កងទ័ពស៊ូដង់ខាងត្បូងអះអាងកាលពីថ្ងៃទី២៨មេសាថាបានវាយរុញច្រាននាពេលមុននេះនូវការវាយប្រហារមួយរបស់ពួកឧទ្ទាមគាំទ្រដោយស៊ូដង់ជិតខាងក្នុងទីក្រុងម៉ាឡាកាល់ រដ្ឋធានីនៃរដ្ឋ HAUT NIL របស់ស៊ូដង់ខាងត្បូង ។
វរសេនីយ៍ឯកហ្វីលីបអាហ្គូអ័រ អ្នកនាំពាក្យកងទ័ពស៊ូដង់ខាងត្បូង អះអាងប្រាប់ AFP ថា ពួកជីវពលគាំទ្រដោយស៊ូដង់កាលពីថ្ងៃទី២៧ មេសាបានវាយប្រហារលើទីតាំងនានារបស់កងទ័ពស៊ូដង់ខាងត្បូងនៅជុំវិញទីក្រុងម៉ាឡាកាល់ ។ កងទ័ពស៊ូដង់ខាងត្បូងបានវាយរុញច្រានការវាយលុកនោះ ។ វរសេនីយ៍រូបនោះពុំបានផ្តល់តុល្យការនៃការខូចខាតក្នុងការប្រយុទ្ធគ្នាឡើយ ។
អ្នកនាំពាក្យរូបនេះបន្តថា កងទ័ពស៊ូដង់ខាងត្បូងកំពុងតែដេញតាមពួកឧទ្ទាមហើយបានពិនិត្យឃើញនាថ្ងៃទី២៨មេសានូវពួកឧទ្ទាមមួយក្រុមទៀតដែលកំពុងចូលក្នុងដែនដីយើង ។
ចលនាឧទ្ទាមនៃក្រុមកងទ័ពប្រជាធិបតេយ្យស៊ូដង់ខាងត្បូងSSDA អះអាងក្នុងសេចក្តីប្រកាសមួយថាខ្លួនបានបើកធ្វើកាលពីថ្ងៃទី២៧ មេសានូវប្រតិបត្តិការមួយមានឈ្មោះថា បញ្ចប់អំពើពុករលួយ ហើយបានឡោមព័ទ្ធក្រុងម៉ាឡាកាល់ ហើយដណ្តើមត្រួតត្រាសង្កាត់ទាំងឡាយនៃទីក្រុងនោះ ។
កងទ័ពស៊ូដង់ខាងត្បូងនិងស៊ូដង់បានប៉ះទង្គិចគ្នានៅតាមចំណុចព្រំដែនជាច្រើនតាំងពីដំណាច់ខែមីនាមកហើយប្រទេសនីមួយៗបានចោទប្រកាន់គ្នាទៅវិញទៅមកថាជួយទ្រទ្រង់ដល់បណ្តាចលនាឧទ្ទាមលើដែននដីនៃប្រទេសជិតខាងខ្លួនទោះបីជាមានការអំពាវនាវផ្ទួនៗរបស់សគមន៍អន្តរជាតិឱ្យបញ្ចប់ការគាំទ្របែបនេះក៏ដោយ ៕
ចែករំលែកព័តមាននេះ