ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​គ្រូ​នាគ​មុនី​សត្ថា​សុខុមោ​ នី សុវណ្ណ​មុនីរ៉េត គង់​នៅ​វត្ត​នាគ​វ័ន​ រាជ​ធានី​ភ្នំពេញ​បាន​ប្រទាន​អំណោយ​ជា​មីចំនួន​50កេស​ដល់​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កណ្តាល

14 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ អំណោយសប្បុរសធម៌ជា មីចំនួន៥០កេស ត្រូវបានព្រះគ្រូ នាគមុនី​សត្ថា​សុខុមោ នី សុវណ្ណមុនីរ៉េត ទីប្រឹក្សា​ផ្ទាល់​សម្តេច​​ព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចសង្ឃនាយកនៃព្រះរាជាណាចក្រ​កម្ពុជាបានប្រគល់ជូន​សាខាកាក​បាទក្រហម​កម្ពុជា​ខេត្តកណ្តាល ដើម្បី​សាខាយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយ​គ្រោះមហន្តរាយខ្យល់ព្យុះសរុប៥៨​គ្រួសារ នៅ​ស្រុក​ចំនួន៣ ក្នុងនោះមាន ស្រុក​ពញា​ឮ មុខកំពូល និងស្រុកខ្សាច់កណ្តាល កាល​ពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១២ នៅ​កុដិ​លេខ២៤ វត្តនាគវ័ន រាជធានីភំ្នពេញ ។

ពិធី​នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី គង់ សារីយ៉ា នាយិកាសាខា ព្រមទាំងមានការ​និមន្ត និងអញ្ជើញ​ចូលរួម​ជាកិតិ្តយសព្រះ​សិរីមុនី ទេព កុសល គង់នៅកុដិលេខ១៧ វត្តនាគវ័ន មន្រ្តីក្រុមប្រតិបតិ្តសាខា និងពុទ្ធបរិស័ទចំណុះ ជើងវត្តមួយ​ចំនួន ។ព្រះគ្រូនាគមុនីសត្ថាសុខុមោ នី សុវណ្ណមុនី​រ៉េត មានសង្ឃដីកាសម្តែងនូវទឹកព្រះទ័យជ្រះថ្លា និងចូលរួម បានគាំទ្ររាល់​សកម្ម​ភាពរបស់កាក​បាទ​ក្រហមកម្ពុជា ក្រោមការដឹកនាំដ៏គតិ​បណិ្ឌត​របស់លោកជំទាវកិតិ្តព្រឹទ្ធបណិ្ឌត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន ។ ព្រះអង្គបន្តទៀតថាអំណោយ​ដែលព្រះអង្គបានប្រគល់ជូនសាខាខេត្ត​នៅក្នុងឱកាសនេះ​គឺបានមកពីការបិណ្ឌ​បាត្រ​របស់ព្រះ អង្គចំពោះសប្បុរសជនមួយចំនួននៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ ។

លោកស្រី គង់ សារីយ៉ា ជំនួសមុខឲ្យថ្នាក់​ដឹកនាំគណៈកម្មាធិការសាខា មានមតិសំណេះ​សំណាលដោយនាំមកនូវការផ្តាំផ្ញើសាក​សួរ​សុខ​ទុក្ខពីលោកជំទាវកិតិ្តព្រឹទ្ធបណិ្ឌត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេន និងជូនចំពោះព្រះសង្ឃ ព្រមទាំងពុទ្ធបរិ​ស័ទចំណុះជើងវត្តទាំងអស់ ដែលមានវត្តមាន​នៅទីនេះដោយកី្តនឹករឭក ។ ក្នុងនាមគណៈកម្មា​ធិការសាខា​លោក​ស្រីបានថ្លែងអំណរព្រះគុណ ចំពោះទឹកព្រះទ័យដ៏សប្បុរសធម៌របស់ព្រះអង្គ ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ន ព្រះអង្គគឺ​ជាដៃគូ ដ៏សំខាន់មិនអាចកាត់ថ្លៃបាន ដោយបានបរិច្ចាគ​នូវអំណោយដ៏សប្បុរសថ្លៃថ្លាជាបន្តបន្ទាប់មក​ដល់សាខាកាក​បាទ​ក្រហម​កម្ពុជា​ខេត្ត ហើយ​ជំនួយដែលព្រះអង្គបានផ្តល់ជូនសាខានៅពេល នេះ គឺចំពេលដែលសាខាកំពុងត្រូវការជាចាំបាច់  ដើម្បីនាំយកម្ភារ​ទាំងនេះទៅជួយសង្គ្រោះដល់ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់ព្យុះចំនួន៥៨ គ្រួសារនៅស្រុកចំនួន៣ ក្នុងនោះស្រុកពញាឮ ២៥គ្រួសារ, មុខកំពូល១៧គ្រួសារ និងស្រុក​ខ្សាច់កណ្តាលចំនួន១៦គ្រួសារ ។

សកម្មភាព​នេះជាការបង្ហាញឲ្យឃើញអំពីចំណងផ្សារភ្ជាប់ មិនអាចកាត់ថ្លៃបានរវាងព្រះពុទ្ធសាសនាជា​មួយ​នឹងសង្គម ហើយក៏ជា​សិល្បៈនៃការចែករំលែក ដ៏ល្អក្នុងការជួយគ្នាទៅវិញទៅមករបស់ខ្មែរ យើង ។ លោកស្រីក៏បានសន្យាថា នឹងនាំយក​អំណោយ​ទាំង​នេះទៅជួយដល់ដៃប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះឲ្យស្របតាមគោលការណ៍ គ្រឹះទាំង៧របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទ ក្រហម ៕