ខេត្តកំពង់ចាម ៖ ក្នុងដំណើរចុះបំពេញការងារពិនិត្យស្ថានភាពជីវភាពរស់នៅ និងដំណើរការអភិវឌ្ឍន៍មូលដ្ឋានភូមិ ឃុំក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម លោកហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យ និងសាកសួរសុខទុក្ខប្រជាពលរដ្ឋកំពុងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចេតជោហ៊ុន សែន និងលោកជំទាវជាសម្ភារ និងថ្នាំពេទ្យទៅឧបត្ថម្ភ និងចែកជូនផ្ទាល់ដល់អ្នកជំងឺកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ មេសា ២០១២ ។
គ្រូពេទ្យប្រចាំការនៅទីនោះ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមានចំនួន៣៥នាក់ សុទ្ធសឹងមានជំងឺគ្រុនឈាម គ្រុនក្តៅ រាកមួល និងជំងឺផ្សេងៗទៀត ។ ក្នុងនាមគ្រូពេទ្យ និងប្រជាពលរដ្ឋមានជំងឺទាំងអស់ លោកប្រធានមន្ទីរពេទ្យបានសម្តែងការរីករាយថ្លែងអំណរគុណ និងការដឹងគុណជ្រាលជ្រៅបំផុតដល់សម្តេចតេជោហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈលោកហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់ ដែលលោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាប្រចាំ ព្រមទាំងបានឧបត្ថមអំណោយជាបន្តបន្ទាប់ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ។
អំណោយជាថ្នាំពេទ្យដែលនាំយកទៅឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែកស្រុកសម្រាប់ទុកព្យាបាលជូនប្រជាពលរដ្ឋនាឱកាសនោះមានចំនួន៤មុខ សរុបចំនួន៥កេសធំ ក្នុងនោះមាន ថ្នាំបំបាត់ក្តៅ ថ្នាំបំបាត់រាក និងថ្នាំគ្រុនចាញ់ ។ ដោយឡែកអំណោយដែលចែកជូនអ្នកជំងឺកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន៣៥នាក់ ក្នុងម្នាក់ៗទទួលបានឃីត១កញ្ចប់ ក្នុងនោះមានសារុង ភួយ មី ទឹកដោះគោ ត្រីខ ស្ករស និងថវិកាចំនួន២ម៉ឺនរៀល ។
លោកហាស់ វ៉ារី បាននាំប្រសាសន៍សាកសួរសុខទុក្ខ និងសម្តែងការចូលរួមរំលែកនូវការលំបាកជាមួយប្រជាពលរដ្ឋពីសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតផ្ញើជូនបងប្អូនទាំងអស់ និងសូមជូនពរឱ្យឆាប់ជាសះស្បើយបានវិលទៅលំនៅឋាន និងចាប់ផ្តើមប្រកបការងារជាធម្មតាវិញ ។ ពិសេសសូមឱ្យបងប្អូនរស់នៅមានអនាម័យតាមរយៈការផឹកទឹកស្អាត ហូបស្អាត រស់នៅស្អាត ។
លោកបានសំណូមពរដល់គ្រូពេទ្យសូមយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ ដែលនេះគឺជាសកម្មភាពមួយរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីលើកស្ទួយជីវភាពរស់នៅក៏ដូចជាកាត់បន្ថយបាននូវភាពក្រីក្ររបស់ប្រជាជនផងដែរ ៕
ចែករំលែកព័តមាននេះ