ខេត្តព្រៃវែង ៖ កាលពីរសៀលថ្ងៃទី២ ឧសភា ភ្នាក់ងារសារព័ត៌មានកោះសន្តិភាពបាននាំយកអំណោយចំនួន២០ម៉ឺនរៀល ជាថវិកាដ៏ថ្លៃថ្លារបស់លោកស្រីសេង គឹមសុង ទៅប្រគល់ជូននារីពិការដៃជើងឈ្មោះរ៉េត ស្រីរ័ត្ន រស់នៅភូមិជើងទឹក ឃុំរោងដំរី ស្រុកបាភ្នំ ដែលរស់នៅឯកោម្នាក់ឯងក្នុងខ្ទមអស់រយៈពេលច្រើនខែមកហើយ ។ បច្ចុប្បន្នជីវិតនារីពិការនោះរស់ពឹងផ្អែកលើអ្នកភូមិជិតខាងជួយផ្តល់អាហារឱ្យ ជួយមើលថែ ងូតទឹក និងបោកគក់សម្លៀកបំពាក់ឱ្យ។
ក្នុងពេលប្រគល់ថវិកា២០ម៉ឺនរៀលនោះមានការចូលរួមពីលោកឈូក ឃត់ ជាមេភូមិជើងទឹក អ្នកស្រីឈុំ ស្រី ជាសមាជិកភូមិ និងប្រជាពលរដ្ឋដែលរស់នៅក្បែរខាងជួយដឹងឮផងដែរ។
រ៉េត ស្រីរ័ត្ន បានថ្លែងអំណរគុណដល់លោកឧកញ៉ាថុង អ៊ុយប៉ាង និងសហការីដែលបានជួយចុះផ្សព្វផ្សាយអំពីជីវិតនារីពិការត្រូវឪពុកម្តាយបោះបង់ចោល ។ នាងបានជូនពរសុំឱ្យទេវតាឆ្នាំថ្មីជួយតាមថែរក្សាក្រុមគ្រួសារលោកឧកញ៉ា និងសហការីទាំងអស់ជួបតែសេចក្តីសុខចម្រើនគ្រប់ក្រុមគ្រួសារ។ ជាពិសេសនាងថ្លែងអំណរគុណចំពោះលោកស្រីសេង គឹមសុង ដែលបានផ្តល់ថវិកាដ៏ថ្លៃថ្លា ជូននាងជានារីពិការ ។ លោកស្រីមានចិត្តអាណិតអាសូរដល់រូបនាង ទោះជាពុំមែនជាសាច់ញាតិក្តី ដូច្នេះនាងជូនពរឱ្យលោកស្រីកាន់តែរីកចម្រើនក្នុងជីវភាព និងសូមទេវតាឆ្នាំថ្មីជួយតាមថែរក្សាលោកស្រីឱ្យបានសុខចំរើនជានិច្ច ។
ទន្ទឹមនេះរ៉េត ស្រីរ័ត្ន អំពាវនាវដល់ម្តាយ និងប្អូនស្រី វិលមករកនាងវិញ ព្រោះនាងនឹកអ្នកទាំងពីរណាស់ ហើយសង្ឃឹមថាអ្នកទាំងពីរនឹងវិលមកជួបជុំគ្នាវិញមិនខានឡើយ ។ នាងនិយាយថា «កុំទុកឱ្យស្រីរ័ត្ននៅម្នាក់ឯងអី ខ្ញុំខ្លាចណាស់» ៕


ចែករំលែកព័តមាននេះ