ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​​ប្រឆាំង​ពួក​គ្រឹស្ត​នៅ​នី​ហ្សេរី​យ៉ា​ស្លាប់​15នាក់​

14 ឆ្នាំ មុន

សាក្សី​ និង​ប្រភព​ព័ត៌​មាន​សន្តិ​សុខ​រាយ​ការណ៍​ថា ពួក​ជន​ប្រដាប់​អាវុធ​បាន​វាយ​ប្រហារ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ មេសា លើ​កន្លែង​ប្រជុំ​មួយ​របស់​សហ​គមន៍​គ្រឹស្ត​នៅ​ក្រុង​កា​ណូ​ ភាគ​ខាង​ជើង​នី​ហ្សេរី​យ៉ា​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​១៥​នាក់​ ហើយ​ជា​ច្រើន​នាក់​ទៀត​ត្រូវ​របួស។

សាក្សី​និយាយ​ថា បាន​ឃើញ​គេ​ទាញ​សាក​សព​មនុស្ស​ប្រមាណ​ជា​១៥​នាក់​ចេញ​ពី​អគារ ។ ការ​ផ្ទុះ​នានា​ និង​ការ​បាញ់​ប្រហារ​បាន​កើត​មាន​ក្នុង​សាល​ប្រជុំ​ធំ​នៃ​សាកល​វិទ្យា​ល័យ​ដែល​ប្រើ​ប្រាស់​ដោយ​ពួក​គ្រឹស្ត​សម្រាប់​ជា​កន្លែង​ជួប​ជុំ​គ្នា។ ពួក​អ្នក​វាយ​ប្រហារ​ប្រដាប់​ដោយ​កាំ​ភ្លើង​ និង​គ្រឿង​ផ្ទុះ​បាន​លុក​ចូល​ខាង​ក្នុង ហើយ​វាយ​ប្រហារ​លើ​ពួក​គ្រឹស្ត​ ។ កង​ទ័ព​និយាយ​ថា បាន​វាយ​រុញ​ច្រាន​​ការ​វាយ​លុក​នេះ ហើយ​ឡោម​ព័ទ្ធ​តំបន់​នោះ ។ ការ​វាយ​ប្រហារ​មាន​រយៈ​ពេល​៣០​នាទី​ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​លោក FEDERICO LOMBARDI អ្នក​នាំ​ពាក្យ​របស់​បុរី​វ៉ា​ទី​កង់​និយាយ​ថា ការ​វាយ​ប្រហារ​ភេរវកម្ម​​ថ្មីៗ​នៅ​នី​ហ្សេរី​យ៉ា​ក្នុង​ឱកាស​នៃ​ពិធី​ទាំង​ឡាយ​របស់​ពួក​គ្រឹស្ត​គឺ​ជា​អំពើ​ដ៏​សែន​ទារុណ​និង​គួរ​ឱ្យ​ស្អប់​ខ្ពើម​ដែល​ត្រូវ​ថ្កោល​ទោស​យ៉ាង​មឺុង​ម៉ាត់​បំផុត ។ពួក​សកម្ម​ប្រយុទ្ធ​នៃ​ក្រុម​អ៊ិស្លាម​បូកូ ហារ៉ាម ដែល​ចង់​បង្កើត​ច្បាប់​អ៊ិស្លាម​នៅ​ភាគ​ខាង​ជើង​នី​ហ្សេរី​យ៉ា​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​រយ​នាក់​តាំង​ពី​ដើម​ឆ្នាំ​នេះ​មក​ ៕