កងកុំម៉ង់ដូមួយជិះកាណូតកៅស៊ូជាច្រើនគ្រឿងកាលពីយប់ថ្ងៃទី២៧មេសាបានវាយប្រហារកងឯកភាពមួយនៃកងទ័ពស៊ីរីនៅឆ្នេរសមុទ្រមេឌីទែរ៉ាណេ ជិតទីក្រុងLATTA-QUIE ដែលជាការវាយប្រហារប្រភេទនេះលើកដំបូងនៅស៊ីរីចាប់តាំងពីកើតមានការបះបោរប្រឆាំងរបបលោកប្រធានាធិបតីបាចាអាល់អាសាដ ចាប់តាំងពីជាង១៣ខែមកហើយ ។
នៅតំបន់ក្រុងដាម៉ាស់រដ្ឋធានីស៊ីរីការប៉ះទង្គិចគ្នាថ្មីៗបណ្តាលឱ្យមនុស្សស្លាប់១៥នាក់ ទោះបីមានបទឈប់បាញ់គ្នាប្រកាសចាប់តាំងពីជាង២សប្តាហ៍មកហើយក្រោមការជួយជ្រោមជ្រែងរបស់អ.ស.បនិងសម្ព័ន្ធអារ៉ាប់ដែលបទឈប់បាញ់គ្នានោះតែងត្រូវរំលោភបំពាន ។
យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការស៊ីរីSANAថា ទាហានរដ្ឋាភិបាលនិងពួកយុទ្ធជនបះបោរជាច្រើននាក់ត្រូវស្លាប់ក្នុងការប៉ះទង្គិចគ្នានានាក្រោយការវាយប្រហាររបស់កងកុំម៉ង់ដូ នោះនៅជិតទីក្រុងកំពង់ផែ LATTAQUIE ចម្ងាយ៣៥គ.ម ខាងត្បូងព្រំដែនតួកគី ។ក្រុងដាម៉ាស់បានចោទប្រកាន់ប្រទេសតួកគី ជាកន្លែងភៀសខ្លួនរបស់បណ្តាមេដឹកនាំនៃកងទ័ពស៊ីរីសេរីជាអង្គការប្រដាប់អាវុធសំខាន់របស់ពួកឧទ្ទាមថាជាអ្នកជួយផ្គត់ផ្គង់អាវុធនិងមូលនិធិដល់ពួកបះបោរ ។
ចំណែកអាជ្ញាធរលីបង់រាយការណ៍ថា បានចាប់រឹបអូសអាវុធពិសេសកភ្លើងបាញ់គ្រាប់រ៉ុក្កែត និងកាំភ្លើងស្វ័យប្រវត្តិដឹកក្នុងនាវាមួយគ្រឿងក្នុងសមុទ្រមេឌីទែរ៉ាណេ ។ អាវុធទាំងនេះសង្ស័យបញ្ជូនឱ្យដល់ពួកបះបោរស៊ីរី ។ កងទ័ពលីបង់និយាយថាបានចាប់កុងតឺន័រផ្ទុកអាវុធដែលមកពីលីប៊ីហើយដឹកឱ្យពួកបះបោរ។ ចំណែកជនជាតិហុងគ្រី២នាក់ដែលធ្វើការនៅស៊ីរីត្រូវពួកជនប្រដាប់អាវុធចាប់ពង្រត់ ៕
ចែករំលែកព័តមាននេះ