អាជ្ញាធរប៉ាគីស្ថានបានរកឃើញកាលពីថ្ងៃទី២៩ មេសានូវសាកសពកំបុតក្បាលរបស់គ្រូពេទ្យអង់គ្លេសម្នាក់ដែលធ្វើការឱ្យកាកបាទក្រហមអន្តរជាតិដែលត្រូវគេចាប់ពង្រត់កាលពីខែមករានៅទីក្រុងកេតតាភាគនិរតីប្រទេស ។
លោកវេជ្ជបណ្ឌិត KHALIL RASJED DALE អាយុ៦០ឆ្នាំ ត្រូវចាប់ពង្រត់កាលពីថ្ងៃទី៥មករា ដោយពួកជ្រុលនិយមខណៈពេលលោកវិលមកកាន់គេហដ្ឋានវិញក្រោយបំពេញការងារ។ ដងខ្លួនរបស់លោកនិងក្បាលរបស់លោកត្រូវបានរកឃើញច្រកក្នុងថង់ប្លាស្ទីកមួយនៅចិញ្ចើមថ្នល់ ។ ថង់ប្លាស្ទីកពណ៌សមានសរសេរឈ្មោះរបស់លោកជាអក្សរពណ៌ខ្មៅ ។
យោងតាមអ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់របស់ប៉ូលិសប៉ាគីស្ថានថាពួកតាលីបង់ប៉ាគីស្ថានបានប្រកាសទទួលខុសត្រូវចំពោះអំពើនេះដោយលើកឡើងថា ព្រោះតែគេមិនបង់ប្រាក់លោះ ។ លោកវេជ្ជបណ្ឌិត SAFAR HUSSAIN ដែលពិនិត្យសាកសពវេជ្ជបណ្ឌិតអង់គ្លេសរូបនោះនិយាយថា គេបានប្រើកាំបិតមួយដើម្បីកាត់ក្បាលគាត់ ។
អគ្គនាយកកាកបាទក្រហមអន្តរជាតិ CICAR លោកYVES DACCORD ក្នុងសេចក្តីប្រកាសមួយថ្លែងថា CICR ថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតចំពោះអំពើដ៏សាហាវព្រៃផ្សៃ នេះ ។ ចំណែករដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកវីលៀមហាកក៏បានសំដែងការក្តៅក្រហាយរបស់លោកដែរ ។ លោកមានប្រសាសន៍ថាការវាយប្រហារលើជនណាម្នាក់ ដែលមានតួនាទីជួយប្រជាជនប៉ាគីស្ថានវាជារឿងហួសចិត្តនិងសាហាវយង់ឃ្នងណាស់ ។
ក្រសួងការបរទេសប៉ាគីស្ថានសន្យាតាមប្រមាញ់ពួកអ្នកទទួលខុសត្រូវលើការធ្វើឃាតនេះ ។ ក្រសួងនោះនិយាយថា ប៉ាគីស្ថានសន្យាប្រយុទ្ធប្រឆាំងភេរវកម្ម ហើយការសម្លាប់លោក DALE គ្រាន់តែពង្រឹងការបេ្តជ្ញាចិត្តរបស់យើងលុបចោលអំពើភេរវកម្មនេះប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ