រាជធានីភ្នំពេញ ៖ នៅសាលសន្និសីទនៃវិទ្យាស្ថានប៊ែលធីអន្តរជាតិសាខាទី៩(ស្ទឹងមានជ័យ) នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២ មានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MOU) រវាងប៊ែលធីគ្រុបជាមួយនឹងអង្គការសម្ព័ន្ធយុវជនអន្តរជាតិក្រោមអធិបតីភាពលោកស៊ាន បូរ៉ាត ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។
នាឱកាសនោះលោកលី ឆេង អគ្គនាយក ប៊ែលធីគ្រុប បានធ្វើរបាយការណ៍ថា កន្លងមក វិទ្យាស្ថានបានចុះអនុស្សរណៈយោគយល់ជាមួយនឹងសាកលវិទ្យាល័យធំៗ៥រួចហើយ ដូចជា សាកលវិទ្យាល័យ Regent’s College London សាកលវិទ្យាល័យ Your Saint Jonh និងមហា វិទ្យាល័យ Cambridge College នៃចក្រភព អង់គ្លេស ព្រមទាំងសាកលវិទ្យាល័យKUALA LUMPUR និងសាកលវិទ្យាល័យ TAYLOR នៃប្រទេសម៉ាឡេស៊ី ។ ថ្ងៃនេះវិទ្យាស្ថានក៏បានចុះអនុស្សរណៈយោគយល់បន្ថែមមួយទៀត ជាមួយនឹងអង្គការសម្ព័ន្ធយុវជនអន្តរជាតិ ក្នុងគោលបំណងអប់រំបណ្តុះបណ្តាលយុវជនឱ្យមានស្មារតីស្ម័គ្រចិត្ត មានភាពជាអ្នកដឹកនាំនិងជួយអ្នកដទៃដើម្បីឱ្យក្លាយទៅជាអ្នកដឹកនាំជំនាន់ក្រោយយ៉ាងល្អប្រសើរ ។ ដោះស្រាយបញ្ហាយុវជនដែលកំពុងបង្កបញ្ហាដល់សង្គម គ្រួសារ និងអនាគតរបស់គេផ្ទាល់ ។ បណ្តុះស្មារតីចិត្តគំនិតរបស់យុវជនឱ្យប្រព្រឹត្តល្អ មានសីលធម៌ និងមានសេចក្តីសង្ឃឹម ។ ធ្វើឱ្យយុវជនលើពិភពលោកមានឆន្ទះធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ។ លើកកម្ពស់សុខុមាលភាពសង្គម និងផលប្រយោជន៍សាធារណៈ។ ជ្រើសរើសនិងបញ្ជូនសិស្ស-និស្សិតរបស់ប៊ែលធីគ្រុបដើម្បីបានចូលរួមក្នុងកម្មវិធីរបស់អង្គការសម្ព័ន្ធយុវជនអន្តរជាតិដូចជា ការបោះជំរំអន្តរជាតិ និងការបោះជំរំពិភពលោកនៅតាមបណ្តាប្រទេសនានានៅលើពិភពលោក ។
លោក ហា ឈើល ប្រធានអង្គការសម្ព័ន្ធយុវជនអន្តរជាតិប្រចាំនៅកម្ពុជា បានសម្តែងនូវក្តីសប្បាយរីករាយដោយប៊ែលធីគ្រុបបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈជាមួយនឹងអង្គការសម្ព័ន្ធយុវជនអន្តរជាតិ ។ លោកសង្ឃឹមជឿជាក់ថា ឆ្លងតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនេះនឹងបង្កើតបាននូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអង្គការសម្ព័ន្ធយុវជនអន្តរជាតិ និងប៊ែលធីគ្រុប ដើម្បីទទួលបានលទ្ធផលកម្រិតអតិបរមាក្នុងការអភិវឌ្ឍនិស្សិតរបស់ប៊ែលធីតាមរយៈកម្មវិធីជាច្រើនរបស់អង្គការប្រកបដោយជោគជ័យ ។
ក្នុងឱកាសនោះដែរ លោកស៊ាន បូរ៉ាត ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០០៤ អង្គការសម្ព័ន្ធយុវជនអន្តរជាតិបានចុះអនុស្សរណៈយោគយល់ជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ហើយក្នុងឆ្នាំ២០១០ អង្គការនេះបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងកម្មវិធីអ្នកស័្មគ្រចិត្ត ។ ចំណែកនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២នេះ អង្គការសម្ព័ន្ធយុវជនអន្តរជាតិដោយមានលោកបណ្ឌិត អ៊ុកស៊ូ ប៉ាក់ ក៏បានចុះអនុស្សរណៈជាមួយប៊ែលធីគ្រុប ។ លោកមានប្រសាសន៍បន្ថែមថា គោលបំណងសំខាន់នៃការចុះអនុស្សរណៈរវាងអង្គការសម្ព័ន្ធយុវជនអន្តរជាតិជាមួយប៊ែលធីគ្រុបនាឱកាសនេះ គឺជាការជំរុញឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការបណ្តុះបណ្តាលយុវជនឲ្យមានស្មារតីស័្មគ្រចិត្ត ស្មារតីទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំសម្រាប់អនាគត ។
ការលើកកម្ពស់ស្ថានភាពយុវជន គឺជាការដោះស្រាយបញ្ហារបស់យុវជន ដើម្បីឲ្យពួកគេប្រព្រឹត្តនូវអំពើល្អមានសីលធម៌ល្អ និងមានសេចក្តីសង្ឃឹមក្នុងជីវិត ពោលគឺធ្វើឲ្យពួកគេក្លាយខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ដើម្បីរួមចំណែកបន្តក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមគោលមាគ៌ានយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិតិ្តព្រឹទ្ធបណ្ឌិត ។
បន្ទាប់មកលោកបណ្ឌិតអ៊ុកស៊ូ ប៉ាក់ ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ ក៏បានធ្វើបទបង្ហាញអំពីការហ្វឹកហ្វឺនសតិដល់យុវជន។ ដោយមើលឃើញថា វិទ្យាស្ថានប៊ែលធីអន្តរជាតិមានកម្មវិធីសិក្សាដែលមានលក្ខណៈជាអន្តរជាតិនិងជាគ្រឹះស្ថានអប់រំឯកជនមួយដែលឈានមុខគេនិងល្បីឈ្មោះជាងគេនៅកម្ពុជា ។ តាមរយៈការចុះអនុស្សរណៈក្នុងថ្ងៃនេះ លោកនឹងខិតខំធ្វើយ៉ាងណាឱ្យសិស្ស-និស្សិតប៊ែលធីបានចូលរួមសកម្មភាពនានារបស់អង្គការសម្ព័ន្ធយុវជនអន្តរជាតិ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែល្អប្រសើរថែមទៀត ៕




ចែករំលែកព័តមាននេះ