រាជធានីភ្នំពេញ ៖ អំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងបច័្ចយត្រូវបានព្រះសង្ឃ គណៈកម្មការវត្ត តាជីយាយជីចំណុះជើងវត្តវា៉រិន ហៅវត្តព្រែកលៀប ធ្វើពិធីប្រគល់ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ឫស្សីកែវ កាលពីព្រឹកថ្ងៃទី២៩ មេសា ដោយមានការអញ្ជើញចូលរួមទទួលអំណោយពីសំណាក់លោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សី កែវ និងលោកស្រី ច័ន្ទ ស៊ុនណារី ជាអនុប្រធាន និងសមាជិក-សមាជិកា ដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះផ្សេងៗទៀត ។
អំណោយដែលត្រូវប្រគល់ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សី កែវ នៅក្នុងឱកាសនោះរួមមាន អង្ករ៥បាវ, ចានដែកជ័រ២០, ចានដែក២០, ចានស្រាក់១០០, បំពង់ទឹកក្តៅ១០, ធុងទឹកកក៥, ទឹកត្រី១០យួរ, ខ្ទះ២០, កែវ២០, បាឡុង៥, មីម៉ាម៉ា៣០កេស, ទឹកក្រូច៥កេស, ស្ករ.ស២០កញ្ចប់, ទឹកដោះគោ២០កំប៉ុង និងថវិកា១លានរៀល ។ អំណោយទាំងអស់សរុបជាទឹកប្រាក់ចំនួន ៧.៨២៥.០០០រៀល ។
ព្រះតេជគុណសច្ចសីលោ សុខ សុភាព ចៅអធិការវត្តវ៉ារិន ហៅវត្តព្រែកលៀប និងជាអនុប្រធានសាខាសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនា កម្ពុជា បានមានថេរដីកាឱ្យដឹងថា អំណោយទាំងអស់នេះមិនច្រើននោះទេ តែវាជាទឹកព្រះទ័យរបស់ព្រះសង្ឃក្នុងវត្តវ៉ារិនទាំងអស់ដែលបាន ចូលរួមក្នុងនាមមនុស្សធម៌ ។ អំណោយទំាងនេះបានមកពីពុទ្ធបរិស័ទចំណុះជើងវត្តដែលបានប្រគេន ព្រះសង្ឃហើយព្រះសង្ឃបានចែករំលែកនូវទេយ្យទានទាំងនេះជូនដល់ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដើម្បីយកទៅចែកជូនដល់ជនរងគ្រោះនិងអ្នកទីទ័លក្របន្តទៀត ។
ព្រះចៅអធិការបានមានថេរដីកាឱ្យដឹងទៀតថា កាកបាទក្រហមកម្ពុជា ដែលមានលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរងគ្រោះក្រីក្រ នៅទូទាំងប្រទេស ហើយអំណោយនេះមិនធំដុំទេ តែជាការចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ក្នុងសកម្មភាពមនុស្សធម៌ ។
លោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ព្រះចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការវត្ត តាជី យាយជី ដែលបានចូលរួមជាមួយកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ។ នេះជាទឹកចិត្តដ៏វិសេសវិសាល បំផុតមិនអាចកាត់ថ្លៃបាន លោកនឹងយកអំណោយទាំងនេះទៅចែកជូនដល់ដៃជនរងគ្រោះផ្សេងៗ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតឱ្យចំគោលដៅតែម្តង ៕



ចែករំលែកព័តមាននេះ