន នៅ មេបញ្ជាការរងយោធភូមិភាគទី៤ ប្រចាំទិសអន្លង់វែង និងត្រពាំងប្រាសាទ បានឱ្យកោះសន្តិភាពដឹងថា លោកតាកន្សែងបក់កន្សែងបោយនេះកាលពីសម័យព្រះបាទជ័យវរ្ម័នទី៧ គឺជាមេទ័ពដ៏អង់អាចក្លាហាន មានឫទ្ធីបារមីដឹកនាំកងទ័ពធ្វើសង្គ្រាមជាមួយសត្រូវសៀមឈ្លានពានការពារបូរណភាពទឹកដីកម្ពុជាកាលពីជំនាន់នោះ តែងបានទទួលជោគជ័យ។ ក្រោយមកកិត្តិនាមរបស់លោកតាកន្សែងបក់កន្សែងបោយត្រូវបានប្រជាពលរដ្ឋខ្មែរនៅតែមានជំនឿតៗគ្នាទៅលើឫទ្ធីបារមីរបស់លោកតា ដោយបានបួងសួងសុំសេចក្តីសុខសប្បាយនិងសុំជួយការពារទឹកដីមិនឱ្យសត្រូវឈ្លានពានបានឡើយ ។
លោកឧត្តមសេនីយ៍ទោនួន នៅ មានប្រសាសន៍បន្តទៀតថា ដោយសារតែពេលនេះសត្រូវពីអតីតកាលនៅតែកើតមាន ហើយឆន្ទះការពារទឹកដីនៅតែមាន ទើបលោកឧត្តមសេនីយ៍ឯកជា ម៉ន មេបញ្ជាការយោធភូមិភាគទី៤ បានផ្តួចផ្តើមរៀបចំកសាងឡើងនូវទីដាក់តម្កល់រូបសំណាកលោកតាកន្សែងបក់កន្សែងបោយ ស្ថិតនៅក្បែរព្រំដែនខ្មែរ-សៀម គឺនៅនឹងចង្កេះភ្នំដងរែកតែម្តង ដោយចំណាយថវិកាកសាងអស់ចំនួន១៨.០០០ដុល្លារអាមេរិក ។លោកឧកញ៉ាលឹម ហេង ក៏បានជួយឧបត្ថម្ភកសាងរូបដំរី១គូ ក្នុងតម្លៃ៨.០០០ដុល្លារអាមេរិក ហើយបានរៀបចំធ្វើពិធីអភិសេកបួងសួងដល់ឫទ្ធីបារមីលោកតាកន្សែងបក់កន្សែងបោយសុំមកសណ្ឋិតលើរូបសំណាកនេះ ដើម្បីជួយថែរក្សាកងទ័ពនិងប្រជាពលរដ្ឋខ្មែរជាកូនចៅឱ្យជួបតែសេចក្តីសុខសប្បាយ និងសុំឱ្យឫទ្ធីបារមីរបស់លោកតាជួយការពារទឹកដីកុំឱ្យសត្រូវឈ្លានពានបានឡើយ ៕











ចែករំលែកព័តមាននេះ