ប្រមុខការទូតសហភាពអឺរ៉ុបលោកស្រីកាតឺវីន អាស្តុន បានអញ្ជើញមកដល់ទីក្រុងរ៉ង់ហ្គូនកាលពីថ្ងៃទី២៨មេសាដើម្បីបើកទំព័រថ្មីមួយនៃទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងភូមា ក្រោយការសម្រាលទណ្ឌកម្មរបស់សហភាពអឺរ៉ុប ។
នេះគឺជាទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់អ្នកទទួលខុសត្រូវម្នាក់នៃសហភាពអឺរ៉ុប ចាប់តាំងពីរបបយោធោធ្វើការកែទម្រង់ប្រជាធិបតេយ្យដែលអាចជាពិសេសឱ្យមេដឹកនាំប្រឆាំងលោកស្រីអ៊ួងសាន់ស៊ូជី បានចូលក្នុងសភា ។ ការសម្រាលទណ្ឌកម្មសំដៅសម្រួលដល់ជំនួយនិងវិនិយោគអន្តរជាតិក្នុងប្រទេសដែលបិទជិតជាងគេមួយក្នុងចំណោមប្រទេសដែលបិទជិតទាំងឡាយនៃពិភពលោក ដើម្បីលើកទឹកចិត្តឱ្យបណ្តាមេដឹកនាំភូមាបន្តនយោបាយបើកចំហរបស់ខ្លួន ។
ក្នុងឱកាសនៃសន្និសីទសារព័ត៌មានមួយនៅអែបជាមួយលោកស្រីអ៊ួងសាន់ស៊ូជី លោកស្រីអាស្តុន មានប្រសាសន៍ថា យើងដឹងថានេះជាដំណើរការមួយដែលនៅពុំទាន់បញ្ចប់នៅឡើយ។ បណ្តាសហគ្រាសនៅពុំទាន់ធ្វើការសម្រេចចិត្តនៅឡើយនាពេលនេះ ដោយពួកគេនឹងពិនិត្យពីសក្តានុពល នៃការវិនិយោគ និងបណ្តាកាលានុវត្តភាព ហើយប្រការនេះត្រូវធ្វើដោយសមស្រប
បំផុតរួចខ្ញុំសង្ឃឹមថាយើងនឹងឃើញអ្វីៗត្រូវបានបង្កើតឡើង ដើម្បីឱ្យក្លាយទៅជាដំណើរការដែលមិនអាចប្រែក្រឡាស់បានហើយវានឹងបន្តទៀត ។
សហភាពអឺរ៉ុបនិយាយថា ខ្លួនត្រៀមដាក់ទណ្ឌកម្មឡើងវិញប្រសិនបើដំណើរការនយោបាយពុំមានការជឿនលឿនទៅមុខ។ ក្នុងសេចក្តីប្រកាសមួយមុនចាកចេញពីទីក្រុងរ៉ង់ហ្គូនលោកស្រីអាស្តុនថ្លែងថា គេត្រូវឱ្យប្រាកដដែលការកែទម្រង់ទាំងឡាយបន្តទៀត។ យើងចង់ឃើញការរីកចម្រើននានាថែមទៀត។
លោកស្រីអាស្តុនបានចូលរួមក្នុងពិធីបើកសម្ពោធការិយាល័យមួយរបស់សហភាពអឺរ៉ុបនៅក្រុងរ៉ង់ហ្គូននាថ្ងៃទី២៨ មេសា មុនពេលទៅកាន់រដ្ឋធានីភូមាទីក្រុងណៃពិដោ ដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតី ថេនសេន ។ទោះបីជាការវិនិយោគនៅភូមានៅត្រូវគេយល់ថាអាចប្រថុយប្រថានខ្លាំងនៅឡើយក្តី តែប្រទេសនេះមានធនធានធម្មជាតិច្រើនដូចជា ប្រេងកាត ឧស្ម័ន ត្បូងថ្ម មានតម្លៃនិងមានសក្តានុពលទេសចរណ៍ខ្ពស់ហើយត្រូវការជាបន្ទាន់ខាងហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មហិរញ្ញវត្ថុ ទូរគមនាគមន៍ឬសណ្ឋាគារ ៕
ចែករំលែកព័តមាននេះ