ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​​អេស៊ី​លីដា​សាខា​ខេត្ត​ឧត្ត​រមានជ័យ​​ សម្ពោធ​​​បើក​​ឱ្យ​​ដំណើរ​​ការ​​

14 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មានជ័យ​​​​​​​​ ៖ អគារ​ការិ​​យាល័យ​ថ្មី​​របស់​ធនាគារ​​អេស៊ី​លីដា ភីអិល​​​ស៊ី​​​ សាខា​​ខេត្ត​ឧត្ត​រ​មានជ័យ​ ដែលទើប​​នឹង​កសាង​​​ហើយ​នោះ​​ត្រូវ​​បាន​​រៀប​​ចំ​​​​ពិធី​​សម្ពោធ​​បើក​​ឱ្យ​ដំណើរ​​ការ​ជាផ្លូវ​​ការ​ កាល​ពី​​ថ្ងៃទី​​​២៧ មេសា កន្លង​មក​នេះ ក្រោម​អធិប​តី​ភាព លោក​លួន អាន អភិ​បាល​រង​​ខេត្ត​​​​​ និង​លោក​​អ៊ិន ចាន់​នី​​ ប្រធាន​​​នាយក​ប្រតិ​បត្តិ​​ ធនាគារ​​អេស៊ី​លី​ដា ភីអិល​ស៊ី ។

លោក​​សូយ ដារិទ្ធ​ នាយក​ធនាគារ​​អេស៊ី​លី​ដា​ ភី​អិល​​​ស៊ី​ សាខា​​ខេត្ត​ឧត្តរ​មានជ័យ​ បាន​ថ្លែង​ថា ធនាគារ​អេស៊ី​​លី​ដា ភី​អិល​ស៊ី​​​ សាខាខេត្ត​​ឧត្ត​រ​មានជ័យ​​ បាន​បង្កើត​ឡើង​​​នៅ​ថ្ងៃទី​​​១ ខែ​មេសា ឆ្នាំ​​២០០៤ ក្នុង​​លក្ខណៈ​​ជា​ការិយាល័យ​​ស្រុក​​​ តែ​​ដោយ​សារ​​ឧត្តម​ភាព​​ទីផ្សារល្អ​​ ក៏បាន​កម្លាយ​ខ្លួន​​ទៅ​ជា​សាខា​​ពេញ​លេញ នៅថ្ងៃទី​​​១ ខែ​​មករា ឆ្នាំ​​២០០៧ ។ បច្ចុប្បន្ន​​នេះ​ ធនាគារ​​អេស៊ី​លីដា ភី​អិល​ស៊ី សាខា​ខេត្ត​​ឧត្ត​រមានជ័យ​​ មាន​បណ្តាញ​​ប្រតិ​បត្តិ​​ការ​​​ចំនួន​​​​៥ គឺ​​១- ការិយាល័យ​​សាខា​​ខេត្ត​ឧត្ត​រ​មានជ័យ ២- ការិយាល័យ​​ស្រុក​អន្លង់វែង​ ៣- ការិយាល័យ​​ប៉ុស្តិ៍​សេវា​​កម្ម​ឃុំ​​គោក​មន​  ស្រុក​​បន្ទាយ​អំពិល ៤- ការិយាល័យ​​ប៉ុស្តិ៍​​សេវាកម្ម​​​សង្កាត់​អូរ​ស្មាច់​​ ក្រុង​​សំរោង និង​​៥- ការិ​យា​ល័យ​​ប៉ុស្តិ៍​​សេវាកម្ម​​ស្រុក​ត្រពាំង​ប្រាសាទ ។ ដោយគិត​​ត្រឹម​​ថ្ងៃទី​​៣១ ខែមីនា ឆ្នាំ​​២០១២ ធនាគារ​​អេស៊ី​លីដា ភី​អិល​ស៊ី​​ សាខាខេត្ត​ឧត្តរ​​មានជ័យ មាន​​​ ៖
– បុគ្គលិក​​ចំនួន​​៩៩​នាក់​ កំពុង​​បម្រើ​ការងារ​​ដែលក្នុង​នោះ​​មាន​​នារី​​​២២នាក់ ស្មើ​នឹង​​​២២ ភាគរយ
– ទ្រព្យ​សកម្ម​​សរុប​​របស់​ធនាគារ​​មានចំនួន​​​១១,៧​លាន​ដុល្លារ​​សហរដ្ឋ​អាមេរិក
– សមតុល្យ​ឥណទាន​​មាន​ចំនួន​​​៩,២​លាន​ដុល្លារ​​សហរដ្ឋ​អាមេរិក ដែល​មាន​​អតិថិជន​​​​៤.៤៣៧​​នាក់
– សមតុល្យ​​​ប្រាក់​បញ្ញើ​​​សន្សំ​​មានចំនួន​​​៧,៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ដែលមាន​អតិថិជន​​​ចំនួន​​​១១.០៨៧​នាក់ បាន​និ​​ង​​កំពុង​​ដាក់​ប្រាក់​បញ្ញើស​ន្សំ​​ជាមួយ​ធនាគារ​​​ និង​អតិថិជន​​​ជាច្រើន​​ទៀត​​បាន​និ​​ង​កំពុង​ប្រើប្រាស់​​​សេវា​កម្ម​​ផ្សេងៗ​​​ទៀត​រួម​ទាំង​សេវា អេស៊ី​លីដា​​យូ​នីធី​​ ផង​ដែរ ។
– យើ​ង​មាន​​ម៉ាស៊ីន​​ដកប្រាក់​​​​ស្វ័យ​ប្រវត្តិ​​ អេធីអឹម ចំនួន​​​២គ្រឿង​​ ១គ្រឿង​​​នៅ​សាខា​​ខេត្ត​ឧត្តរ​មានជ័យ​​ និង​​១គ្រឿង​ទៀត​​​នៅ​ការិយា ល័យ​​​​​ស្រុក​អន្លង​់​វែង សម្រាប់​​បម្រើ​​សេវា​ដក​ប្រាក់​​ជូន​​​ដល់​អតិថិជន​​​២៤ម៉ោងក្នុង​១ថ្ងៃ​ ៧ថ្ងៃ​ក្នុង​​១សប្តាហ៍​​ តាម​រយៈ​​ប័ណ្ណ​​អេស៊ី​លីដា ប័ណ្ណ​​​វីសា អេស៊ី​លីដា និង​ប័ណ្ណ​​វីសា​​ធនាគារ​ផ្សេង ទៀត​​​នៅ​ទូ​ទាំង​​ពិភពលោក ។
លោក​​បាន​ថ្លែង​បន្ត​ថា​ ពេលនេះ​ ​ធនាគារ​អេស៊ី​លីដា ភី​អិល​ស៊ី​ សាខា​ខេត្ត​ឧត្តរ​មានជ័យ​ បានប្តូរទី​តាំង​​មក​អគារ​​​ការិយាល័យ​​ថ្មី​​ដែលបាន​សាង​​សង់​ឡើង​​តាម​ស្តង់ដា​​​ធនាគារ​​​ពាណិជ្ជ​​​ ។ អគារ​​នេះ​មាន​កម្ពស់​​៣ជាន់ និង​មាន​​ផ្ទៃ​ក្រឡា​​សម្រាប់​​​បំពេញ​ការងារ​​​ទំហំ​​​១.៦៤៨ម៉ែត្រការ៉េ ដែល​ក្នុងនោះ​មាន​​​សាល​​ដ៏​ធំ​​មួយ​​សម្រាប់​ទទួល​​អតិថិជន​​​ទូទៅ​​ទំហំ​ជាង​​​១៧៤ម៉ែត្រ​​​ការ៉េ​។ អគារនេះ​​អាច​ផ្ទុក​​​
បុគ្គលិក​​​​​បម្រើ​ការ​​ងារ​​បាន​រហូត​ដល់​​ជាង​​១២០​នាក់ និងមាន​​​​ចំណត​រថយន្ត​​ធំ​​​ទូលាយ​​សម្រាប់អតិ​ថិ​ជន​​​ និង​បុគ្គលិក​ ។ អគារនេះ​​​ គឺសាង​សង់​​តាម​បទដ្ឋាន​​​របស់ធនាគារ​​​អេស៊ី​លីដា ដោយ​​យក​ចិត្ត​ទុក​ដាក់​​ខ្លាំង​​លើការ​​រក្សា​​​សន្តិ​សុខ​ ការការ​​​​ពា​រអគ្គិភ័យ ការ​បម្រុ​​ង​ថាម​ពល​​ ផាសុក​​ភាព​ និង​សុវត្ថិភាព​​ការ​ងារ ។

លោក​អ៊ិន ចាន់​នី ប្រធាន​​នាយក​​ប្រ​តិ​បត្តិ​​​ធនាគារ​​អេស៊ី​លីដា​ ភី​អិល​ស៊ី បាន​ថ្លែង​ថា ធនាគារ​អេ​ស៊ី​លីដា បានបង្កើត​​ឱ្យ​មាន​​អារ្យ​ភាព​​ទាន់​សម័យ​​ជា​និរន្តរ៍​​សម្រាប់​​សេវាកម្ម​​ហិរញ្ញ​វត្ថុ​​បែបនេះ អស់​រយៈ​ពេល​​២០ឆ្នាំមកហើយ​ ដើម្បី​បម្រើ​​សេវា​កម្ម​​​ហិរញ្ញ​​វត្ថុ​​ជូន​ដល់​អតិថិជន ទាំង​វិស័យ​ឯក​ជន និង​វិស័យ​សាធារណៈ​ តាម​រយៈ​សាខា​ និង​ការិ​យាល័យ​​ទាំង​​​២៥៩​​​ទូ​ទាំង​​ព្រះ​រាជា​​​ណាចក្រ​កម្ពុជា និង​ប្រទេស​​ឡាវ ។ បច្ចុ​ប្ប​ន្ន​​​ធនាគារ​​​អេស៊ី​លីដា មានអគារ​​​ការិយាល័យ​​ស្តង់​ដា​​បែបនេះ​​ចំនួន​​១០២កន្លែង​​ និង​កំពុង​សាងសង់​​​បន្ថែម​​​ជាបន្ត​បន្ទាប់​ ដើម្បី​​ទទួល​បម្រើ​​អតិថិជន​ និង​បង្ក​​ឱ្យ​មាន​ភាព​ងាយស្រួល​ដល់​អតិថិជន​ ក្នុង​ការ​​​ទាក់​ទង​​​សម្រាប់​ប្រើ​ប្រាស់​​​សេវា​ហិរញ្ញវត្ថុ​​​ របស់​​ធនាគារ​​​អេស៊ី​លីដា ជាពិសេស​​​ដើម្បី​​​ការពារ​សុវត្ថិ​ភាព​​​ទ្រព្យ​សម្បត្តិ​​របស់​អតិថិជន​​​ដែល​បាន​​​និងកំពុង​​​ប្រើ​ប្រាស់​​​សេវា​ធនាគារ​​​អេស៊ី​លីដា ព្រម​ទាំង​​​ផ្តល់​នូវ​​ផាសុក​​ភាព​​​ និង​សុវ​ត្ថិ​ភាព​​ការ​ងារ​​ដល់​បុគ្គលិក​ ដែល​បាន​​​និង​កំពុង​​​បម្រើ​ការងារ​​​ជាមួយ​​ធនាគារ​​អេស៊ី​លីដា ។

លោក​បន្ត​ថា លើស​ពី​នេះ​ទៅ​ទៀត​ ធនាគារ​អេស៊ីលីដា បាន​បង្កើត​​​ក្រុម​ហ៊ុន​​បុត្រ​សម្ព័ន្ធ​​មួយ​ចំនួន​​ដូច​ជា អេស៊ី​លីដា ស៊ី​ឃ្យូរ​ីធី​ ភីអិល​​ស៊ី និង​ភ្នាក់​ងារ​​​ចំនួន​​៤ទៀត​ដូចជា ភ្នាក់​ងារ​បញ្ជិ​​កាមូល​​បត្រ​, ភ្នាក់​ងារ​​ទូទាត់, ភ្នាក់​ងារ​​ចុះ​បញ្ជីផ្ទេ​​រមូល​បត្រ​ និង​​ភ្នាក់​ងារ​​ទូទាត់​​សាច់​​ប្រាក់​​ពាក់​ព័ន្ធ​​​នឹង​​មូល​បត្រ​ ដើម្បី​​ធ្វើជាកម្លាំង​​​ចលករ​​សម្រាប់​ទ្រទ្រង់​​ការ​អភិវឌ្ឍ​​វិស័យ​មូល​បត្រ​ និង​​ជំរុញ​​ឱ្យ​មាន​​កំណើន​​​សេដ្ឋកិច្ច ។ ទន្ទឹម​នឹង​នេះ​​​ដែរ ធនាគារ​​​អេស៊ី​លី​ដា ក៏បាន​​បង្កើត​ឱ្យ​មាន​​អេស៊ី​លីដា ត្រេននីង​​​ សេនធ័រ​ ដើម្បី​​អភិវឌ្ឍ​​ធន​​ធាន​មនុស្ស និង​ចូល​រួម​​ចែក​រំលែក​បទ​ពិសោធន៍​​ និង​ភាព​ជោគ​ជ័យលើ​វិស័យមីក្រូ​​​ហិរញ្ញវត្ថុ​​​ដល់​ប្រតិ​​បត្តិករ​​​​ និង​ស្ថាប័ន​​មី​ក្រូ​​ហិរញ្ញវត្ថុ​ ទាំងក្នុង​​តំបន់​​និងក្រៅ​តំបន់ ។ ជាមួយគ្នា​នេះ​ ធនាគារ​​អេស៊ីលីដា​ បានបង្កើត​​​ធនាគារ​​​បុត្រ​សម្ព័ន្ធ​​នៅក្រៅ​ប្រទេស​​គឺ ធនាគា​រ​អេស៊ីលីដា ឡាវ លីមីត​ធីត ហើយ​បន្ត​​​ពង្រីក​​​វិសាល​ភាព​​​ប្រតិ​បត្តិ​​ការ​ទៅ​​ប្រទេស​​​ក្នុង​​តំបន់​អាស៊ាន និង​បណ្តា​ប្រទេស​​​នៅ​តាម​​​ដង​ទន្លេ​​មេគង្គដទៃ​ទៀត បន្ទាប់​​ពីទទួល​​បាន​ជោគ​ជ័យ​​នៅក្នុង​​ប្រទេស​​ឡាវ និង​ភូមា​​ ។

លោក​លួន​ អាន អភិបាល​​រង​ខេត្ត​​ឧត្តរ​មានជ័យ​​បាន​ថ្លែង​ថា  អគារ​​ការិយាល័យ​ថ្មី​ធនាគារ​​អេស៊ីលីដា ភីអិល​ស៊ី​​​ សាខាខេត្ត​ឧត្តរ​មាន​ជ័យ​​ ត្រូវ​បាន​​រៀប​ចំ​​ឡើង​​ស្របពេល​​ដែល​សេដ្ឋ​កិច្ច​​នៃព្រះ​រាជាណាចក្រ​​កម្ពុជា ជាពិសេស​​​ខេត្ត​ឧត្ត​រ​មានជ័យ​ កំពុង​មាន​​ការ​រី​ក​ចម្រើន​​ មាន​ស្ថិរភាព​​ និង​មាន​​កំណើន​​លើស​ពី​​ការ​រំពឹង​ទុក ក្នុង​រយៈ​ពេលប៉ុន្មាន​​ឆ្នាំ​ចុង​​ក្រោយ​​នេះ ។ ការ​វិវឌ្ឍ​​​របស់​ធនាគារ​​អេស៊ីលី​ដា សាខា​ខេត្ត​ឧត្ត​រ​មានជ័យ​​ ជាសក្ខី​​កម្ម​ដែល​​បញ្ជាក់​​ពីការ​រីក​ចម្រើន​​ ភាព​រឹង​​​មាំ និង​ថែម​ទាំង​​​បាន​បង្ហាញ​​​ពី​ការ​ចូល​រួម​​ចំណែក​​ក្នុង​កា​រអភិវឌ្ឍ​​​សេដ្ឋ​កិច្ច​​ក្នុង​ព្រះ​រាជាណាចក្រ​​កម្ពុជា ជាពិសេស​​នៅក្នុង​ខេត្ត​​ឧត្តរ​​មាន​ជ័យ ។ ធនាគារ​អេស៊ី​លីដា​​ ភីអិល​ស៊ី​​ សាខា​​ខេត្ត​ឧត្តរ​មានជ័យ​​ បាន​ចាប់​ផ្តើម​​ប្រិត​បត្តិ​ការ​​របស់​ខ្លួន​​តាំង​ពីឆ្នាំ​​២០០៤​​ ក្រោម​រូប​ភាព​​ជា​ការិយា​ល័យស្រុក​​ ដែល​ធ្វើ​ប្រតិ​បត្តិ​​ការ​ពុំ​ទាន់​មាន​​លក្ខណៈ​​ទូលំ​ទូលាយ​​នៅ​ឡើងយ​​ និង​​ជា​​បន្ត​​នៅ​ដើម​ឆ្នាំ​​២០០៧ ធនាគារ​​អេស៊ី​លីដា​ ភីអិល​ស៊ី​​ សាខា​​ខេត្ត​ឧត្ត​រ​មានជ័យ​​ កម្លាយ​ខ្លួន​​ជា​ការិយា​ល័យ​​សាខា ហើយ​ធ្វើ​​ប្រតិបត្តិ​ការ​​ពេញលេញ​​ និង​ទូលំ​ទូលាយ​​លើ​​សេវា​ហិរញ្ញ​វត្ថុ​​ទូ​ទាំង​ស្រុក​​ចំនួន​​៣​​របស់​ខេត្ត​​ឧត្តរ​មានជ័យ ។ ក្រៅ​​ពីសេវាកម្ម​​លើ​វិស័យ​​ធនាគារ​​ ក្នុង​រយៈពេល​កន្លង​មក​នេះ ធនាគារ​​អេស៊ីលីដា ភី​អិល​ស៊ី​​​​​ សាខា​ខេត្ត​​ឧត្ត​រ​មានជ័យ​ បាន​ខិត​ខំ​​​ចូល​រួម​ចំណែក​​ក្នុង​សកម្ម​ភាព​​សង្គម​ និងលើក​កម្ពស់​​​វិស័យ​​សិល្បៈ និង​​​​កីឡា​​ផង​ដែរ ។

លោក​លួន អាន បញ្ជាក់ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​​នេះ ស្ថាន​ភាព​​​អភិវឌ្ឍ​​ខេត្ត​ឧត្ត​រមានជ័យ​​ មានភាព​ល្អប្រសើ​​​រួម​ទាំង​​​សកម្មភាព​​​វិនិយោគ​ ហេដ្ឋា​​រចនាសម្ព័ន្ធ​​ កម្រិត​​ជីវភាព​​​របស់​ប្រជា​ពលរដ្ឋ​​ និង​ស្ថិរភាព​​​សង្គម ៕